លោកុប្បត្តិ 11:27-32

លោកុប្បត្តិ 11:27-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​តំណ​វង្ស​របស់​ថេរ៉ា។ ថេរ៉ា​បង្កើត​អាប់‌រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត។ ហារ៉ាន​បាន​ស្លាប់​នៅ​ក្រុង​អ៊ើរ ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់ ក្នុង​កាល​ដែល​ថេរ៉ា​ជា​ឪពុក​នៅ​រស់​នៅ​ឡើយ។ អាប់‌រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់‌រ៉ាម​ឈ្មោះ​នាង​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ជា​ឪពុក​របស់​មីលកា និង​យីសកា។ ឯ​នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​សោះ។ ថេរ៉ា​បាន​យក​អាប់‌រ៉ាម​ជា​កូន និង​ឡុត​ជា​កូន​របស់​ហារ៉ាន ព្រម​ទាំង​នាង​សារ៉ាយ​ជា​កូន​ប្រសាស្រី គឺ​ប្រពន្ធ​របស់​អាប់‌រ៉ាម​កូន​របស់​គាត់ ចេញ​ដំណើរ​ជា‌មួយ​គ្នា​ពី​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​ខារ៉ាន គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ថេរ៉ា​បាន​អាយុ​ពីរ​រយ​ប្រាំ​ឆ្នាំ ហើយ​ថេរ៉ា​ក៏​ស្លាប់​នៅ​ស្រុក​ខា​រ៉ាន​ទៅ។

លោកុប្បត្តិ 11:27-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​លោក​ថេរ៉ា។ លោក​ថេរ៉ា​បង្កើត​លោក​អាប់រ៉ាម លោក​ណាឃរ និង​លោក​ហារ៉ាន។ លោក​ហារ៉ាន​បង្កើត​ឡុត។ លោក​ហារ៉ាន​បាន​ទទួល​មរណ‌ភាព នៅ​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​លោក ក្នុង​ពេល​លោក​ថេរ៉ា​នៅ​រស់​នៅ​ឡើយ។ លោក​អាប់រ៉ាម និង​លោក​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​លោក​អាប់រ៉ាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។ នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។ លោក​ថេរ៉ា​បាន​នាំ​លោក​អាប់រ៉ាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អាប់រ៉ាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។ លោក​ថេរ៉ា​រស់​បាន​ពីរ​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។

លោកុប្បត្តិ 11:27-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ដំណ​វង្ស​របស់​ថេរ៉ាៗ​បង្កើត​អាប់រ៉ាម ណាឃរ នឹង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត រួច​ហារ៉ាន គាត់​ស្លាប់​ចំពោះ​មុខ​ថេរ៉ា ជា​ឪពុក នៅ​ក្រុង​អ៊ើរ ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់​ទៅ អាប់រ៉ាម នឹង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់រ៉ាម​នោះ​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូន​ហារ៉ាន ដែល​ជា​ឪពុក​មីលកា នឹង​យីសកា ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ ថេរ៉ា​គាត់​យក​អាប់រ៉ាម កូន​គាត់ ឡុត​ជា​កូន​ហារ៉ាន​ត្រូវ​ជា​ចៅ​គាត់ ហើយ​សារ៉ាយ​ជា​កូន​ប្រសា គឺ​ប្រពន្ធ​អាប់រ៉ាម​កូន​គាត់ នាំ​គ្នា​ចេញ​ពី​អ៊ើរ​ស្រុក​ខាល់ដេ ដើម្បី​នឹង​ទៅ​ឯ​ស្រុក​កាណាន លុះ​បាន​ទៅ​ដល់​ខារ៉ាន​ហើយ នោះ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ អាយុ​ថេរ៉ា​បាន​២០៥​ឆ្នាំ រួច​ក៏​ស្លាប់​នៅ​ត្រង់​ខារ៉ាន​ទៅ។