កាឡាទី 3:1-9
កាឡាទី 3:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱបងប្អូនអ្នកស្រុកកាឡាទីល្ងង់ខ្លៅអើយ! តើអ្នកណាបានធ្វើអំពើមកលើអ្នករាល់គ្នា? អ្នករាល់គ្នាបានទទួលសេចក្ដីបរិយាយយ៉ាងច្បាស់ អំពីព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង នៅចំពោះភ្នែកអ្នករាល់គ្នាហើយ។ ខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយឮដំណឹងល្អ ហើយមានជំនឿ? ម្ដេចក៏អ្នករាល់គ្នាល្ងង់ខ្លៅម៉្លេះ? អ្នករាល់គ្នាបានចាប់ផ្តើមដោយព្រះវិញ្ញាណ តែឥឡូវនេះ បញ្ចប់ដោយសាច់ឈាមដូច្នេះឬ? តើអ្នករាល់គ្នារងទុក្ខជាច្រើនឥតប្រយោជន៍ឬ? ប្រហែលជាឥតប្រយោជន៍មែនទេដឹង។ ឯព្រះដែលប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា និងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា តើដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារឮ ហើយមានជំនឿ? លោកអ័ប្រាហាំ «បានជឿព្រះ ហើយព្រះអង្គបានរាប់លោកជាសុចរិតដោយសារជំនឿ» ។ ដូច្នេះ ចូរដឹងថា អស់អ្នកដែលមានជំនឿ គេជាពូជរបស់លោកអ័ប្រាហាំ។ គម្ពីរបានដឹងជាមុនថា ព្រះនឹងរាប់សាសន៍ដទៃជាសុចរិតដោយសារជំនឿ ហើយលោកអ័ប្រាហាំបានទទួលដំណឹងល្អជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារអ្នក» ។ ហេតុនេះ អស់អ្នកដែលមានជំនឿ នឹងមានពរជាមួយលោកអ័ប្រាហាំ ដែលជាអ្នកមានជំនឿដែរ។
កាឡាទី 3:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងីល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីព្រះយេស៊ូគ្រិស្ត ដែលត្រូវគេឆ្កាងនោះយ៉ាងច្បាស់លាស់ហើយទេតើ! ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលព្រះវិញ្ញាណមកពីបានប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? ម្ដេចក៏បងប្អូនល្ងីល្ងើម៉្លេះ! បងប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយព្រះវិញ្ញាណ តែឥឡូវនេះ ម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ? បងប្អូនមានការពិសោធយ៉ាងច្រើននោះ តើអសារឥតការឬ? ទេ មិនមែនឥតបានការឡើយ! ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណមកបងប្អូន និងបញ្ចេញសកម្មភាព ដោយសម្តែងបាដិហារិយ៍ផ្សេងៗក្នុងចំណោមបងប្អូននោះ តើព្រះអង្គធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់? លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ ។ ដូច្នេះ សូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះហើយជាកូនចៅរបស់លោកអប្រាហាំ។ ក្នុងគម្ពីរមានគ្រោងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃឲ្យសុចរិត ដោយសារជំនឿ ហើយលោកអប្រាហាំបានទទួលដំណឹងល្អនេះជាមុនថា «ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក» ។ ហេតុនេះ អស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាអ្នកមានជំនឿនោះដែរ។
កាឡាទី 3:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្ដីពិតវិញដូច្នេះ ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្ដីជំនឿ តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់ម៉្លេះឬអី ដែលបានចាប់ផ្តើម ដោយព្រះវិញ្ញាណហើយ តើឥឡូវនេះបានគ្រប់លក្ខណ៍ឡើង ដោយសាច់ឈាមវិញឬ តើបានរងទុក្ខច្រើនម៉្លេះជាឥតប្រយោជន៍ឬអី គឺបើជាឥតប្រយោជន៍មែន ឯព្រះ ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយស្តាប់ ទាំងមានសេចក្ដីជំនឿវិញ ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក ដូច្នេះ ចូរដឹងថា ពួកអ្នកដែលមានសេចក្ដីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្ដីជំនឿ បានជាមានសេចក្ដីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារឯង» ដូច្នេះ អស់អ្នកដែលមានសេចក្ដីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿដែរ