លោកុប្បត្តិ 11:10-32
លោកុប្បត្តិ 11:10-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាតំណវង្សរបស់សិម។ ពីរឆ្នាំក្រោយទឹកជន់ កាលសិមមានអាយុមួយរយឆ្នាំ គាត់បង្កើតបានអើប៉ាក់សាឌ។ ក្រោយកំណើតអើប៉ាក់សាឌមក គាត់រស់នៅបានប្រាំរយឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ កាលអើប៉ាក់សាឌមានអាយុសាមសិបប្រាំឆ្នាំ គាត់បង្កើតបានសេឡា។ ក្រោយកំណើតសេឡាមក គាត់រស់នៅបានបួនរយបីឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ កាលសេឡាមានអាយុសាមសិបឆ្នាំ គាត់បង្កើតបានហេប៊ើរ។ ក្រោយកំណើតហេប៊ើរមក គាត់រស់នៅបានបួនរយបីឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ កាលហេប៊ើរមានអាយុសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។ ក្រោយកំណើតផាលេកមក គាត់រស់នៅបានបួនរយសាមសិបឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ កាលផាលេកមានអាយុសាមសិបឆ្នាំ គាត់បង្កើតបានរេហ៊ូវ។ ក្រោយកំណើតរេហ៊ូវមក គាត់រស់នៅបានពីររយប្រាំបួនឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ កាលរេហ៊ូវមានអាយុសាមសិបពីរឆ្នាំ គាត់បង្កើតបានសេរូក។ ក្រោយកំណើតសេរូកមក គាត់រស់នៅបានពីររយប្រាំពីរឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ កាលសេរូកមានអាយុសាមសិបឆ្នាំ គាត់បង្កើតបានណាឃរ។ ក្រោយកំណើតណាឃរមក គាត់រស់នៅបានពីររយឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ កាលណាឃរមានអាយុម្ភៃប្រាំបួនឆ្នាំ គាត់បង្កើតបានថេរ៉ា។ ក្រោយកំណើតថេរ៉ាមក គាត់រស់នៅបានមួយរយដប់ប្រាំបួនឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ កាលថេរ៉ាមានអាយុចិតសិបឆ្នាំ គាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ នេះជាតំណវង្សរបស់ថេរ៉ា។ ថេរ៉ាបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបង្កើតឡុត។ ហារ៉ានបានស្លាប់នៅក្រុងអ៊ើរ ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គាត់ ក្នុងកាលដែលថេរ៉ាជាឪពុកនៅរស់នៅឡើយ។ អាប់រ៉ាម និងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះនាងមីលកា ជាកូនរបស់ហារ៉ាន ដែលជាឪពុករបស់មីលកា និងយីសកា។ ឯនាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនសោះ។ ថេរ៉ាបានយកអាប់រ៉ាមជាកូន និងឡុតជាកូនរបស់ហារ៉ាន ព្រមទាំងនាងសារ៉ាយជាកូនប្រសាស្រី គឺប្រពន្ធរបស់អាប់រ៉ាមកូនរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ ស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ កាលបានមកដល់ស្រុកខារ៉ាន គេក៏តាំងទីលំនៅនៅទីនោះ។ ថេរ៉ាបានអាយុពីររយប្រាំឆ្នាំ ហើយថេរ៉ាក៏ស្លាប់នៅស្រុកខារ៉ានទៅ។
លោកុប្បត្តិ 11:10-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមកូនចៅរបស់លោកសិម។ ពេលលោកសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ លោកបង្កើតបានអើប៉ាក់សាឌ។ ក្រោយកំណើតអើប៉ាក់សាឌ លោកសិមរស់បានប្រាំរយឆ្នាំទៀត ហើយបង្កើតកូនប្រុស កូនស្រីជាច្រើន។ ពេលលោកអើប៉ាក់សាឌអាយុសាមសិបប្រាំឆ្នាំ លោកបង្កើតបានសេឡា។ ក្រោយកំណើតសេឡា លោកអើប៉ាក់សាឌរស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ពេលលោកសេឡាអាយុសាមសិបឆ្នាំ លោកបង្កើតបានហេប៊ើរ។ ក្រោយកំណើតហេប៊ើរ លោកសេឡារស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ពេលលោកហេប៊ើរអាយុសាមសិបបួនឆ្នាំ លោកបង្កើតបានផាលេក។ ក្រោយកំណើតផាលេក លោកហេប៊ើររស់បានបួនរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ពេលលោកផាលេកអាយុសាមសិបឆ្នាំ លោកបង្កើតបានរេហ៊ូវ។ ក្រោយកំណើតរេហ៊ូវ លោកផាលេករស់បានពីររយប្រាំបួនឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ពេលលោករេហ៊ូវអាយុសាមសិបពីរឆ្នាំ លោកបង្កើតបានសេរូក។ ក្រោយកំណើតសេរូក លោករេហ៊ូវរស់បានពីររយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ពេលលោកសេរូកអាយុសាមសិបឆ្នាំ លោកបង្កើតបានណាឃរ។ ក្រោយកំណើតណាឃរ លោកសេរូករស់បានពីររយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ពេលលោកណាឃរអាយុម្ភៃប្រាំបួនឆ្នាំ លោកបង្កើតបានថេរ៉ា។ ក្រោយកំណើតថេរ៉ា លោកណាឃររស់បានមួយរយដប់ប្រាំបួនឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ពេលលោកថេរ៉ាអាយុចិតសិបឆ្នាំ លោកបង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ នេះជាបញ្ជីរាយនាមកូនចៅលោកថេរ៉ា។ លោកថេរ៉ាបង្កើតលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន។ លោកហារ៉ានបង្កើតឡុត។ លោកហារ៉ានបានទទួលមរណភាព នៅក្រុងអ៊ើរនៃស្រុកខាល់ដេ ជាស្រុកកំណើតរបស់លោក ក្នុងពេលលោកថេរ៉ានៅរស់នៅឡើយ។ លោកអាប់រ៉ាម និងលោកណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់លោកអាប់រ៉ាមឈ្មោះនាងសារ៉ាយ រីឯភរិយារបស់លោកណាឃរឈ្មោះនាងមីលកា ជាកូនរបស់លោកហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។ នាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។ លោកថេរ៉ាបាននាំលោកអាប់រ៉ាមជាកូន និងលោកឡុតដែលជាកូនរបស់លោកហារ៉ាន ហើយត្រូវជាចៅរបស់លោក ព្រមទាំងនាំនាងសារ៉ាយជាកូនប្រសាស្រី ដែលត្រូវជាភរិយារបស់លោកអាប់រ៉ាម កូនប្រុសរបស់លោក ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរនៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកលោកបាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។ លោកថេរ៉ារស់បានពីររយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ។
លោកុប្បត្តិ 11:10-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាបញ្ជីដំណវង្សរបស់សិម គឺក្រោយទឹកជន់២ឆ្នាំ កាលសិមអាយុបាន១០០ឆ្នាំហើយ នោះគាត់បង្កើតបានអើប៉ាក់សាឌ ក្រោយដែលបង្កើតអើប៉ាក់សាឌមក នោះគាត់រស់នៅ៥០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។ អើប៉ាក់សាឌអាយុបាន៣៥ឆ្នាំ នោះគាត់បង្កើតបានសេឡា ក្រោយដែលបង្កើតសេឡាមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។ សេឡាអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានហេប៊ើរ ក្រោយដែលបង្កើតហេប៊ើរមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។ ហេប៊ើរអាយុបាន៣៤ឆ្នាំ នោះគាត់បង្កើតបានផាលេក ក្រោយដែលបង្កើតផាលេកមក នោះគាត់រស់នៅ៤៣០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។ ផាលេកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានរេហ៊ូវ ក្រោយដែលបង្កើតរេហ៊ូវមក នោះគាត់រស់នៅ២០៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។ រេហ៊ូវអាយុបាន៣២ឆ្នាំ នោះគាត់បង្កើតបានសេរូក ក្រោយដែលបង្កើតសេរូកមក នោះគាត់រស់នៅ២០៧ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។ សេរូកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានណាឃរ ក្រោយដែលបង្កើតណាឃរមក នោះគាត់រស់នៅ២០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។ ណាឃរអាយុបាន២៩ឆ្នាំ នោះគាត់បង្កើតបានថេរ៉ា ក្រោយដែលបង្កើតថេរ៉ាមក នោះគាត់រស់នៅ១១៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។ ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ នឹងហារ៉ាន នេះជាដំណវង្សរបស់ថេរ៉ាៗបង្កើតអាប់រ៉ាម ណាឃរ នឹងហារ៉ាន ហើយហារ៉ានបង្កើតឡុត រួចហារ៉ាន គាត់ស្លាប់ចំពោះមុខថេរ៉ា ជាឪពុក នៅក្រុងអ៊ើរ ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គាត់ទៅ អាប់រ៉ាម នឹងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមនោះឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនហារ៉ាន ដែលជាឪពុកមីលកា នឹងយីសកា ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ ថេរ៉ាគាត់យកអាប់រ៉ាម កូនគាត់ ឡុតជាកូនហារ៉ានត្រូវជាចៅគាត់ ហើយសារ៉ាយជាកូនប្រសា គឺប្រពន្ធអាប់រ៉ាមកូនគាត់ នាំគ្នាចេញពីអ៊ើរស្រុកខាល់ដេ ដើម្បីនឹងទៅឯស្រុកកាណាន លុះបានទៅដល់ខារ៉ានហើយ នោះក៏តាំងទីលំនៅនៅទីនោះ អាយុថេរ៉ាបាន២០៥ឆ្នាំ រួចក៏ស្លាប់នៅត្រង់ខារ៉ានទៅ។