លោកុប្បត្តិ 1:9-13

លោកុប្បត្តិ 1:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ក្រោម​មេឃ ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​ឡើង» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ​ហៅ​ទី​គោក​នោះ​ថា "ដី" ហើយ​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា "សមុទ្រ" ព្រះ​ក៏​ទត​ឃើញ​ថា​ល្អ។ ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​‌ដី​ដុះ​ចេញ​ជា​តិណ‌ជាតិ ជា​ធញ្ញជាតិ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​ដែល​មាន​ផ្លែ​តាម​ពូជ ហើយ​មាន​គ្រាប់​ក្នុង​ផ្លែ​នោះនៅ​លើ​ផែន​ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ដី​ក៏​ដុះ​ចេញជា​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ និង​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​បី។

លោកុប្បត្តិ 1:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះអង្គ​ហៅ​ថា “សមុទ្រ”។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន គឺ​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។

លោកុប្បត្តិ 1:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង នោះ​ក៏​មាន​ដូច្នោះ ទ្រង់​ហៅ​ទី​គោក​នោះ​ថា​ជា​ដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា​ជា​សមុទ្រ នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ដី​ដុះ​តិណ‌ជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ នឹង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី នោះ​ក៏​មាន​ដូច្នោះ ដី​ក៏​ដុះ​តិណ‌ជាតិ​ទាំង‌ឡាយ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់​តាម​ពូជ នឹង​រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ​ឯង រួច​ទ្រង់​ឃើញ​ថា​ល្អ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៣។