កាឡាទី 4:25-31

កាឡាទី 4:25-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នាង​ហាការ​ប្រៀប​ដូច​ជា​ភ្នំ​ស៊ី‌ណាយ​នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ដូច​ជា​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ​ដែរ ដ្បិត​នាង​នៅ​ជាប់​ជា​បាវ​បម្រើ​ជា​មួយ​កូន​ចៅ​របស់​នាង។ ប៉ុន្ដែ ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ស្ថាន​លើវិញ គឺ​ជាស្ត្រី​អ្នក​ជា ហើយ​ជា​ម្តាយ​របស់​យើង។ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! ឱ​ស្ត្រី​ដែល​មិន​ឈឺ​នឹង​សម្រាល​អើយ ចូរ​បន្លឺសំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ព្រោះ​កូន​របស់​ស្ត្រី​ដែល​គេ​បោះ​បង់​ចោលនោះ មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្តី​ទៅ​ទៀត» ។ ឥឡូវ​នេះ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​លោក​អ៊ីសាក​ដែរ។ ប៉ុន្ដែ នៅ​គ្រា​នោះ កូន​ដែល​កើត​មក​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា ឥឡូវ​នេះ​ក៏​មាន​យ៉ាង​នោះ​ដែរ។ ប៉ុន្ដែ តើ​គម្ពីរ​ចែង​មក​ដូច​ម្ដេច? គឺ​ថា «ចូរ​បណ្ដេញ​ស្រ្ដី​ជា​បាវ​បម្រើ និង​កូន​របស់​នាង​ចេញ ដ្បិត​កូន​របស់​ស្ត្រី​ជា​បាវ​បម្រើ​មិន​ត្រូវ​ទទួល​មត៌ក​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ» ដូច្នេះ បង‌ប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ជា​បាវ​បម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ។

ចែក​រំលែក
អាន កាឡាទី 4

កាឡាទី 4:25-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នាង​ហាការ​ជា​តំណាង​ភ្នំ​ស៊ីណៃ​នៅ​ស្រុក​អារ៉ាប់ ជា​និមិត្ត‌រូប​នៃ​ក្រុង​យេរូ‌សាឡឹម​សព្វ​ថ្ងៃ​នេះ ដ្បិត​នាង​ហាការ និង​កូន​ចៅ​របស់​នាង សុទ្ធ​តែ​ជា​អ្នក​ងារ។ រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា: «នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បាន បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត។» បងប្អូន​អើយ បងប្អូន​បាន​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។ ប៉ុន្តែ ពី​អតីត‌កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា នៅ​បច្ចុប្បន្ន​កាល ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។ តើ​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថា: «ចូរ​បណ្ដេញ​ស្ត្រី​អ្នក​ងារ និង​កូន​របស់​នាង​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ត្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ» ។ ហេតុ​នេះ បងប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។

ចែក​រំលែក
អាន កាឡាទី 4

កាឡាទី 4:25-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​នាង​ហាការ​ទុក​ដូច​ជា​ភ្នំ​ស៊ី‌ណាយ នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ត្រូវ​នឹង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ ជា​ក្រុង​ដែល​ជាប់​បំរើ​ជា​មួយ​នឹង​កូន​ចៅ​ផង តែ​ក្រុង​យេរូ‌សាឡិម ដែល​នៅ​ស្ថាន​លើ នោះ​ជា​ស្រី​អ្នក​ជា​វិញ ដែល​ជា​ម្តាយ​យើង​ទាំង​អស់​គ្នា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​នាង​អារ ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង ឱ​នាង​ដែល​មិន​បាន​ឈឺ​នឹង​សំរាល​អើយ ចូរ​ធ្លាយ​សំរែក​ឡើង​ចុះ ពី​ព្រោះ​កូន​របស់​នាង​ដែល​គ្មាន​គូ នោះ​ច្រើន​ជាង​កូន​នៃ​នាង​ដែល​មាន​ប្ដី​ទៅ​ហើយ» តែ​បង​ប្អូន​អើយ យើង​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​ជា​លោក​អ៊ីសាក​ដែរ តែ​ឥឡូវ​នេះ ក៏​ដូច​ជា​កាល​ពី​ដើម ដ្បិត​កូន​ដែល​កើត​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​ដល់​កូន ដែល​កើត​តាម​ព្រះ‌វិញ្ញាណ​វិញ តែ​គម្ពីរ​ថា​ដូច​ម្តេច គឺ​ថា «ចូរ​ដេញ​បាវ​ស្រី​នឹង​កូន​វា​ចេញ ដ្បិត​កូន​របស់​បាវ​ស្រី មិន​ត្រូវ​គ្រង​មរដក ជា​មួយ​នឹង​កូន​របស់​ស្រី​អ្នក​ជា​ឡើយ» ដូច្នេះ បង​ប្អូន​អើយ យើង​រាល់​គ្នា​មិន​មែន​ជា​កូន​របស់​បាវ​ស្រី​ទេ គឺ​ជា​កូន​របស់​ស្រី​អ្នក​ជា​វិញ។

ចែក​រំលែក
អាន កាឡាទី 4