កាឡាទី 3:15-22
កាឡាទី 3:15-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំសូមលើកឧទាហរណ៍មួយអំពីជីវិតរស់នៅប្រចាំថ្ងៃថា កាលបើកិច្ចព្រមព្រៀងរបស់មនុស្សត្រូវបានគេទទួលស្គាល់ហើយ គ្មានអ្នកណាអាចលុបបំបាត់ ឬបន្ថែមអ្វីបានឡើយ។ ឥឡូវនេះ សេចក្ដីសន្យាដែលព្រះបានតាំងដល់លោកអ័ប្រាហាំ និងដល់ពូជរបស់លោក មិនមានចែងថា «ដល់ពូជទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជជាច្រើននោះឡើយ គឺសំដៅទៅលើម្នាក់វិញ ដោយថា «និងដល់ពូជរបស់អ្នក» ពោលគឺព្រះគ្រីស្ទ។ ខ្ញុំចង់និយាយដូច្នេះថា ក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយ មិនមែនលុបចោលសេចក្តីសញ្ញា ដែលព្រះបានទទួលស្គាល់ពីមុននោះឡើយ ពុំនោះទេសេចក្តីសន្យានឹងទៅជាអសាឥតការ។ ដ្បិតប្រសិនបើមត៌កនោះបានមកដោយអាងលើក្រឹត្យវិន័យ នោះមិនអាងលើសេចក្ដីសន្យាទេ តែព្រះបានប្រទានមត៌កនោះដល់លោកអ័ប្រាហាំ តាមសេចក្ដីសន្យាវិញ។ ដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យបន្ថែមដោយព្រោះអំពើរំលងច្បាប់ រហូតដល់ពូជដែលព្រះបានសន្យានោះយាងមកដល់ ហើយពួកទេវតាបាននាំយកក្រឹត្យវិន័យនេះមក តាមរយៈអ្នកកណ្ដាលម្នាក់។ អ្នកកណ្ដាលមិនមែនសម្រាប់តែភាគីម្ខាងនោះឡើយ រីឯព្រះវិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនទេ! ដ្បិតប្រសិនបើមានក្រឹត្យវិន័យណាដែលមនុស្សទទួល ហើយអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ។ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្រោមអំពើបាប ដើម្បីឲ្យសេចក្ដីសន្យាដោយសារជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ បានប្រទានដល់អស់អ្នកដែលជឿ។
កាឡាទី 3:15-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជម្រាបថា ប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ ឬបន្ថែមបន្ថយអ្វីបានទេ។ យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និងដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ត។ ខ្ញុំនិយាយដូច្នេះ ចង់ពន្យល់ថា ព្រះជាម្ចាស់បានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវរួចស្រេចហើយ។ រីឯក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់ព្រះអង្គឡើយ បើពុំនោះទេ ព្រះបន្ទូលសន្យាមុខជាបាត់ខ្លឹមសារមិនខាន។ ប្រសិនបើព្រះជាម្ចាស់ប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្តតាមក្រឹត្យវិន័យ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមព្រះបន្ទូលសន្យាទៀតឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់ប្រណីសន្ដោសលោកអប្រាហាំ ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ។ បើដូច្នោះ តើក្រឹត្យវិន័យមានប្រយោជន៍អ្វី? ក្រឹត្យវិន័យកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាយាងមកដល់។ ពួកទេវតា*បាននាំយកក្រឹត្យវិន័យនេះមក តាមរយៈមនុស្សម្នាក់ ដែលជួយធ្វើអន្តរាគមន៍។ ប៉ុន្តែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្តរាគមន៍ឡើយ។ រីឯព្រះជាម្ចាស់វិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ តើបានសេចក្ដីថា ក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើក្រឹត្យវិន័យដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យមែន ក៏ប៉ុន្តែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រិស្ត។
កាឡាទី 3:15-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ខ្ញុំនិយាយតាមបែបភាពមនុស្សថា សូម្បីតែសេចក្ដីសញ្ញារបស់មនុស្ស បើគេយល់ព្រមតាំងនឹងគ្នាជាស្រេចហើយ នោះគ្មានអ្នកណានឹងលើកចោល ឬបន្ថែមបញ្ចូលអ្វីឡើយ រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា «នឹងពូជទាំងប៉ុន្មាន» ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា «នឹងពូជលោក១នោះឯង» គឺជាព្រះគ្រីស្ទ ខ្ញុំចង់និយាយដូច្នេះថា សេចក្ដីសញ្ញាដែលព្រះបានយល់ព្រមជាមុន នោះក្រិត្យវិន័យ ដែលកើតឡើង៤៣០ឆ្នាំជាក្រោយនឹងលើកចោល ឲ្យសេចក្ដីសញ្ញានោះទៅជាឥតប្រយោជន៍មិនបាន ដ្បិតបើសិនជាមរដកនោះបានមក ដោយអាងក្រិត្យវិន័យ នោះមិនមែនអាងសេចក្ដីសន្យាទៀតទេ តែព្រះទ្រង់បានប្រទានដល់លោកអ័ប្រាហាំ តាមសេចក្ដីសន្យាវិញ ដូច្នេះ តើហេតុអ្វីបានជាមានក្រិត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្ដីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្ដីសន្យានោះឲ្យ ដោយសារពួកទេវតា នៅដៃនៃអ្នកកណ្តាលម្នាក់ រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។ ដូច្នេះ តើក្រិត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រិត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រិត្យវិន័យនោះហើយ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្ដីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្ដីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ