កាឡាទី 3:23-29

កាឡាទី 3:23-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មុន​ពេល​ជំនឿ​ចូល​មក យើង​បានជាប់​ឃុំ​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ទាំង​បង្ខាំង​ទុក​រហូត​ទាល់​តែ​ជំនឿ​ត្រូវ​លេច​ចេញ​មក។ ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​អ្នក​មើល​ថែ​យើង រហូត​ដល់​ព្រះ‌គ្រីស្ទ​យាង​មក ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ជំនឿ។ ឥឡូវ​នេះ ជំនឿ​បាន​មក​ដល់​ហើយ យើង​មិន​នៅ​ក្រោម​អំណាច​របស់​អ្នក​មើល​ថែ​នោះ​ទៀត​ទេ ដ្បិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ‌យេស៊ូវ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ។ ដ្បិត​អស់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​ព្រះ‌គ្រីស្ទ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌គ្រីស្ទ​ហើយ។ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រិក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស ឬ​គ្មាន​ស្រី​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​គ្រង​មត៌ក​តាម​សេចក្ដី​សន្យា។

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:23-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មុន​ពេល​ជំនឿ​មក​ដល់ យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។ ដូច្នេះ ក្រឹត្យ‌វិន័យ​មាន​នាទី​ណែ‌នាំ​យើង​ទៅ​កាន់​ព្រះ‌គ្រិស្ត ដើម្បី​ឲ្យ​យើង​បាន​សុចរិត​ដោយ‌សារ​ជំនឿ។ កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អ្វី​ដែល​ណែ‌នាំ​យើង​នោះ​ទៀត​ទេ ដ្បិត​ដោយ‌សារ​ជំនឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ បងប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ បងប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ឲ្យ​បាន​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​មាន​ព្រះ‌គ្រិស្ត​នៅ​ជាប់​ជា​មួយ​ដែរ។ ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បងប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះគ្រិស្ត‌យេស៊ូ។ ប្រសិន​បើ​បងប្អូន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:23-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​កាល​មុន​ដែល​មាន​សេចក្ដី​ជំនឿ​ចូល​មក នោះ​យើង​រាល់​គ្នា​ត្រូវ​បង្ខាំង​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​ត្រូវ​ឃុំ​ទុក សំរាប់​សេចក្ដី​ជំនឿ ដែល​ត្រូវ​លេច​មក បាន​ជា​ក្រិត្យ‌វិន័យ​ធ្វើ​ជា​អ្នក​ដឹក‌នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្ដី​ជំនឿ តែ​លុះ​កាល​សេចក្ដី​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក‌នាំ​នោះ​ទៀត​ទេ ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ‌គ្រីស្ទ​ហើយ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស នឹង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្ដី​សន្យា​ផង។

ចែក​រំលែក
អាន កាឡាទី 3