លោកុប្បត្តិ 1:14-19
លោកុប្បត្តិ 1:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានតួពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាតួពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះបានបង្កើតតួពន្លឺធំៗពីរ មួយដែលធំជាង សម្រាប់បំភ្លឺនៅពេលថ្ងៃ និងមួយដែលតូចជាង សម្រាប់បំភ្លឺនៅពេលយប់ ហើយព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះដាក់តួពន្លឺទាំងនោះនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីបួន។
លោកុប្បត្តិ 1:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
លោកុប្បត្តិ 1:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សំរាប់ទុកជាទីសំគាល់នៃរដូវ ថ្ងៃ នឹងឆ្នាំ ហើយសំរាប់ជាពន្លឺនៅផ្ទៃមេឃ ដើម្បីបំភ្លឺមកផែនដី នោះក៏មានដូច្នោះ ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរ ទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃ សំរាប់នឹងបំភ្លឺមកលើផែនដី ឲ្យមានអំណាចនៅពេលថ្ងៃ នឹងពេលយប់ ហើយឲ្យញែកពន្លឺចេញពីងងឹត រួចទ្រង់ឃើញថាជាល្អ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៤។