លោកុប្បត្តិ 10:8-12
លោកុប្បត្តិ 10:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គូសក៏បង្កើតនីមរ៉ុឌ ដែលជាមនុស្សខ្លាំងពូកែទីមួយនៅលើផែនដី។ គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។ នគរដំបូងរបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ នៅស្រុកស៊ីណើរ។ គាត់ចេញពីស្រុកនោះ ទៅស្រុកអាសស៊ើរ ហើយសង់ក្រុងនីនីវេ រេហូបូត កាឡាស និងរេសែន ដែលនៅកណ្ដាលក្រុងនីនីវេ និងក្រុងកាឡាស ដែលជាក្រុងដ៏ធំ។
លោកុប្បត្តិ 10:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនីមរ៉ូដនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ គាត់ជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។ មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេនៅស្រុកស៊ីណើរ។ បន្ទាប់មក គាត់ចាកចេញពីស្រុកនោះទៅស្រុកអាស៊ើរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស និងក្រុងរេសែនដែលជាក្រុងមួយដ៏ធំនៅចន្លោះក្រុងនីនីវេ និងក្រុងកាឡាស។
លោកុប្បត្តិ 10:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គូសក៏បង្កើតនីមរ៉ុឌ អ្នកនោះចាប់តាំងមានអំណាចនៅផែនដី គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា» ដើមនគររបស់គាត់ នោះគឺបាបិល អេរេក អាកាឌ នឹងកាលនេ ជាទីក្រុងដែលនៅស្រុកស៊ីណើរ គឺពីស្រុកនោះហើយដែលគាត់ចេញទៅដល់ស្រុកអាសស៊ើរ ក៏សង់ទីក្រុងនីនីវេ រេហូបូត កាឡាស នឹងរេសែន ដែលនៅកណ្តាលនីនីវេ នឹងកាឡាស ឯទីក្រុងនោះធំណាស់។