កាឡាទី 4:6-11
កាឡាទី 4:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះក៏បានចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង ដែលព្រះវិញ្ញាណនេះហើយបន្លឺឡើងថា «អ័ប្បា! ព្រះវរបិតា!»។ ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះគឺជាអ្នកទទួលមត៌ក ដោយសារព្រះដែរ។ ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។ តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ? អ្នករាល់គ្នាគោរពថ្ងៃ ខែ រដូវ និងឆ្នាំ ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់អ្នករាល់គ្នា ទៅជាឥតប្រយោជន៍។
កាឡាទី 4:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា! ឱព្រះបិតា!»។ ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្ររបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានឲ្យនោះដែរ។ កាលពីដើម បងប្អូនពុំស្គាល់ព្រះជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបម្រើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។ តែឥឡូវនេះ បងប្អូនស្គាល់ព្រះជាម្ចាស់ បើនិយាយឲ្យចំ ព្រះអង្គបានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បម្រើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានបារមីទាំងនោះសាជាថ្មីវិញដូច្នេះ? បើបងប្អូនគោរពថ្ងៃខែ គោរពរដូវ និងគោរពឆ្នាំ។ ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់បងប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។
កាឡាទី 4:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូននោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទដែរ នៅវេលានោះ កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ នោះត្រូវជាប់បំរើដល់អស់ទាំងរបស់ ដែលមិនមែនជាព្រះពីកំណើតទេ តែឥឡូវនេះ លុះបានស្គាល់ព្រះហើយ (តែស៊ូថា ព្រះបានស្គាល់អ្នករាល់គ្នាវិញជាជាង) នោះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាបានត្រឡប់ ទៅឯបថមសិក្សាខ្សោយ ហើយទាបថោក ដែលអ្នករាល់គ្នាចង់ទៅជាប់បំរើម្តងទៀតនោះ អ្នករាល់គ្នាជាអ្នកកាន់ថ្ងៃ ខែ រដូវ នឹងឆ្នាំផ្សេងៗ ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងពួកអ្នករាល់គ្នា ជាឥតប្រយោជន៍។