កាឡាទី 6:6-10
កាឡាទី 6:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។ សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។ យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។ ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
កាឡាទី 6:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។ សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់បានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។ អ្នកណាសាបព្រោះតាមនិស្ស័យលោកីយ៍របស់ខ្លួន អ្នកនោះក៏នឹងច្រូតយកផលដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ នឹងច្រូតយកផលជាជីវិតអស់កល្បជានិច្ច មកពីព្រះវិញ្ញាណ។ យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់ យើងនឹងច្រូតបានផលជាមិនខាន។ ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
កាឡាទី 6:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម។