លោកុប្បត្តិ 13:1-13

លោកុប្បត្តិ 13:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ឯ​តំបន់​ណេកិប​ជា‌មួយ​ប្រពន្ធ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។ លោក​បន្ត​ដំណើរ​ពី​តំបន់​ណេកិប រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​លោក​បាន​បោះ​ជំរំ​កាល​ពី​ដំបូង គឺ​នៅ​ចន្លោះ​បេត-អែល និង​ក្រុង​អៃយ គឺទៅ​កន្លែង​ដែល​លោក​បាន​សង់​អាស‌នា​កាល​ពី​មុន រួច​នៅ​ទី​នោះ លោក​អាប់‌រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។ ឯ​ឡុត​ដែល​ទៅ​ជា‌មួយលោក​អាប់‌រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​ជំរំ​ជា​ច្រើន​ដែរ តែ​ស្រុក​នោះ​មិន​ល្មម​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា‌មួយ​គ្នា​បាន​ទេ ព្រោះ​ពួក​លោក​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​ពួក​លោក​មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន មួយ​ទៀត ពួក​គង្វាល​របស់​លោក​អាប់‌រ៉ាម និង​ពួក​គង្វាល​របស់​ឡុត ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា។ នៅ​ពេល​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីតក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ លោក​អាប់‌រ៉ាម​មាន​ប្រសាសន៍​ទៅកាន់​ឡុត​ថា៖ «សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ក្មួយ និង​អ៊ំ ហើយ​រវាង​ពួក​គង្វាល​របស់​ក្មួយ​នឹង​ពួក​គង្វាល​របស់​អ៊ំ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។ តើ​ស្រុក​នេះ​ទាំង​មូល​មិន​នៅ​ចំពោះ​មុខក្មួយ​ទេ​ឬ? ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​រើស​យក​ខាង​ឆ្វេង នោះ​អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ក្មួយ​រើស​យក​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។ ឡុត​ក៏​ងើប​មុខ​មើល​ទៅ ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំងមូល មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង ដូច​សួន‌ច្បារ​របស់​ព្រះ‌យេហូវ៉ា ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ។ នេះ​មុន​ពេល​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ក្រុង​សូដុម និងក្រុង​កូម៉ូរ៉ា។ ដូច្នេះ ឡុត​ក៏​ជ្រើស​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​មូលសម្រាប់​ខ្លួនគាត់ រួចឡុត​ចេញ​ដំណើរ​ទៅ​ទិស​ខាង​កើត។ ពួក​លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នាតាម​របៀប​នេះ​ឯង។ លោក​អាប់‌រ៉ាម​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន រីឯ​ឡុត​វិញ តាំងទីលំនៅ​នៅ​ក្នុង​ទី​ក្រុង​នៅ​ស្រុក​វាល​នោះ ហើយ​លោក​ក៏​ផ្លាស់​ជំរំ​ទៅ​ត្រឹម​សូដុម។ រីឯ​ប្រជាជន​ក្រុង​សូដុម​សុទ្ធ​តែ​អាក្រក់ ជា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទាស់​នឹង​ព្រះ‌យេហូវ៉ា។

លោកុប្បត្តិ 13:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អាប់រ៉ាម​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប​ជា​មួយ​ភរិយា និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ លោក​ឡុត​ក៏​មក​ជា​មួយ​ដែរ។ លោក​អាប់រ៉ាម​មាន​ហ្វូង​សត្វ និង​មាន​មាស​ប្រាក់​ជា​ច្រើន។ លោក​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដំណាក់ ពី​តំបន់​ណេកិប​រហូត​ទៅ​ដល់​បេត‌អែល ជា​កន្លែង​ដែល​លោក​ធ្លាប់​បោះ​ជំរំ​កាល​ពី​ដំបូង នៅ​ចន្លោះ​បេត‌អែល និង​ក្រុង​អៃ គឺ​នៅ​កន្លែង​ដែល​លោក​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ លោក​ក៏​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។ លោក​ឡុត​ដែល​មក​ជា​មួយ​លោក​អាប់រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។ ស្រុក​នោះ​ពុំ​មាន​លទ្ធ‌ភាព​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​លោក​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។ ពេល​នោះ ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​អាប់រ៉ាម និង​ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​ឡុត កើត​វិវាទ​នឹង​គ្នា។ រីឯ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ លោក​អាប់រ៉ាម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡុត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹង​គ្នា។ មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្ដាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្ដាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។ លោក​ឡុត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែលព្រះ‌អម្ចាស់​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។ លោក​ឡុត​ជ្រើស‌រើស​យក​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល​សម្រាប់​គាត់ ហើយ​ក៏​ចេញ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នា តាម​របៀប​នេះ​ឯង។ លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន រីឯ​លោក​ឡុត​រស់​នៅ​តាម​ទីក្រុង​នានា​ក្នុង​តំបន់​នោះ ហើយ​បោះ​ជំរំ​នៅ​ក្បែរ​ក្រុង​សូដុម។ អ្នក​ក្រុង​សូដុម​សុទ្ធ​តែ​ជា​ជន​ពាល ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

លោកុប្បត្តិ 13:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អាប់រ៉ាម​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ឯ​ស្រុក​ត្បូង ព្រម​ទាំង​ប្រពន្ធ នឹង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ហើយ​ឡុត​ដែរ អាប់រ៉ាម​គាត់​មាន​ហ្វូង​សត្វ ហើយ​ប្រាក់​មាស​ជា​ច្រើន​ណាស់ គាត់​ដើរ​ដំណើរ​ពី​ស្រុក​ត្បូង រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​គាត់​បាន​ដំឡើង​ត្រសាល​កាល​ពី​ដើម គឺ​នៅ​កណ្តាល​បេត-អែល​នឹង​អៃយ ជា​កន្លែង​ដែល​គាត់​បាន​ស្អាង​អាសនា​កាល​ជាន់​មុន រួច​នៅ​ទី​នោះ​អាប់រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។ ឯ​ឡុត​ដែល​ទៅ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​ត្រសាល​ជា​ច្រើន​ដែរ តែ​ស្រុក​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា​បាន​ទេ ពី​ព្រោះ​គេ​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​នៅ​ជា​មួយ​គ្នា​ពុំ​បាន មួយ​ទៀត ពួក​គង្វាល​របស់​អាប់រ៉ាម នឹង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែ​ប្រឈ្លោះ​គ្នា នៅ​វេលា​នោះ ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា សូម​កុំ​ឲ្យ​ឯង​ហើយ​នឹង​អញ ឬ​ពួក​គង្វាល​របស់​ឯង​នឹង​ពួក​គង្វាល​របស់​អញ​មាន​រឿង​ទាស់‌ទែង​គ្នា​ឡើយ ដ្បិត​យើង​ជា​បង​ប្អូន​នឹង​គ្នា ស្រុក​ទាំង​មូល​នេះ តើ​មិន​មែន​នៅ​មុខ​ឯង​ឬ​អី ដូច្នេះ សូម​ឲ្យ​ឯង​ញែក​បែក​ចេញ​ពី​អញ​ទៅ បើ​ឯង​រើស​យក​ខាង​ឆ្វេង នោះ​អញ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ឯង​រើស​យក​ខាង​ស្តាំ នោះ​អញ​នឹង​ទៅ​ខាង​ឆ្វេង​វិញ ឡុត​ក៏​ងើប​ភ្នែក​មើល​ទៅ​ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ថា​ជា​ស្រុក​មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង មុន​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​សូដុំម នឹង​កូម៉ូរ៉ា គឺ​ដូច​ជា​សួន‌ច្បារ​ផង​ព្រះ‌យេហូវ៉ា ហើយ​ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ​ផង ដូច្នេះ ឡុត​ក៏​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​អស់​ជា​របស់​ផង​ខ្លួន រួច​ចេញ​ដំណើរ​ដើរ​ទៅ​ខាង​កើត គេ​បាន​ឃ្លាត​ចេញ​ពី​គ្នា​ដូច្នោះ​ឯង ឯ​អាប់រ៉ាម​គាត់​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន​វិញ តែ​ឡុត​គាត់​ស្នាក់​នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល​នោះ ហើយ​ក៏​ផ្លាស់​ត្រសាល​គាត់​ទៅ​ត្រឹម​សូដុំម រីឯ​ពួក​ក្រុង​សូដុំម គេ​ជា​មនុស្ស​អាក្រក់ ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​យ៉ាង​សន្ធឹក។