កាឡាទី 4:1-20
កាឡាទី 4:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំចង់និយាយដូច្នេះថា ដរាបណាអ្នកដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបើអ្នកនោះជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ តែកូននោះស្ថិតនៅក្រោមការឃុំគ្រងរបស់អ្នកថែរក្សា និងអ្នកមើលខុសត្រូវ រហូតដល់ពេលដែលឪពុកបានកំណត់។ ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។ ប៉ុន្ដែ លុះពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតចេញពីស្ត្រី គឺប្រសូតក្រោមអំណាចរបស់ក្រឹត្យវិន័យ ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានត្រឡប់ជាកូនរបស់ព្រះអង្គ ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះក៏បានចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង ដែលព្រះវិញ្ញាណនេះហើយបន្លឺឡើងថា «អ័ប្បា! ព្រះវរបិតា!»។ ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះគឺជាអ្នកទទួលមត៌ក ដោយសារព្រះដែរ។ ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។ តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ? អ្នករាល់គ្នាគោរពថ្ងៃ ខែ រដូវ និងឆ្នាំ ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់អ្នករាល់គ្នា ទៅជាឥតប្រយោជន៍។ បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានដូចជាអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ។ អ្នករាល់គ្នាដឹងហើយ ពីដំបូងខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាទាំងសុខភាពខាងសាច់ឈាមទន់ខ្សោយ ហើយទោះជាសុខភាពរបស់ខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាលំបាកក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ តែបានទទួលខ្ញុំ ដូចទទួលទេវតារបស់ព្រះ គឺដូចទទួលព្រះយេស៊ូវគ្រីស្ទដែរ។ ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះនៅឯណា? ដ្បិតខ្ញុំមានបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះ អ្នករាល់គ្នាសឹងតែខ្វេះភ្នែកឲ្យខ្ញុំទៀតផង ប្រសិនបើអ្នករាល់គ្នាអាចធ្វើបាន។ ឥឡូវនេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិតឬ? អ្នកទាំងនោះគេយកចិត្តទុកដាក់នឹងអ្នករាល់គ្នាណាស់ តែមិនមានបំណងល្អទេ គឺគេចង់បំបែកអ្នករាល់គ្នាពីយើង ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងគេវិញ។ ការដែលយកចិត្តទុកដាក់ឲ្យមានបំណងល្អជានិច្ច នោះត្រឹមត្រូវហើយ មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ។ កូនចៅអើយ ដោយព្រោះអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀត ដូចស្ត្រីហៀបនឹងសម្រាលកូន រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា។ ឥឡូវនេះ ខ្ញុំចង់នៅជាមួយអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចផ្លាស់ប្តូរសម្ដីរបស់ខ្ញុំ ដ្បិតខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។
កាឡាទី 4:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ ក៏កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនៅឡើយ យើងធ្វើជាខ្ញុំបម្រើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍នេះ ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និងឲ្យយើងទទួលឋានៈជាបុត្ររបស់ព្រះអង្គ។ បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា! ឱព្រះបិតា!»។ ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្ររបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានឲ្យនោះដែរ។ កាលពីដើម បងប្អូនពុំស្គាល់ព្រះជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបម្រើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។ តែឥឡូវនេះ បងប្អូនស្គាល់ព្រះជាម្ចាស់ បើនិយាយឲ្យចំ ព្រះអង្គបានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បម្រើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានបារមីទាំងនោះសាជាថ្មីវិញដូច្នេះ? បើបងប្អូនគោរពថ្ងៃខែ គោរពរដូវ និងគោរពឆ្នាំ។ ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់បងប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។ បងប្អូនអើយ ខ្ញុំអង្វរបងប្អូនថា សូមកាន់ចិត្តឲ្យបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្តដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។ ប៉ុន្តែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំទុកដូចទទួលទេវតា*របស់ព្រះជាម្ចាស់ ឬដូចទទួលព្រះគ្រិស្តយេស៊ូដែរ។ តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្តខ្វេះឲ្យខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។ ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?។ រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ ការយកចិត្តទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។ កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ត្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រិស្តបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។ ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។
កាឡាទី 4:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនិយាយដូច្នេះថា កាលអ្នក ដែលត្រូវគ្រងមរដក នៅក្មេងនៅឡើយ នោះមិនផ្សេងពីបាវបំរើប៉ុន្មានទេ ទោះបើជាម្ចាស់លើទាំងអស់ក៏ដោយ ដ្បិតត្រូវនៅក្នុងអំណាចភីលៀង នឹងអ្នកត្រួតត្រា ដរាបដល់វេលា ដែលឪពុកបានកំណត់ជាមុន ឯយើងរាល់គ្នាក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ នោះយើងត្រូវជាប់ចំណង ក្នុងអំណាចនៃអស់ទាំងបថមសិក្សារបស់លោកីយ តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រិត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូននោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទដែរ នៅវេលានោះ កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ នោះត្រូវជាប់បំរើដល់អស់ទាំងរបស់ ដែលមិនមែនជាព្រះពីកំណើតទេ តែឥឡូវនេះ លុះបានស្គាល់ព្រះហើយ (តែស៊ូថា ព្រះបានស្គាល់អ្នករាល់គ្នាវិញជាជាង) នោះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាបានត្រឡប់ ទៅឯបថមសិក្សាខ្សោយ ហើយទាបថោក ដែលអ្នករាល់គ្នាចង់ទៅជាប់បំរើម្តងទៀតនោះ អ្នករាល់គ្នាជាអ្នកកាន់ថ្ងៃ ខែ រដូវ នឹងឆ្នាំផ្សេងៗ ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងពួកអ្នករាល់គ្នា ជាឥតប្រយោជន៍។ បងប្អូនអើយ ខ្ញុំសូមអង្វរឲ្យអ្នករាល់គ្នាបានដូចខ្ញុំ ដ្បិតខ្ញុំដូចអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ តែអ្នករាល់គ្នាដឹងថា ខ្ញុំបានផ្សាយដំណឹងល្អមកអ្នករាល់គ្នាកាលពីដើម ដោយសេចក្ដីកំសោយខាងសាច់ឈាម ហើយអ្នករាល់គ្នាមិនបានមើលងាយ ចំពោះសេចក្ដីល្បងក្នុងសាច់ឈាមខ្ញុំ ឬចោលខ្ញុំចេញ ដោយខ្ពើមនោះទេ គឺបានទទួលខ្ញុំ ទុកដូចជាទេវតានៃព្រះវិញ ហើយដូចជាព្រះយេស៊ូវគ្រីស្ទផង ដូច្នេះ សេចក្ដីអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះ តើនៅឯណា ដ្បិតខ្ញុំធ្វើបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះអ្នករាល់គ្នានឹងខ្វេះភ្នែកចេញឲ្យមកខ្ញុំ បើសិនជាបាន ដូច្នេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវនឹងអ្នករាល់គ្នាវិញ ដោយព្រោះតែនិយាយសេចក្ដីពិតឬអី គេមានសេចក្ដីឧស្សាហ៍ដល់អ្នករាល់គ្នាណាស់ តែមិនល្អទេ គឺគេចង់តែឲ្យអ្នករាល់គ្នាចោលយើងខ្ញុំចេញ ដើម្បីឲ្យអ្នករាល់គ្នាប្រឹងសង្វាតទៅតាមគេវិញ គួរឲ្យមានសេចក្ដីសង្វាតខាងការល្អជាដរាបទៅ មិនមែនតែក្នុងកាលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង ហើយឥឡូវនេះ ខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានផ្លាស់ពាក្យសំដីចេញ ដ្បិតខ្ញុំមានសេចក្ដីសង្ស័យ ពីដំណើរអ្នករាល់គ្នាណាស់។