កាឡាទី 6:14-18
កាឡាទី 6:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតខ្លួនពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងឡើយ ដែលដោយសារឈើឆ្កាងនោះ លោកីយ៍បានជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំក៏ជាប់ឆ្កាងខាងឯលោកីយ៍ដែរ។ ដ្បិតការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺ ការកើតជាថ្មី។ សូមឲ្យអស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងសាសន៍អ៊ីស្រាអែលរបស់ព្រះផង បានប្រកបដោយសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណា។ ពីពេលនេះតទៅ សូមកុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ។ បងប្អូនអើយ សូមព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់អ្នករាល់គ្នា។ អាម៉ែន។:៚
កាឡាទី 6:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ ការកាត់ស្បែក ឬមិនកាត់ស្បែក មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះ ទើបសំខាន់។ សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត និងមេត្តាករុណាដល់អស់អ្នកដែលអនុវត្តតាមគោលគំនិតនេះ និងដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ។ អំណើះតទៅ សូមកុំឲ្យនរណាម្នាក់ធ្វើឲ្យខ្ញុំពិបាកចិត្តទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូ នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។ បងប្អូនអើយ សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ែន។
កាឡាទី 6:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយបានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយដែរ ដ្បិតក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែក ឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ ដែលហៅថាមានប្រយោជន៍ នោះមានតែកើតជាថ្មីវិញប៉ុណ្ណោះ សូមឲ្យអស់អ្នកដែលដើរតាមមាត្រានេះ បានប្រកបដោយសេចក្ដីសុខសាន្ត នឹងសេចក្ដីមេត្តាករុណាចុះ ព្រមទាំងសាសន៍អ៊ីស្រាអែលនៃព្រះផង។ អំពីនេះទៅមុខ កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំជាប់មានស្នាមត្រារបស់ព្រះអម្ចាស់យេស៊ូវ នៅខ្លួនខ្ញុំហើយ បងប្អូនអើយ សូមឲ្យព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚