កាឡាទី 3:1-29
កាឡាទី 3:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱបងប្អូនអ្នកស្រុកកាឡាទីល្ងង់ខ្លៅអើយ! តើអ្នកណាបានធ្វើអំពើមកលើអ្នករាល់គ្នា? អ្នករាល់គ្នាបានទទួលសេចក្ដីបរិយាយយ៉ាងច្បាស់ អំពីព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង នៅចំពោះភ្នែកអ្នករាល់គ្នាហើយ។ ខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយឮដំណឹងល្អ ហើយមានជំនឿ? ម្ដេចក៏អ្នករាល់គ្នាល្ងង់ខ្លៅម៉្លេះ? អ្នករាល់គ្នាបានចាប់ផ្តើមដោយព្រះវិញ្ញាណ តែឥឡូវនេះ បញ្ចប់ដោយសាច់ឈាមដូច្នេះឬ? តើអ្នករាល់គ្នារងទុក្ខជាច្រើនឥតប្រយោជន៍ឬ? ប្រហែលជាឥតប្រយោជន៍មែនទេដឹង។ ឯព្រះដែលប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា និងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា តើដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារឮ ហើយមានជំនឿ? លោកអ័ប្រាហាំ «បានជឿព្រះ ហើយព្រះអង្គបានរាប់លោកជាសុចរិតដោយសារជំនឿ» ។ ដូច្នេះ ចូរដឹងថា អស់អ្នកដែលមានជំនឿ គេជាពូជរបស់លោកអ័ប្រាហាំ។ គម្ពីរបានដឹងជាមុនថា ព្រះនឹងរាប់សាសន៍ដទៃជាសុចរិតដោយសារជំនឿ ហើយលោកអ័ប្រាហាំបានទទួលដំណឹងល្អជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារអ្នក» ។ ហេតុនេះ អស់អ្នកដែលមានជំនឿ នឹងមានពរជាមួយលោកអ័ប្រាហាំ ដែលជាអ្នកមានជំនឿដែរ។ រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្ដាសាហើយ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ» ។ ឥឡូវនេះ ច្បាស់ហើយថា គ្មានអ្នកណាម្នាក់បានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ដ្បិត «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។ ប៉ុន្តែ ក្រឹត្យវិន័យមិនអាងលើជំនឿទេ ផ្ទុយទៅវិញ «អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនោះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះ» ។ ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជាសេចក្តីសន្យាដោយសារជំនឿ។ បងប្អូនអើយ ខ្ញុំសូមលើកឧទាហរណ៍មួយអំពីជីវិតរស់នៅប្រចាំថ្ងៃថា កាលបើកិច្ចព្រមព្រៀងរបស់មនុស្សត្រូវបានគេទទួលស្គាល់ហើយ គ្មានអ្នកណាអាចលុបបំបាត់ ឬបន្ថែមអ្វីបានឡើយ។ ឥឡូវនេះ សេចក្ដីសន្យាដែលព្រះបានតាំងដល់លោកអ័ប្រាហាំ និងដល់ពូជរបស់លោក មិនមានចែងថា «ដល់ពូជទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជជាច្រើននោះឡើយ គឺសំដៅទៅលើម្នាក់វិញ ដោយថា «និងដល់ពូជរបស់អ្នក» ពោលគឺព្រះគ្រីស្ទ។ ខ្ញុំចង់និយាយដូច្នេះថា ក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយ មិនមែនលុបចោលសេចក្តីសញ្ញា ដែលព្រះបានទទួលស្គាល់ពីមុននោះឡើយ ពុំនោះទេសេចក្តីសន្យានឹងទៅជាអសាឥតការ។ ដ្បិតប្រសិនបើមត៌កនោះបានមកដោយអាងលើក្រឹត្យវិន័យ នោះមិនអាងលើសេចក្ដីសន្យាទេ តែព្រះបានប្រទានមត៌កនោះដល់លោកអ័ប្រាហាំ តាមសេចក្ដីសន្យាវិញ។ ដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យបន្ថែមដោយព្រោះអំពើរំលងច្បាប់ រហូតដល់ពូជដែលព្រះបានសន្យានោះយាងមកដល់ ហើយពួកទេវតាបាននាំយកក្រឹត្យវិន័យនេះមក តាមរយៈអ្នកកណ្ដាលម្នាក់។ អ្នកកណ្ដាលមិនមែនសម្រាប់តែភាគីម្ខាងនោះឡើយ រីឯព្រះវិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនទេ! ដ្បិតប្រសិនបើមានក្រឹត្យវិន័យណាដែលមនុស្សទទួល ហើយអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ។ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្រោមអំពើបាប ដើម្បីឲ្យសេចក្ដីសន្យាដោយសារជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ បានប្រទានដល់អស់អ្នកដែលជឿ។ មុនពេលជំនឿចូលមក យើងបានជាប់ឃុំនៅក្រោមក្រឹត្យវិន័យ ទាំងបង្ខាំងទុករហូតទាល់តែជំនឿត្រូវលេចចេញមក។ ដូច្នេះ ក្រឹត្យវិន័យជាអ្នកមើលថែយើង រហូតដល់ព្រះគ្រីស្ទយាងមក ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារជំនឿ។ ឥឡូវនេះ ជំនឿបានមកដល់ហើយ យើងមិននៅក្រោមអំណាចរបស់អ្នកមើលថែនោះទៀតទេ ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ អ្នករាល់គ្នាសុទ្ធតែជាកូនរបស់ព្រះ។ ដ្បិតអស់ដែលបានទទួលពិធីជ្រមុជរួមជាមួយព្រះគ្រីស្ទ នោះបានប្រដាប់ខ្លួនដោយព្រះគ្រីស្ទហើយ។ គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។ ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។
កាឡាទី 3:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងីល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីព្រះយេស៊ូគ្រិស្ត ដែលត្រូវគេឆ្កាងនោះយ៉ាងច្បាស់លាស់ហើយទេតើ! ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលព្រះវិញ្ញាណមកពីបានប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? ម្ដេចក៏បងប្អូនល្ងីល្ងើម៉្លេះ! បងប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយព្រះវិញ្ញាណ តែឥឡូវនេះ ម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ? បងប្អូនមានការពិសោធយ៉ាងច្រើននោះ តើអសារឥតការឬ? ទេ មិនមែនឥតបានការឡើយ! ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណមកបងប្អូន និងបញ្ចេញសកម្មភាព ដោយសម្តែងបាដិហារិយ៍ផ្សេងៗក្នុងចំណោមបងប្អូននោះ តើព្រះអង្គធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់? លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ ។ ដូច្នេះ សូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះហើយជាកូនចៅរបស់លោកអប្រាហាំ។ ក្នុងគម្ពីរមានគ្រោងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃឲ្យសុចរិត ដោយសារជំនឿ ហើយលោកអប្រាហាំបានទទួលដំណឹងល្អនេះជាមុនថា «ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក» ។ ហេតុនេះ អស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាអ្នកមានជំនឿនោះដែរ។ រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ» ។ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត «មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ» ។ រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមានចែងថា «អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនេះ» ។ ដោយព្រះគ្រិស្តបានទទួលបណ្ដាសាសម្រាប់យើង ព្រះអង្គលោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!» ។ ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។ បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជម្រាបថា ប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ ឬបន្ថែមបន្ថយអ្វីបានទេ។ យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និងដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ត។ ខ្ញុំនិយាយដូច្នេះ ចង់ពន្យល់ថា ព្រះជាម្ចាស់បានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវរួចស្រេចហើយ។ រីឯក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់ព្រះអង្គឡើយ បើពុំនោះទេ ព្រះបន្ទូលសន្យាមុខជាបាត់ខ្លឹមសារមិនខាន។ ប្រសិនបើព្រះជាម្ចាស់ប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្តតាមក្រឹត្យវិន័យ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមព្រះបន្ទូលសន្យាទៀតឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់ប្រណីសន្ដោសលោកអប្រាហាំ ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ។ បើដូច្នោះ តើក្រឹត្យវិន័យមានប្រយោជន៍អ្វី? ក្រឹត្យវិន័យកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាយាងមកដល់។ ពួកទេវតា*បាននាំយកក្រឹត្យវិន័យនេះមក តាមរយៈមនុស្សម្នាក់ ដែលជួយធ្វើអន្តរាគមន៍។ ប៉ុន្តែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្តរាគមន៍ឡើយ។ រីឯព្រះជាម្ចាស់វិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ តើបានសេចក្ដីថា ក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើក្រឹត្យវិន័យដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យមែន ក៏ប៉ុន្តែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រិស្ត។ មុនពេលជំនឿមកដល់ យើងជាប់ឃុំឃាំងក្រោមអំណាចរបស់ក្រឹត្យវិន័យ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។ ដូច្នេះ ក្រឹត្យវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យយើងបានសុចរិតដោយសារជំនឿ។ កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ ដ្បិតដោយសារជំនឿលើព្រះគ្រិស្តយេស៊ូ បងប្អូនសុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។ បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក* ដើម្បីឲ្យបានរួមជាមួយព្រះគ្រិស្ត បងប្អូនក៏មានព្រះគ្រិស្តនៅជាប់ជាមួយដែរ។ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ត្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រិស្តយេស៊ូ។ ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រិស្ត បងប្អូនជាពូជពង្សរបស់លោកអប្រាហាំ ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។
កាឡាទី 3:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្ដីពិតវិញដូច្នេះ ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្ដីជំនឿ តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់ម៉្លេះឬអី ដែលបានចាប់ផ្តើម ដោយព្រះវិញ្ញាណហើយ តើឥឡូវនេះបានគ្រប់លក្ខណ៍ឡើង ដោយសាច់ឈាមវិញឬ តើបានរងទុក្ខច្រើនម៉្លេះជាឥតប្រយោជន៍ឬអី គឺបើជាឥតប្រយោជន៍មែន ឯព្រះ ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយស្តាប់ ទាំងមានសេចក្ដីជំនឿវិញ ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក ដូច្នេះ ចូរដឹងថា ពួកអ្នកដែលមានសេចក្ដីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្ដីជំនឿ បានជាមានសេចក្ដីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារឯង» ដូច្នេះ អស់អ្នកដែលមានសេចក្ដីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿដែរ តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យ នោះត្រូវបណ្តាសាវិញ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរក្រិត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម» ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រិត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្ដីជំនឿ» ឯក្រិត្យវិន័យ មិនអាងសេចក្ដីជំនឿទេ គឺអ្នកណាដែលអាចនឹងប្រព្រឹត្ត តាមសេចក្ដីទាំងនោះបាន អ្នកនោះនឹងរស់នៅ ដោយសារសេចក្ដីទាំងនោះ ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្តាសារបស់ក្រិត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្ដីជំនឿ។ បងប្អូនអើយ ខ្ញុំនិយាយតាមបែបភាពមនុស្សថា សូម្បីតែសេចក្ដីសញ្ញារបស់មនុស្ស បើគេយល់ព្រមតាំងនឹងគ្នាជាស្រេចហើយ នោះគ្មានអ្នកណានឹងលើកចោល ឬបន្ថែមបញ្ចូលអ្វីឡើយ រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា «នឹងពូជទាំងប៉ុន្មាន» ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា «នឹងពូជលោក១នោះឯង» គឺជាព្រះគ្រីស្ទ ខ្ញុំចង់និយាយដូច្នេះថា សេចក្ដីសញ្ញាដែលព្រះបានយល់ព្រមជាមុន នោះក្រិត្យវិន័យ ដែលកើតឡើង៤៣០ឆ្នាំជាក្រោយនឹងលើកចោល ឲ្យសេចក្ដីសញ្ញានោះទៅជាឥតប្រយោជន៍មិនបាន ដ្បិតបើសិនជាមរដកនោះបានមក ដោយអាងក្រិត្យវិន័យ នោះមិនមែនអាងសេចក្ដីសន្យាទៀតទេ តែព្រះទ្រង់បានប្រទានដល់លោកអ័ប្រាហាំ តាមសេចក្ដីសន្យាវិញ ដូច្នេះ តើហេតុអ្វីបានជាមានក្រិត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្ដីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្ដីសន្យានោះឲ្យ ដោយសារពួកទេវតា នៅដៃនៃអ្នកកណ្តាលម្នាក់ រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។ ដូច្នេះ តើក្រិត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រិត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រិត្យវិន័យនោះហើយ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្ដីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្ដីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ តែកាលមុនដែលមានសេចក្ដីជំនឿចូលមក នោះយើងរាល់គ្នាត្រូវបង្ខាំងនៅក្រោមក្រិត្យវិន័យ គឺត្រូវឃុំទុក សំរាប់សេចក្ដីជំនឿ ដែលត្រូវលេចមក បានជាក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្ដីជំនឿ តែលុះកាលសេចក្ដីជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្ដីសន្យាផង។