កាឡាទី 3:21-27
កាឡាទី 3:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនទេ! ដ្បិតប្រសិនបើមានក្រឹត្យវិន័យណាដែលមនុស្សទទួល ហើយអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ។ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្រោមអំពើបាប ដើម្បីឲ្យសេចក្ដីសន្យាដោយសារជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ បានប្រទានដល់អស់អ្នកដែលជឿ។ មុនពេលជំនឿចូលមក យើងបានជាប់ឃុំនៅក្រោមក្រឹត្យវិន័យ ទាំងបង្ខាំងទុករហូតទាល់តែជំនឿត្រូវលេចចេញមក។ ដូច្នេះ ក្រឹត្យវិន័យជាអ្នកមើលថែយើង រហូតដល់ព្រះគ្រីស្ទយាងមក ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារជំនឿ។ ឥឡូវនេះ ជំនឿបានមកដល់ហើយ យើងមិននៅក្រោមអំណាចរបស់អ្នកមើលថែនោះទៀតទេ ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ អ្នករាល់គ្នាសុទ្ធតែជាកូនរបស់ព្រះ។ ដ្បិតអស់ដែលបានទទួលពិធីជ្រមុជរួមជាមួយព្រះគ្រីស្ទ នោះបានប្រដាប់ខ្លួនដោយព្រះគ្រីស្ទហើយ។
កាឡាទី 3:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើបានសេចក្ដីថា ក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើក្រឹត្យវិន័យដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យមែន ក៏ប៉ុន្តែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រិស្ត។ មុនពេលជំនឿមកដល់ យើងជាប់ឃុំឃាំងក្រោមអំណាចរបស់ក្រឹត្យវិន័យ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។ ដូច្នេះ ក្រឹត្យវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យយើងបានសុចរិតដោយសារជំនឿ។ កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ ដ្បិតដោយសារជំនឿលើព្រះគ្រិស្តយេស៊ូ បងប្អូនសុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។ បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក* ដើម្បីឲ្យបានរួមជាមួយព្រះគ្រិស្ត បងប្អូនក៏មានព្រះគ្រិស្តនៅជាប់ជាមួយដែរ។
កាឡាទី 3:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ តើក្រិត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រិត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រិត្យវិន័យនោះហើយ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្ដីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្ដីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ តែកាលមុនដែលមានសេចក្ដីជំនឿចូលមក នោះយើងរាល់គ្នាត្រូវបង្ខាំងនៅក្រោមក្រិត្យវិន័យ គឺត្រូវឃុំទុក សំរាប់សេចក្ដីជំនឿ ដែលត្រូវលេចមក បានជាក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្ដីជំនឿ តែលុះកាលសេចក្ដីជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ