លោកុប្បត្តិ 1:14-25
លោកុប្បត្តិ 1:14-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានតួពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាតួពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះបានបង្កើតតួពន្លឺធំៗពីរ មួយដែលធំជាង សម្រាប់បំភ្លឺនៅពេលថ្ងៃ និងមួយដែលតូចជាង សម្រាប់បំភ្លឺនៅពេលយប់ ហើយព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះដាក់តួពន្លឺទាំងនោះនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីបួន។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។ ព្រះបានបង្កើតសត្វធំសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក កើតមានរវើករវ័ណ្ឌនៅក្នុងទឹកតាមពូជ និងអស់ទាំងសត្វស្លាបតាមពូជដែរ។ ព្រះទតឃើញថាល្អ។ ព្រះបានប្រទានពរដល់សត្វទាំងឡាយនោះ ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបបានច្រើនឡើងនៅលើផែនដីដែរ»។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំ។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យផែនដីកើតចេញជាពពួកសត្វចតុប្បាទតាមពូជ គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ» នោះក៏កើតមានដូច្នោះមែន។ ព្រះបានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះទតឃើញថាល្អ។
លោកុប្បត្តិ 1:14-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។ ព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
លោកុប្បត្តិ 1:14-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សំរាប់ទុកជាទីសំគាល់នៃរដូវ ថ្ងៃ នឹងឆ្នាំ ហើយសំរាប់ជាពន្លឺនៅផ្ទៃមេឃ ដើម្បីបំភ្លឺមកផែនដី នោះក៏មានដូច្នោះ ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរ ទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃ សំរាប់នឹងបំភ្លឺមកលើផែនដី ឲ្យមានអំណាចនៅពេលថ្ងៃ នឹងពេលយប់ ហើយឲ្យញែកពន្លឺចេញពីងងឹត រួចទ្រង់ឃើញថាជាល្អ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៤។ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ នឹងបក្សីជាតិហើរលើដីនៅនាអាកាស ទ្រង់ក៏បង្កើតអស់ទាំងសត្វសំបើមៗ នឹងជីវិតទាំងឡាយដែលកំរើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដែរ រួចទ្រង់ឃើញថាល្អ ទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះ ហើយមានបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបចំរើនឡើងនៅផែនដីដែរ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៥។ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុកសត្វលូនវារ នឹងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ