កាឡាទី 6:1-5

កាឡាទី 6:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រីស្ទ។ ដ្បិត​ប្រសិន‌បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ជា​អ្វី​មួយ តែ​មិន​មែន​ជា​អ្វី​សោះ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​មើល​កិច្ច‌ការ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បើ​ឃើញ​ថា​ល្អ នោះ​នឹង​មាន​ហេតុ​អួត​ខ្លួន​ចំពោះ​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​ឡើយ។ ដ្បិត​ម្នាក់ៗ​ត្រូវ​ទទួល​បន្ទុក​របស់​ខ្លួន។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់ នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បងប្អូន​ដែល​មាន​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូត‌បូត។ ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។ ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បងប្អូន​បំពេញ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត*​ទាំង​ស្រុង។ ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រិត្យ‌វិន័យ​នៃ​ព្រះ‌គ្រីស្ទ ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗ​ខ្លួន នោះ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។

ចែក​រំលែក
អាន កាឡាទី 6

កាឡាទី 6:1-5

កាឡាទី 6:1-5 គខបកាឡាទី 6:1-5 គខប