លោកុប្បត្តិ 12:13-20
លោកុប្បត្តិ 12:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អូនត្រូវប្រាប់គេថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេបានប្រព្រឹត្តល្អជាមួយបងដោយព្រោះអូន ហើយឲ្យបងបានរួចជីវិត ដោយសារអូនផង»។ កាលលោកអាប់រ៉ាមចូលទៅក្នុងស្រុកអេស៊ីព្ទ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធរបស់លោកមានរូបសម្រស់ស្អាតណាស់។ កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។ ស្ដេចក៏ប្រព្រឹត្តល្អចំពោះលោកអាប់រ៉ាម ដោយព្រោះប្រពន្ធរបស់លោក ហើយលោកបានហ្វូងចៀម ហ្វូងគោ លាឈ្មោល បាវបម្រើប្រុសស្រី លាញី និងអូដ្ឋទៀតផង។ ប៉ុន្ដែ ព្រះយេហូវ៉ាបានធ្វើឲ្យផារ៉ោន និងពួករាជដំណាក់ ជួបនឹងគ្រោះកាចជាខ្លាំង ព្រោះតែលោកស្រីសារ៉ាយ ជាប្រពន្ធរបស់លោកអាប់រ៉ាម។ ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក? ម្តេចក៏អ្នកថាជាប្អូន ហើយទុកឱកាសឲ្យយើងបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ? នេះនែប្រពន្ធរបស់អ្នក ឥឡូវនេះ ចូរយកនាងចេញពីទីនេះទៅ!»។ ផារ៉ោនក៏បញ្ជាពួករាជបម្រើ ឲ្យគេបញ្ជូនលោកចេញទៅជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមានទៅជាមួយផង។
លោកុប្បត្តិ 12:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។ កាលលោកអាប់រ៉ាមទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់លោកមានរូបស្អាតណាស់។ ពួកមន្ត្រីរបស់ព្រះចៅផារ៉ោនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទូលព្រះចៅផារ៉ោន។ គេក៏នាំលោកស្រីសារ៉ាយចូលទៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ រីឯលោកអាប់រ៉ាមវិញ គេរាប់រកលោកដោយមេត្រី ព្រោះតែភរិយារបស់លោក។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនលោកអាប់រ៉ាម។ ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះចៅផារ៉ោន និងព្រះញាតិវង្ស ជួបនឹងគ្រោះកាចដ៏សែនវេទនា ព្រោះតែលោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម។ ពេលនោះ ព្រះចៅផារ៉ោនកោះហៅលោកអាប់រ៉ាមមកមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក? ហេតុអ្វីបានជាអ្នកថានាងជាប្អូនទៅវិញ បណ្ដាលឲ្យយើងយកនាងមកធ្វើជាមហេសីរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។ ព្រះចៅផារ៉ោនបញ្ជារាជបម្រើឲ្យបើកផ្លូវដល់លោកអាប់រ៉ាម ចាកចេញទៅជាមួយភរិយារបស់លោក ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់លោកទៅជាមួយផង។
លោកុប្បត្តិ 12:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរឯងប្រាប់គេថា ឯងជាប្អូនអញទេ ដើម្បីឲ្យគេបានប្រព្រឹត្តល្អនឹងអញដោយព្រោះឯង ហើយឲ្យអញមានជីវិតរស់នៅដោយសារឯងផង។ កាលអាប់រ៉ាមបានចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធគាត់មានរូបស្រស់ល្អមែន ចំណែកពួកនាម៉ឺនរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយគេសរសើរពីនាងនៅចំពោះទ្រង់ រួចនាំទៅនៅឯព្រះរាជដំណាក់ទៅ ទ្រង់ក៏ប្រព្រឹត្តល្អនឹងអាប់រ៉ាមដោយព្រោះនាង ហើយគាត់បានហ្វូងចៀម ហ្វូងគោ នឹងលាឈ្មោល លាញី ហើយនឹងអូដ្ឋ ព្រមទាំងបាវប្រុសបាវស្រីផង តែព្រះយេហូវ៉ាទ្រង់ធ្វើឲ្យផារ៉ោន នឹងអស់ពួកព្រះរាជដំណាក់កើតមានសេចក្ដីវេទនាជាខ្លាំង ដោយព្រោះសារ៉ាយជាប្រពន្ធរបស់អាប់រ៉ាម រួចផារ៉ោនទ្រង់ហៅអាប់រ៉ាមមកសួរថា តើឯងបានធ្វើអ្វីដល់អញដូច្នេះ ហេតុអ្វីបានជាឯងមិនបានប្រាប់អញដោយត្រង់ថា នាងជាប្រពន្ធឯង ម្តេចក៏ឯងថាជាប្អូនវិញ ដើម្បីបើកឱកាសឲ្យអញបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ នេះនែប្រពន្ធឯងហើយ ចូរយកនាងទៅវិញឥឡូវ ហើយចេញទៅចុះ ផារ៉ោនក៏បង្គាប់ដល់ពួកទ្រង់ពីដំណើរគាត់ ហើយគេបញ្ជូនគាត់ ព្រមទាំងប្រពន្ធ នឹងរបស់ទ្រព្យគាត់ទាំងអស់ឲ្យចេញទៅ។