កាឡាទី 5:19-23
កាឡាទី 5:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។ រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
កាឡាទី 5:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងស្គាល់ច្បាស់នូវអំពើផ្សេងៗ ដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នា ប្រឆាំងគ្នា ប្រកាន់បក្សពួក ឈ្នានីសគ្នា ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឲ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ។ រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោសមេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះទេ។
កាឡាទី 5:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះទុកជាមរដកឡើយ តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ