លោកុប្បត្តិ 1:16-19
លោកុប្បត្តិ 1:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបានបង្កើតតួពន្លឺធំៗពីរ មួយដែលធំជាង សម្រាប់បំភ្លឺនៅពេលថ្ងៃ និងមួយដែលតូចជាង សម្រាប់បំភ្លឺនៅពេលយប់ ហើយព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះដាក់តួពន្លឺទាំងនោះនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីបួន។
លោកុប្បត្តិ 1:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
លោកុប្បត្តិ 1:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរ ទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃ សំរាប់នឹងបំភ្លឺមកលើផែនដី ឲ្យមានអំណាចនៅពេលថ្ងៃ នឹងពេលយប់ ហើយឲ្យញែកពន្លឺចេញពីងងឹត រួចទ្រង់ឃើញថាជាល្អ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៤។