លោកុប្បត្តិ 1:11-28

លោកុប្បត្តិ 1:11-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​‌ដី​ដុះ​ចេញ​ជា​តិណ‌ជាតិ ជា​ធញ្ញជាតិ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​ដែល​មាន​ផ្លែ​តាម​ពូជ ហើយ​មាន​គ្រាប់​ក្នុង​ផ្លែ​នោះនៅ​លើ​ផែន​ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ដី​ក៏​ដុះ​ចេញជា​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ និង​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​បី។ បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ សម្រាប់​ទុក​ជា​ទី​សម្គាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ ហើយ​សម្រាប់​ជា​តួ​ពន្លឺ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ​បាន​បង្កើត​តួ​ពន្លឺ​ធំៗ​ពីរ មួយ​ដែល​ធំ​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ និង​មួយ​ដែល​តូច​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ហើយ​ព្រះ‌អង្គ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយ​ដែរ។ ព្រះ​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី គឺ​ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត រួច​ព្រះ​ទត​ឃើញ​ថា​ល្អ។ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​បួន។ បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​កើត​មាន​មច្ឆា‌ជាតិ​រស់​រវើក និង​បក្សា‌បក្សី​ហើរ​ពី​លើ​ផែន​ដី នៅ​ក្នុង​លំហ​អាកាស»។ ព្រះ​បាន​បង្កើត​សត្វ​ធំ​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក កើត​មាន​រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ និង​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ។ ព្រះ​ទត​ឃើញ​ថា​ល្អ។ ព្រះ​បាន​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ច​ម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​បាន​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី​ដែរ»។ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំ។ បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យផែន​ដី​កើត​ចេញ​ជា​ពពួក​សត្វ​ចតុប្បាទ​តាម​ពូជ គឺ​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ​បាន​បង្កើត​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ និង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​លើ​ដី​តាម​ពូជ​របស់​វា​ដែរ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។ ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យើង​បង្កើត​មនុស្ស ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ចូរ​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​សត្វ​ហើរ​លើ​អាកាស លើ​សត្វ​ជើង​បួន និង​លើ​ផែន‌ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន‌ដីផង»។ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់នោះឯង ព្រះ‌អង្គ​បាន​បង្កើត​គេ ជា​ប្រុស​ជា​ស្រី។ ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។

លោកុប្បត្តិ 1:11-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន គឺ​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សម្គាល់​សម្រាប់​កំណត់​ពេល​វេលា ថ្ងៃ និង​ឆ្នាំ ហើយ​ធ្វើ​ជា​ដុំ​ពន្លឺ​នៅ​លើ​មេឃ សម្រាប់​បំភ្លឺ​ផែនដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់។ ព្រះអង្គ​ក៏​បង្កើត​ផ្កាយ​ទាំង‌ឡាយដែរ។ ព្រះ‌ជាម្ចាស់​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី ដើម្បី​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​សត្វ​រស់‌រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា‌បក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។ ព្រះ‌ជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សា‌បក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​វា ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស‌ពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សា‌បក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ ដូច​ព្រះ‌ជាម្ចាស់ ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។

លោកុប្បត្តិ 1:11-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ដី​ដុះ​តិណ‌ជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ នឹង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី នោះ​ក៏​មាន​ដូច្នោះ ដី​ក៏​ដុះ​តិណ‌ជាតិ​ទាំង‌ឡាយ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់​តាម​ពូជ នឹង​រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ​ឯង រួច​ទ្រង់​ឃើញ​ថា​ល្អ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៣។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ សំរាប់​ទុក​ជា​ទី​សំគាល់​នៃ​រដូវ ថ្ងៃ នឹង​ឆ្នាំ ហើយ​សំរាប់​ជា​ពន្លឺ​នៅ​ផ្ទៃ​មេឃ ដើម្បី​បំភ្លឺ​មក​ផែនដី នោះ​ក៏​មាន​ដូច្នោះ ទ្រង់​ធ្វើ​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់ ក៏​ធ្វើ​ឲ្យ​មាន​ផ្កាយ​ទាំង​ប៉ុន្មាន​ដែរ ទ្រង់​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​ផ្ទៃ​មេឃ សំរាប់​នឹង​បំភ្លឺ​មក​លើ​ផែនដី ឲ្យ​មាន​អំណាច​នៅ​ពេល​ថ្ងៃ នឹង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ងងឹត រួច​ទ្រង់​ឃើញ​ថា​ជា​ល្អ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៤។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​មច្ឆា‌ជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ នឹង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស ទ្រង់​ក៏​បង្កើត​អស់​ទាំង​សត្វ​សំបើមៗ នឹង​ជីវិត​ទាំង‌ឡាយ​ដែល​កំរើក ដែល​កើត​មាន​រវិន‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ហើយ​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​ចំរើន​ឡើង​នៅ​ផែនដី​ដែរ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៥។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ចតុប្បាទ​ជាតិ​កើត​មក​នៅ​ដី​គោក​តាម​ពូជ គឺ​ជា​សត្វ​ស្រុក​សត្វ​លូន​វារ នឹង​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ នោះ​ក៏​មាន​ដូច្នោះ ទ្រង់​ក៏​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​គោក​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ ទ្រង់​ក៏​មាន​បន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង