កាឡាទី 2:17-21
កាឡាទី 2:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ប្រសិនបើយើងសង្វាតឲ្យបានសុចរិតក្នុងព្រះគ្រីស្ទ ហើយឃើញខ្លួនយើងថាជាមនុស្សមានបាបដែរនោះ តើព្រះគ្រីស្ទជាអ្នកបម្រើអំពើបាបឬ? ទេ មិនមែនទេ! ប៉ុន្ដែ បើខ្ញុំសង់អ្វីដែលខ្ញុំបានរំលំពីមុនឡើងវិញ នោះឈ្មោះថា ខ្ញុំជាអ្នករំលងច្បាប់ហើយ។ ដ្បិតដោយសារក្រឹត្យវិន័យ ខ្ញុំបានស្លាប់ខាងឯក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចរស់ខាងឯព្រះវិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។ ខ្ញុំមិនលើកព្រះគុណរបស់ព្រះចោលឡើយ តែប្រសិនបើសេចក្ដីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍។
កាឡាទី 2:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ត ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្តនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើខ្ញុំសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះ បានសេចក្ដីថា ខ្ញុំប្រព្រឹត្តល្មើសក្រឹត្យវិន័យ។ ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ត ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។ ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារក្រឹត្យវិន័យនោះ បានសេចក្ដីថា ព្រះគ្រិស្តសោយទិវង្គតឥតបានការអ្វីទេ!។
កាឡាទី 2:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯ កាលយើងខ្ញុំកំពុងតែស្វែងរកឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ នោះបើសិនជាគេឃើញយើងមានបាបវិញ ដូច្នេះ តើព្រះគ្រីស្ទជាអ្នកចែកចាយអំពើបាបឬអី ទេ មិនមែនឡើយ ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ ដោយសារក្រិត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេ ដ្បិតបើសិនជាសេចក្ដីសុចរិតមកដោយសារក្រិត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ។