លោកុប្បត្តិ 10:6-20

លោកុប្បត្តិ 10:6-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន។ កូន​របស់​គូស គឺ​សេបា ហាវី‌ឡា សាប់តា រ៉ាម៉ា និង​សាប់តិ‌កា។ កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់។ គូស​ក៏​បង្កើត​នីមរ៉ុឌ ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ទីមួយ​នៅ​លើ​ផែន‌ដី។ គាត់​ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យពោល​ថា «ដូច​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។ នគរ​ដំបូង​របស់​គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ នៅ​ស្រុក​ស៊ីណើរ។ គាត់​ចេញ​ពី​ស្រុក​នោះ ទៅ​ស្រុក​អាស‌ស៊ើរ ហើយ​សង់​ក្រុង​នីនីវេ រេហូបូត កាឡាស និង​រេសែន ដែល​នៅ​កណ្ដាលក្រុង​នីនីវេ និងក្រុង​កាឡាស ដែល​ជា​ក្រុងដ៏​ធំ។ មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណា‌មីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាសលូ‌ហ៊ីម (ដែល​ពួក​ភីលី‌ស្ទីន​កើត​ពី​ពួក​នោះ​មក) និង​ពួក​កាប់‌ថោរីម។ កាណាន​បង្កើត​ស៊ីដូន​ជា​កូន​ច្បង និង​ហេត ព្រម​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកា‌ស៊ី ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី ពួក​អើវ៉ា‌ឌីត ពួក​សេម៉ា‌រីត និង​ពួក​ហាម៉ា‌ធីត។ ក្រោយ​មក អំបូរ​កាណាន​ក៏​បែក​ខ្ញែក​គ្នា។ ទឹក​ដី​របស់​ពួក​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ទៅ​ខាងក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា ទៅ​ខាងក្រុង​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេ‌បោម រហូត​ដល់​ក្រុង​ឡា‌សា។ នេះ​ជា​តំណ​វង្ស​របស់​ហាំ តាម​អំបូរ តាម​ភាសា តាម​ស្រុក និង​ជាតិ​សាសន៍​របស់​គេ។

លោកុប្បត្តិ 10:6-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​របស់​លោក​ហាំ​មាន​គូស មីសរ៉ែម ពូថ និង​កាណាន។ កូន​ចៅ​របស់​គូស​មាន​សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តិកា។ កូន​ចៅ​របស់​រ៉ា‌ម៉ា​មាន​សេបា និង​ដេដាន់។ លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នីមរ៉ូដ​នេះ​ហើយ​ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។ គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​នីមរ៉ូដ»។ មុន​ដំបូង គាត់​គ្រប់‌គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់‌ណេ​នៅ​ស្រុក​ស៊ី‌ណើរ។ បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ​ទៅ​ស្រុក​អាស៊ើរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស និង​ក្រុង​រេសែន​ដែល​ជា​ក្រុង​មួយ​ដ៏​ធំ​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។ មីសរ៉ែម​បង្កើត​ជន‌ជាតិ​លូឌ ជន‌ជាតិ​អណា‌មីម ជន‌ជាតិ​លេហា‌ប៊ីម ជន‌ជាតិ​ណាប់‌ធូហ៊ីម ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាស‌លូហ៊ីម ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​កាប់‌ថោរីម។ លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​ហេវី ជន‌ជាតិ​អើគី ជន‌ជាតិ​ស៊ីនី ជន‌ជាតិ​អើវ៉ា‌ឌីត-‌សេម៉ារីត ជន‌ជាតិ​សេម៉ារី ជន‌ជាតិ​ហាម៉ា‌ធីត។ បន្ទាប់​មក អំបូរ​កាណាន​ក៏​បាន​បែក‌ខ្ញែក​គ្នា។ ទឹក​ដី​របស់​ជន‌ជាតិ​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា។ គឺ​ជន‌ជាតិ​ទាំង​នោះ​ហើយ​ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។

លោកុប្បត្តិ 10:6-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត នឹង​កាណាន កូន​របស់​គូស គឺ​សេបា ហាវីឡា សាប់តា រ៉ាម៉ា នឹង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា នឹង​ដេដាន់ គូស​ក៏​បង្កើត​នីមរ៉ុឌ អ្នក​នោះ​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា» ដើម​នគរ​របស់​គាត់ នោះ​គឺ​បាបិល អេរេក អាកាឌ នឹង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ស្រុក​ស៊ីណើរ គឺ​ពី​ស្រុក​នោះ​ហើយ​ដែល​គាត់​ចេញ​ទៅ​ដល់​ស្រុក​អាសស៊ើរ ក៏​សង់​ទី​ក្រុង​នីនីវេ រេហូបូត កាឡាស នឹង​រេសែន ដែល​នៅ​កណ្តាល​នីនីវេ នឹង​កាឡាស ឯ​ទី​ក្រុង​នោះ​ធំ​ណាស់។ មីសរ៉ែម គាត់​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាស‌លូ‌ហ៊ីម (ដែល​ពួក​ភីលីស្ទីន​កើត​ពី​ពួក​នោះ​មក) ហើយ​ពួក​កាប់‌ថោរីម។ ឯ​កាណាន គាត់​បង្កើត​ស៊ីដូន​ជា​កូន​ច្បង នឹង​ហេត​ដែរ ព្រម​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត នឹង​ពួក​ហាម៉ា‌ធីត រួច​ក្រោយ​មក អស់​ទាំង​គ្រួ​ពួក​កាណាន​ក៏​បែក​គ្នា​សុស‌សាយ ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា នឹង​សេបោម រហូត​ដល់​ឡាសា នោះ​ហើយ​ជា​ពូជ​ហាំ​តាម​គ្រួ តាម​ភាសា​នៅ​អស់​ទាំង​ស្រុក​នឹង​នគរ​របស់​គេ។