កាឡាទី 5:17-21
កាឡាទី 5:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។ ប៉ុន្ដែ ប្រសិនបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រឹត្យវិន័យទៀតឡើយ។ រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
កាឡាទី 5:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតបំណងលោភលន់របស់និស្ស័យលោកីយ៍ តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងនិស្ស័យលោកីយ៍ដែរ។ និស្ស័យលោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះឡើយ។ ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទៀតហើយ។ យើងស្គាល់ច្បាស់នូវអំពើផ្សេងៗ ដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នា ប្រឆាំងគ្នា ប្រកាន់បក្សពួក ឈ្នានីសគ្នា ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឲ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ។
កាឡាទី 5:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្ដីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត បើព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នាវិញ នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រិត្យវិន័យទៀតទេ រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះទុកជាមរដកឡើយ