លោកុប្បត្តិ 13:5-18
លោកុប្បត្តិ 13:5-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯឡុតដែលទៅជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងជំរំជាច្រើនដែរ តែស្រុកនោះមិនល្មមឲ្យលោកទាំងពីរនៅជាមួយគ្នាបានទេ ព្រោះពួកលោកមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាពួកលោកមិនអាចរស់នៅជាមួយគ្នាបាន មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។ លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។ តើស្រុកនេះទាំងមូលមិននៅចំពោះមុខក្មួយទេឬ? ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយរើសយកខាងឆ្វេង នោះអ៊ំនឹងទៅខាងស្តាំ ឬបើក្មួយរើសយកខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ ឡុតក៏ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បាររបស់ព្រះយេហូវ៉ា ដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ដូច្នេះ ឡុតក៏ជ្រើសរើសយកវាលទន្លេយ័រដាន់ទាំងមូលសម្រាប់ខ្លួនគាត់ រួចឡុតចេញដំណើរទៅទិសខាងកើត។ ពួកលោកទាំងពីរបានបែកពីគ្នាតាមរបៀបនេះឯង។ លោកអាប់រ៉ាមតាំងទីលំនៅនៅក្នុងស្រុកកាណាន រីឯឡុតវិញ តាំងទីលំនៅនៅក្នុងទីក្រុងនៅស្រុកវាលនោះ ហើយលោកក៏ផ្លាស់ជំរំទៅត្រឹមសូដុម។ រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។ ក្រោយពេលដែលឡុតបែកចេញទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខឡើងឥឡូវ ហើយមើលពីកន្លែងដែលអ្នកនៅ ឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទៅទិសខាងកើត និងទិសខាងលិចទៅ! ដ្បិតស្រុកទាំងប៉ុន្មានដែលអ្នកមើលឃើញ យើងនឹងប្រគល់ឲ្យអ្នក និងដល់ពូជពង្សរបស់អ្នករហូតតទៅ។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានចំនួនច្រើនដូចធូលីដី ហើយគ្មានអ្នកណាអាចរាប់ធូលីដីបានយ៉ាងណា នោះគេក៏មិនអាចរាប់ពូជពង្សរបស់អ្នកបានយ៉ាងនោះដែរ។ ចូរក្រោកឡើង ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ លោកអាប់រ៉ាមក៏រើជំរំ ទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុន ហើយលោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ។
លោកុប្បត្តិ 13:5-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកឡុតដែលមកជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ ស្រុកនោះពុំមានលទ្ធភាពឲ្យលោកទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតលោកទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។ ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអាប់រ៉ាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។ លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់លោកឡុតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្ដាំ ហើយបើក្មួយទៅខាងស្ដាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណាន រីឯលោកឡុតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។ អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។ ក្រោយពេលលោកឡុតបែកចេញពីលោកអាប់រ៉ាមទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ! ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។ ចូរក្រោកឡើង ដើរឲ្យសព្វទីកន្លែងក្នុងស្រុកនេះទៅ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ លោកអាប់រ៉ាមរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះ លោកបានសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។
លោកុប្បត្តិ 13:5-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯឡុតដែលទៅជាមួយនឹងអាប់រ៉ាម គាត់ក៏មានហ្វូងចៀម ហ្វូងគោ នឹងត្រសាលជាច្រើនដែរ តែស្រុកនោះមិនល្មមនឹងចិញ្ចឹមគេឲ្យនៅជាមួយគ្នាបានទេ ពីព្រោះគេមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាគេនៅជាមួយគ្នាពុំបាន មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម នឹងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ នោះអាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯងនឹងពួកគង្វាលរបស់អញមានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងឬអី ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្តាំ ឬបើឯងរើសយកខាងស្តាំ នោះអញនឹងទៅខាងឆ្វេងវិញ ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង ដូច្នេះ ឡុតក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ជារបស់ផងខ្លួន រួចចេញដំណើរដើរទៅខាងកើត គេបានឃ្លាតចេញពីគ្នាដូច្នោះឯង ឯអាប់រ៉ាមគាត់តាំងទីលំនៅនៅក្នុងស្រុកកាណានវិញ តែឡុតគាត់ស្នាក់នៅអស់ទាំងទីក្រុងនៅស្រុកវាលនោះ ហើយក៏ផ្លាស់ត្រសាលគាត់ទៅត្រឹមសូដុំម រីឯពួកក្រុងសូដុំម គេជាមនុស្សអាក្រក់ ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹក។ គ្រាក្រោយដែលឡុតបានឃ្លាតចេញទៅ នោះព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើង ខាងត្បូង ខាងកើត ហើយខាងលិចចុះ ដ្បិតស្រុកទាំងប៉ុន្មានដែលឯងមើលឃើញ នោះអញនឹងឲ្យដល់ឯង នឹងពូជឯងជាដរាបតទៅ អញនឹងធ្វើឲ្យពូជឯងបានចំរើនឡើងដូចជាធូលីដី បានជាបើអ្នកណាអាចនឹងរាប់ធូលីដីបាន នោះនឹងរាប់ពូជឯងបានដែរ ចូរឯងក្រោក ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ នឹងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ អាប់រ៉ាមក៏រើត្រសាលទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុនវិញ ហើយគាត់ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ។