លោកុប្បត្តិ 12:1-20
លោកុប្បត្តិ 12:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុករបស់អ្នក ទៅឯស្រុកដែលយើងនឹងបង្ហាញអ្នក ។ យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។ ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។ លោកអាប់រ៉ាមក៏យកលោកស្រីសារ៉ាយជាប្រពន្ធ និងឡុតជាក្មួយ ព្រមទាំងយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលពួកលោករកបាន ព្រមទាំងមនុស្សដែលពួកលោកទិញបាននៅស្រុកខារ៉ាន ទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ កាលបានមកដល់ស្រុកកាណានហើយ លោកអាប់រ៉ាមបានដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមម៉ៃសាក់របស់ម៉ូរេ។ នៅគ្រានោះ សាសន៍កាណានរស់នៅក្នុងស្រុកនោះ។ ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។ លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។ បន្ទាប់មក លោកអាប់រ៉ាមក៏ចេះតែបន្តដំណើរឆ្ពោះទៅតំបន់ណេកិបទៀត។ នៅគ្រានោះ ស្រុកកើតមានអំណត់ ហើយលោកអាប់រ៉ាមចុះទៅសំណាក់នៅស្រុកអេស៊ីព្ទ ដ្បិតនៅស្រុកកាណានកើតមានអំណត់ខ្លាំងណាស់។ កាលលោកហៀបនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាប្រពន្ធថា៖ «មើល៍! បងដឹងថា អូនជាស្ត្រីម្នាក់ដែលមានរូបស្រស់ស្អាត ហើយពេលពួកសាសន៍អេស៊ីព្ទឃើញអូន នោះគេមុខជាពោលថា "នាងនេះជាប្រពន្ធរបស់គាត់"។ ពេលនោះ គេនឹងសម្លាប់បង ហើយទុកអូនឲ្យរស់នៅ។ ដូច្នេះ អូនត្រូវប្រាប់គេថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេបានប្រព្រឹត្តល្អជាមួយបងដោយព្រោះអូន ហើយឲ្យបងបានរួចជីវិត ដោយសារអូនផង»។ កាលលោកអាប់រ៉ាមចូលទៅក្នុងស្រុកអេស៊ីព្ទ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធរបស់លោកមានរូបសម្រស់ស្អាតណាស់។ កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។ ស្ដេចក៏ប្រព្រឹត្តល្អចំពោះលោកអាប់រ៉ាម ដោយព្រោះប្រពន្ធរបស់លោក ហើយលោកបានហ្វូងចៀម ហ្វូងគោ លាឈ្មោល បាវបម្រើប្រុសស្រី លាញី និងអូដ្ឋទៀតផង។ ប៉ុន្ដែ ព្រះយេហូវ៉ាបានធ្វើឲ្យផារ៉ោន និងពួករាជដំណាក់ ជួបនឹងគ្រោះកាចជាខ្លាំង ព្រោះតែលោកស្រីសារ៉ាយ ជាប្រពន្ធរបស់លោកអាប់រ៉ាម។ ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក? ម្តេចក៏អ្នកថាជាប្អូន ហើយទុកឱកាសឲ្យយើងបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ? នេះនែប្រពន្ធរបស់អ្នក ឥឡូវនេះ ចូរយកនាងចេញពីទីនេះទៅ!»។ ផារ៉ោនក៏បញ្ជាពួករាជបម្រើ ឲ្យគេបញ្ជូនលោកចេញទៅជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមានទៅជាមួយផង។
លោកុប្បត្តិ 12:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចាកចេញពីស្រុករបស់អ្នក ចាកចេញពីញាតិសន្ដាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក។ យើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចុះ!។ យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្ដាសា ដល់ជនទាំងឡាយណា ដែលដាក់បណ្ដាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក»។ លោកអាប់រ៉ាមក៏ចេញដំណើរទៅ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ទៅជាមួយលោកដែរ។ នៅពេលលោកអាប់រ៉ាមចាកចេញពីស្រុកហារ៉ានទៅនោះ លោកមានអាយុចិតសិបប្រាំឆ្នាំ។ លោកបាននាំលោកស្រីសារ៉ាយជាភរិយា និងលោកឡុតជាក្មួយទៅជាមួយ។ លោកក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកលោករកបាន ព្រមទាំងអ្នកបម្រើដែលពួកលោកទិញបាន នៅស្រុកហារ៉ានទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ លោកអាប់រ៉ាមដើរកាត់ស្រុកកាណានរហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់លោកតាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។ ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។ បន្ទាប់មក លោកចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល លោកបោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ លោកបានសង់អាសនៈមួយសម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ហើយគោរពបម្រើព្រះនាមព្រះអម្ចាស់។ លោកបន្តដំណើរពីកន្លែងមួយ ទៅកន្លែងមួយ ឆ្ពោះទៅកាន់តំបន់ណេកិប។ ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ លោកអាប់រ៉ាមចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។ ពេលទៅដល់ជិតស្រុកអេស៊ីប លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថាអូនមានរូបស្អាតណាស់។ ហេតុនេះ ពេលជនជាតិអេស៊ីបឃើញអូនគេមុខជាពោលថា “នាងនេះជាប្រពន្ធរបស់គាត់!” គេនឹងសម្លាប់បងជាមិនខាន ហើយទុកជីវិតអូនឲ្យនៅរស់។ ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។ កាលលោកអាប់រ៉ាមទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់លោកមានរូបស្អាតណាស់។ ពួកមន្ត្រីរបស់ព្រះចៅផារ៉ោនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទូលព្រះចៅផារ៉ោន។ គេក៏នាំលោកស្រីសារ៉ាយចូលទៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ រីឯលោកអាប់រ៉ាមវិញ គេរាប់រកលោកដោយមេត្រី ព្រោះតែភរិយារបស់លោក។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនលោកអាប់រ៉ាម។ ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះចៅផារ៉ោន និងព្រះញាតិវង្ស ជួបនឹងគ្រោះកាចដ៏សែនវេទនា ព្រោះតែលោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម។ ពេលនោះ ព្រះចៅផារ៉ោនកោះហៅលោកអាប់រ៉ាមមកមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក? ហេតុអ្វីបានជាអ្នកថានាងជាប្អូនទៅវិញ បណ្ដាលឲ្យយើងយកនាងមកធ្វើជាមហេសីរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។ ព្រះចៅផារ៉ោនបញ្ជារាជបម្រើឲ្យបើកផ្លូវដល់លោកអាប់រ៉ាម ចាកចេញទៅជាមួយភរិយារបស់លោក ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់លោកទៅជាមួយផង។
លោកុប្បត្តិ 12:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមថា ចូរឯងចេញពីស្រុក ពីញាតិសន្តាន នឹងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ឡុតក៏ទៅជាមួយដែរ កាលអាប់រ៉ាមចេញពីខារ៉ានទៅ នោះគាត់អាយុបាន៧៥ឆ្នាំហើយ ក៏យកសារ៉ាយជាប្រពន្ធ នឹងឡុតជាក្មួយ ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុក នឹងមនុស្សទាំងអស់ដែលបាន កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ។ អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់របស់ម៉ូរេនៅកន្លែង១ឈ្មោះស៊ីគែម ដែលនៅវេលានោះ សាសន៍កាណាននៅស្រុកនោះដែរ ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា អាប់រ៉ាមក៏ចេះតែដើរដំណើរទៅឯត្បូងទៀត។ នៅស្រុកនោះកើតមានអំណត់អត់ ហើយអាប់រ៉ាមចុះទៅសំណាក់នៅឯស្រុកអេស៊ីព្ទវិញ ដ្បិតអំណត់នៅស្រុកកាណានបានខ្លាំងណាស់ កាលគាត់ជិតចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះគាត់និយាយទៅសារ៉ាយជាប្រពន្ធថា មើល អញដឹងថាឯងជាស្ត្រីមានរូបស្រស់ល្អ កាលណាពួកសាសន៍អេស៊ីព្ទឃើញឯង នោះក្រែងគេនឹងនិយាយពីឯងថាជាប្រពន្ធអញ រួចគេនឹងសំឡាប់អញទៅ ហើយទុកឯងឲ្យរស់នៅវិញ ដូច្នេះ ចូរឯងប្រាប់គេថា ឯងជាប្អូនអញទេ ដើម្បីឲ្យគេបានប្រព្រឹត្តល្អនឹងអញដោយព្រោះឯង ហើយឲ្យអញមានជីវិតរស់នៅដោយសារឯងផង។ កាលអាប់រ៉ាមបានចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធគាត់មានរូបស្រស់ល្អមែន ចំណែកពួកនាម៉ឺនរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយគេសរសើរពីនាងនៅចំពោះទ្រង់ រួចនាំទៅនៅឯព្រះរាជដំណាក់ទៅ ទ្រង់ក៏ប្រព្រឹត្តល្អនឹងអាប់រ៉ាមដោយព្រោះនាង ហើយគាត់បានហ្វូងចៀម ហ្វូងគោ នឹងលាឈ្មោល លាញី ហើយនឹងអូដ្ឋ ព្រមទាំងបាវប្រុសបាវស្រីផង តែព្រះយេហូវ៉ាទ្រង់ធ្វើឲ្យផារ៉ោន នឹងអស់ពួកព្រះរាជដំណាក់កើតមានសេចក្ដីវេទនាជាខ្លាំង ដោយព្រោះសារ៉ាយជាប្រពន្ធរបស់អាប់រ៉ាម រួចផារ៉ោនទ្រង់ហៅអាប់រ៉ាមមកសួរថា តើឯងបានធ្វើអ្វីដល់អញដូច្នេះ ហេតុអ្វីបានជាឯងមិនបានប្រាប់អញដោយត្រង់ថា នាងជាប្រពន្ធឯង ម្តេចក៏ឯងថាជាប្អូនវិញ ដើម្បីបើកឱកាសឲ្យអញបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ នេះនែប្រពន្ធឯងហើយ ចូរយកនាងទៅវិញឥឡូវ ហើយចេញទៅចុះ ផារ៉ោនក៏បង្គាប់ដល់ពួកទ្រង់ពីដំណើរគាត់ ហើយគេបញ្ជូនគាត់ ព្រមទាំងប្រពន្ធ នឹងរបស់ទ្រព្យគាត់ទាំងអស់ឲ្យចេញទៅ។