កាឡាទី 3:19-25
កាឡាទី 3:19-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យបន្ថែមដោយព្រោះអំពើរំលងច្បាប់ រហូតដល់ពូជដែលព្រះបានសន្យានោះយាងមកដល់ ហើយពួកទេវតាបាននាំយកក្រឹត្យវិន័យនេះមក តាមរយៈអ្នកកណ្ដាលម្នាក់។ អ្នកកណ្ដាលមិនមែនសម្រាប់តែភាគីម្ខាងនោះឡើយ រីឯព្រះវិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនទេ! ដ្បិតប្រសិនបើមានក្រឹត្យវិន័យណាដែលមនុស្សទទួល ហើយអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ។ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្រោមអំពើបាប ដើម្បីឲ្យសេចក្ដីសន្យាដោយសារជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ បានប្រទានដល់អស់អ្នកដែលជឿ។ មុនពេលជំនឿចូលមក យើងបានជាប់ឃុំនៅក្រោមក្រឹត្យវិន័យ ទាំងបង្ខាំងទុករហូតទាល់តែជំនឿត្រូវលេចចេញមក។ ដូច្នេះ ក្រឹត្យវិន័យជាអ្នកមើលថែយើង រហូតដល់ព្រះគ្រីស្ទយាងមក ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារជំនឿ។ ឥឡូវនេះ ជំនឿបានមកដល់ហើយ យើងមិននៅក្រោមអំណាចរបស់អ្នកមើលថែនោះទៀតទេ
កាឡាទី 3:19-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើដូច្នោះ តើក្រឹត្យវិន័យមានប្រយោជន៍អ្វី? ក្រឹត្យវិន័យកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាយាងមកដល់។ ពួកទេវតា*បាននាំយកក្រឹត្យវិន័យនេះមក តាមរយៈមនុស្សម្នាក់ ដែលជួយធ្វើអន្តរាគមន៍។ ប៉ុន្តែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្តរាគមន៍ឡើយ។ រីឯព្រះជាម្ចាស់វិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ តើបានសេចក្ដីថា ក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើក្រឹត្យវិន័យដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យមែន ក៏ប៉ុន្តែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រិស្ត។ មុនពេលជំនឿមកដល់ យើងជាប់ឃុំឃាំងក្រោមអំណាចរបស់ក្រឹត្យវិន័យ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។ ដូច្នេះ ក្រឹត្យវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យយើងបានសុចរិតដោយសារជំនឿ។ កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ
កាឡាទី 3:19-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ តើហេតុអ្វីបានជាមានក្រិត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្ដីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្ដីសន្យានោះឲ្យ ដោយសារពួកទេវតា នៅដៃនៃអ្នកកណ្តាលម្នាក់ រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។ ដូច្នេះ តើក្រិត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រិត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រិត្យវិន័យនោះហើយ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្ដីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្ដីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ តែកាលមុនដែលមានសេចក្ដីជំនឿចូលមក នោះយើងរាល់គ្នាត្រូវបង្ខាំងនៅក្រោមក្រិត្យវិន័យ គឺត្រូវឃុំទុក សំរាប់សេចក្ដីជំនឿ ដែលត្រូវលេចមក បានជាក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្ដីជំនឿ តែលុះកាលសេចក្ដីជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ