លោកុប្បត្តិ 13:14-18

លោកុប្បត្តិ 13:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពេល​ដែល​ឡុត​បែកចេញ​ទៅ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ងើប​មុខ​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ! ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​អ្នក​មើល​ឃើញ យើង​នឹងប្រគល់​ឲ្យ​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នកមាន​ចំនួន​ច្រើន​ដូច​ធូលី​ដី ហើយ​គ្មាន​អ្នក​ណា​អាច​រាប់​ធូលី​ដី​បាន​យ៉ាង​ណា នោះ​គេ​ក៏​មិន​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​យ៉ាង​នោះ​ដែរ។ ចូរ​ក្រោក​ឡើង ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្តោយ និង​ទទឹង​ចុះ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។ លោក​អាប់‌រ៉ាម​ក៏​រើ​ជំរំ ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន ហើយ​លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

លោកុប្បត្តិ 13:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពេល​លោក​ឡុត​បែក​ចេញ​ពី​លោក​អាប់រ៉ាម​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ងើប​មុខ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ​នោះ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ! ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល​ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​ត​ទៅ។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។ ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។ លោក​អាប់រ៉ាម​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេ‌ប្រុន។ នៅ​ទី​នោះ លោក​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។

លោកុប្បត្តិ 13:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​ក្រោយ​ដែល​ឡុត​បាន​ឃ្លាត​ចេញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ឯង​នោះ ទៅ​ខាង​ជើង ខាង​ត្បូង ខាង​កើត ហើយ​ខាង​លិច​ចុះ ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ឯង​មើល​ឃើញ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង នឹង​ពូជ​ឯង​ជា​ដរាប​ត​ទៅ អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចំរើន​ឡើង​ដូច​ជា​ធូលី​ដី បាន​ជា​បើ​អ្នក​ណា​អាច​នឹង​រាប់​ធូលី​ដី​បាន នោះ​នឹង​រាប់​ពូជ​ឯង​បាន​ដែរ ចូរ​ឯង​ក្រោក ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្តោយ នឹង​ទទឹង​ចុះ ដ្បិត​អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ អាប់រ៉ាម​ក៏​រើ​ត្រសាល​ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន​វិញ ហើយ​គាត់​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។