លោកុប្បត្តិ 1:2-17
លោកុប្បត្តិ 1:2-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។ ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏មានឡើង ។ ព្រះទ្រង់ទតឃើញថា ពន្លឺនោះល្អហើយ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះហៅពន្លឺថា "ថ្ងៃ" ហើយហៅភាពងងឹតថា "យប់" នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ ព្រះបានធ្វើឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះមែន។ ព្រះហៅលំហនោះថា "មេឃ" នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទីពីរ។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង» នោះក៏កើតមានដូច្នោះមែន។ ព្រះហៅទីគោកនោះថា "ដី" ហើយទឹកដែលប្រមូលគ្នានោះថា "សមុទ្រ" ព្រះក៏ទតឃើញថាល្អ។ ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី» នោះក៏កើតមានដូច្នោះមែន។ ដីក៏ដុះចេញជាតិណជាតិ ធញ្ញជាតិដែលមានគ្រាប់តាមពូជ រុក្ខជាតិមានផ្លែតាមពូជ និងមានគ្រាប់នៅក្នុងផ្លែនោះ ហើយព្រះទតឃើញថាល្អ។ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទីបី។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានតួពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាតួពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះបានបង្កើតតួពន្លឺធំៗពីរ មួយដែលធំជាង សម្រាប់បំភ្លឺនៅពេលថ្ងៃ និងមួយដែលតូចជាង សម្រាប់បំភ្លឺនៅពេលយប់ ហើយព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះដាក់តួពន្លឺទាំងនោះនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី
លោកុប្បត្តិ 1:2-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ហៅពន្លឺថា “ថ្ងៃ” និងហៅភាពងងឹតថា “យប់”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ ព្រះជាម្ចាស់បានបង្កើតលំហដ៏រឹងមាំនោះ ព្រះអង្គញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់ហៅលំហដ៏រឹងមាំនោះថា “មេឃ”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីពីរ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន គឺតិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី
លោកុប្បត្តិ 1:2-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក នោះព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះពន្លឺក៏មានឡើង ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ ទ្រង់ហៅពន្លឺថាជាថ្ងៃ ហើយហៅងងឹតថាជាយប់ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី១។ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា ទ្រង់ក៏ធ្វើប្រឡោះនោះ ទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះ ក៏មានដូច្នោះ រួចព្រះទ្រង់ហៅប្រឡោះនោះថាជាមេឃ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី២។ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទីគោកដុះលេចឡើង នោះក៏មានដូច្នោះ ទ្រង់ហៅទីគោកនោះថាជាដី ហើយទីទឹកដែលប្រមូលគ្នានោះថាជាសមុទ្រ នោះទ្រង់ក៏ឃើញថាល្អ រួចព្រះទ្រង់មានបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ នឹងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ ដីក៏ដុះតិណជាតិទាំងឡាយឡើង គឺជាពួកស្មៅដែលមានគ្រាប់តាមពូជ នឹងរុក្ខជាតិមានផ្លែតាមពូជដែរ ហើយមានគ្រាប់នៅក្នុងផ្លែនោះឯង រួចទ្រង់ឃើញថាល្អ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី៣។ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សំរាប់ទុកជាទីសំគាល់នៃរដូវ ថ្ងៃ នឹងឆ្នាំ ហើយសំរាប់ជាពន្លឺនៅផ្ទៃមេឃ ដើម្បីបំភ្លឺមកផែនដី នោះក៏មានដូច្នោះ ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរ ទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃ សំរាប់នឹងបំភ្លឺមកលើផែនដី