កាឡាទី 4:12-20

កាឡាទី 4:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នាឲ្យ​បាន​ដូច​ជា​ខ្ញុំ ដ្បិត​ខ្ញុំ​ក៏បាន​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ។ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំបូង​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា​ទាំង​សុខ​ភាព​ខាង​សាច់​ឈាមទន់​ខ្សោយ ហើយ​ទោះ​ជា​សុខ​ភាព​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​លំបាក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​មើល​ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ឡើយ តែ​បាន​ទទួល​ខ្ញុំ ដូច​ទទួល​ទេវតា​របស់​ព្រះ គឺ​ដូច​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែរ។ ដូច្នេះ តើ​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​មាន​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ អ្នក​រាល់​គ្នា​សឹង​តែ​ខ្វេះ​ភ្នែក​ឲ្យ​ខ្ញុំទៀត​ផង ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន។ ឥឡូវ​នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង‌សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​តែខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ? អ្នក​ទាំង​នោះគេ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នាណាស់ តែ​មិន​មាន​បំណង​ល្អ​ទេ គឺ​គេ​ចង់​បំបែក​អ្នក​រាល់​គ្នាពី​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ​វិញ។ ការ​ដែល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មាន​បំណង​ល្អជានិច្ច នោះ​ត្រឹម​ត្រូវ​ហើយ មិន​មែនតែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ។ កូន​ចៅ​អើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ខ្ញុំ​ឈឺ​ចាប់​ម្តង​ទៀត ដូច​ស្ត្រី​ហៀប​នឹងសម្រាល​កូន រហូត​ទាល់​តែ​ព្រះ‌គ្រីស្ទមាន​រូប​រាង​ឡើង​ក្នុង​អ្នក​រាល់​គ្នា។ ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​សម្ដី​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​ទ័ល​គំនិត​អំពី​អ្នក​រាល់​គ្នា​ហើយ។

ចែក​រំលែក
អាន កាឡាទី 4

កាឡាទី 4:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​អង្វរ​បងប្អូន​ថា សូម​កាន់​ចិត្ត​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បងប្អូន​ដែរ។ បងប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​ជា​លើក​ទី​មួយ មក​ពី​ខ្ញុំ​មាន​សុខភាព​ទន់​ខ្សោយ។ ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បងប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បងប្អូន​ពុំ​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បងប្អូន​បាន​ទទួល​ខ្ញុំ​ទុក​ដូច​ទទួល​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ឬ​ដូច​ទទួល​ព្រះគ្រិស្ត‌យេស៊ូ​ដែរ។ តើ​អំណរ​សប្បាយ​ដែល​បងប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា នៅ​ពេល​នោះ សូម្បី​តែ​ភ្នែក​របស់​បងប្អូន​ក៏​បងប្អូន​សុខ​ចិត្ត​ខ្វេះ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន។ ឥឡូវ​នេះ តើ​បងប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?។ រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បងប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បងប្អូន​ចេញ​ពី​យើង ដើម្បី​ឲ្យ​បងប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។ ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​គោល​បំណង​ល្អ​គ្រប់​ពេល​វេលា​នោះ ត្រឹម​ត្រូវ​ហើយ គឺ​មិន​គ្រាន់​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ។ កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះ‌គ្រិស្ត​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​ចង់​នៅ​ជិត​បងប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បងប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បងប្អូន​ទេ។

ចែក​រំលែក
អាន កាឡាទី 4

កាឡាទី 4:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ តែ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​កាល​ពី​ដើម ដោយ​សេចក្ដី​កំសោយ​ខាង​សាច់​ឈាម ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើល‌ងាយ ចំពោះ​សេចក្ដី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង ដូច្នេះ សេចក្ដី​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ តើ​នៅ​ឯ​ណា ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ​អ្នក​រាល់​គ្នា​នឹង​ខ្វេះ​ភ្នែក​ចេញ​ឲ្យ​មក​ខ្ញុំ បើ​សិន​ជា​បាន ដូច្នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​អ្នក​រាល់​គ្នា​វិញ ដោយ​ព្រោះ​តែ​និយាយ​សេចក្ដី​ពិត​ឬ​អី គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា​ណាស់ តែ​មិន​ល្អ​ទេ គឺ​គេ​ចង់​តែ​ឲ្យ​អ្នក​រាល់​គ្នា​ចោល​យើង​ខ្ញុំ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រឹង​សង្វាត​ទៅ​តាម​គេ​វិញ គួរ​ឲ្យ​មាន​សេចក្ដី​សង្វាត​ខាង​ការ​ល្អ​ជា​ដរាប​ទៅ មិន​មែន​តែ​ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ កូន​ចៅ​អើយ ខ្ញុំ​លំបាក​ក្នុង​ចិត្ត​ជា​ពន់‌ពេក ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ម្តង​ទៀត ទាល់​តែ​ព្រះ‌គ្រីស្ទ​បាន​ក​មាន​រូប​រាង ក្នុង​អ្នក​រាល់​គ្នា​ឡើង ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ពាក្យ​សំដី​ចេញ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សង្ស័យ ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់។

ចែក​រំលែក
អាន កាឡាទី 4