កាឡាទី 5:1-8
កាឡាទី 5:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។ មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ខ្ញុំសូមធ្វើបន្ទាល់ម្តងទៀតប្រាប់អស់អ្នកដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចតម្រូវឲ្យប្រតិបត្តិតាមក្រឹត្យវិន័យគ្រប់ជំពូក។ អ្នករាល់គ្នាដែលចង់ពឹងលើក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត អ្នកបានផ្ដាច់ខ្លួនចេញពីព្រះគ្រីស្ទហើយ ក៏បានធ្លាក់ចេញពីព្រះគុណដែរ។ ដ្បិតដោយសារជំនឿ យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ។ ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។ អ្នករាល់គ្នាបានរត់យ៉ាងល្អ តើអ្នកណារាំងរាអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិតដូច្នេះ? ការបញ្ចុះបញ្ចូលនេះ មិនមែនមកពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទេ។
កាឡាទី 5:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះគ្រិស្ត*បានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។ រីឯខ្ញុំ ប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីកាត់ស្បែក*នោះ ព្រះគ្រិស្តលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ។ ចំពោះអស់អ្នកដែលចង់ទទួលពិធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមក្រឹត្យវិន័យទាំងស្រុងផងទៅ។ ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើក្រឹត្យវិន័យ បងប្អូននោះបែកចេញពីព្រះគ្រិស្ត ហើយក៏ដាច់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់ដែរ។ រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងឲ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។ ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ មិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។ បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារាំងបងប្អូនមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ? ការបញ្ចុះបញ្ចូលបែបនេះមិនមែនមានប្រភពមកពីព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនទេ។
កាឡាទី 5:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ នែ ប៉ុលខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាសោះ ហើយខ្ញុំធ្វើបន្ទាល់ម្តងទៀត ដល់អស់មនុស្សដែលកាត់ស្បែកហើយ ថាអ្នកនោះឯងជាអ្នកជំពាក់ក្រិត្យវិន័យ នឹងត្រូវធ្វើតាមគ្រប់ជំពូក អ្នករាល់គ្នាណាដែលពឹងដល់ក្រិត្យវិន័យ ឲ្យបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ អ្នកបានធ្លាក់ចេញពីព្រះគុណហើយ ដ្បិតយើងរាល់គ្នាអាងសេចក្ដីជំនឿ ដើម្បីនឹងរង់ចាំដោយនូវព្រះវិញ្ញាណ ឲ្យបានសេចក្ដីសុចរិតដែលយើងសង្ឃឹមចង់បាននោះ ពីព្រោះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែកឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ មានប្រយោជន៍តែសេចក្ដីជំនឿ ដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ អ្នករាល់គ្នាបានរត់យ៉ាងល្អហើយ តើអ្នកណាបានឃាត់មិនឲ្យស្តាប់តាមសេចក្ដីពិតវិញ ការបញ្ចុះបញ្ចូលនេះមិនមែនមកពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាទេ