លោកុប្បត្តិ 12:4-8

លោកុប្បត្តិ 12:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ កាល​អាប់‌រ៉ាម​ចេញ​ពី​ស្រុក​ខារ៉ាន​ទៅ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។ លោក​អាប់‌រ៉ាម​ក៏​យក​លោក​ស្រី​សារ៉ាយ​ជា​ប្រពន្ធ និង​ឡុត​ជា​ក្មួយ ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​មនុស្ស​ដែល​ពួក​លោក​ទិញ​បាន​នៅ​ស្រុក​ខារ៉ាន ទៅ​ជា‌មួយដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​កាណាន​ហើយ លោក​អាប់‌រ៉ាម​បាន​ដើរ​កាត់​ស្រុក​នោះ រហូត​ដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ូរេ។ នៅ​គ្រា​នោះ សាសន៍​កាណាន​រស់​នៅ​ក្នុង​ស្រុក​នោះ។ ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់‌រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក»។ ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​បាន​លេច​មក​ឲ្យលោក​ឃើញ។ លោក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល រួច​ក៏​បោះ​ជំរំ​នៅ​ចន្លោះ​បេត-អែល ដែល​នៅ​ខាង​លិច និងក្រុង​អៃយ​ដែល​នៅ​ខាង​កើត។ លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

លោកុប្បត្តិ 12:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អាប់រ៉ាម​ក៏​ចេញ​ដំណើរ​ទៅ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ឡុត​ក៏​ទៅ​ជា​មួយ​លោក​ដែរ។ នៅ​ពេល​លោក​អាប់រ៉ាម​ចាក​ចេញ​ពី​ស្រុក​ហារ៉ាន​ទៅ​នោះ លោក​មាន​អាយុ​ចិត‌សិប​ប្រាំ​ឆ្នាំ។ លោក​បាន​នាំ​លោក​ស្រី​សារ៉ាយ​ជា​ភរិយា និង​លោក​ឡុត​ជា​ក្មួយ​ទៅ​ជា​មួយ។ លោក​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​អ្នក​បម្រើ​ដែល​ពួក​លោក​ទិញ​បាន នៅ​ស្រុក​ហារ៉ាន​ទៅ​ជា​មួយ​ដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ លោក​អាប់រ៉ាម​ដើរ​កាត់​ស្រុក​កាណាន​រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន‌ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។ ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ លោក​អាប់រ៉ាម​បាន​សង់​អាសនៈ​មួយ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដែល​បាន​យាង​មក​ឲ្យ​លោក​ឃើញ។ បន្ទាប់​មក លោក​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេត‌អែល លោក​បោះ​ជំរំ​នៅ​ចន្លោះ​បេត‌អែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ លោក​បាន​សង់​អាសនៈ​មួយ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ហើយ​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់។

លោកុប្បត្តិ 12:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អាប់រ៉ាម​ក៏​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឡុត​ក៏​ទៅ​ជា​មួយ​ដែរ កាល​អាប់រ៉ាម​ចេញ​ពី​ខារ៉ាន​ទៅ នោះ​គាត់​អាយុ​បាន​៧៥​ឆ្នាំ​ហើយ ក៏​យក​សារ៉ាយ​ជា​ប្រពន្ធ នឹង​ឡុត​ជា​ក្មួយ ព្រម​ទាំង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​បាន​ប្រមូល​ទុក នឹង​មនុស្ស​ទាំង​អស់​ដែល​បាន កាល​នៅ​ខារ៉ាន​ផង នាំ​គ្នា​ចេញ​ពី​ទី​នោះ ដើម្បី​ទៅ​ឯ​ស្រុក​កាណាន ក៏​ចូល​ទៅ​ក្នុង​ស្រុក​នោះ។ អាប់រ៉ាម គាត់​ដើរ​កាត់​ស្រុក​ទៅ​ត្រឹម​ដើម​ម៉ៃសាក់​របស់​ម៉ូរេ​នៅ​កន្លែង​១​ឈ្មោះ​ស៊ីគែម ដែល​នៅ​វេលា​នោះ សាសន៍​កាណាន​នៅ​ស្រុក​នោះ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឲ្យ​អាប់រ៉ាម​ឃើញ ហើយ​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង រួច​នៅ​ទី​នោះ​គាត់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លេច​មក​ឲ្យ​ឃើញ​នោះ គាត់​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល ក៏​ដំឡើង​ត្រសាល​នៅ​ឯ​ណោះ មាន​បេត-អែល​នៅ​ជា​ខាង​លិច នឹង​អៃយ​នៅ​ខាង​កើត ហើយ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ រួច​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា