កាឡាទី 2:11-14

កាឡាទី 2:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ពេល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ខ្ញុំ​បានជំ​ទាស់​នឹង​លោក​នៅ​ចំពោះ​មុខ ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន។ ដ្បិត​មុន​ពេល​លោក​យ៉ាកុប​ចាត់​អ្នក​ខ្លះ​ឲ្យ​មក លោក​បាន​បរិ‌ភោគ​ជា​មួយ​ពួក​សាសន៍​ដទៃ តែ​ពេល​ពួក​គេ​មក​ដល់​ហើយ លោក​ក៏​ដក​ខ្លួន​ថយ​ចេញ​ដោយ​ឡែក ដោយ​ខ្លាច​ពួក​កាត់​ស្បែក។ សាសន៍​យូដា​ឯ​ទៀត​ក៏​ប្រព្រឹត្ត​ដោយ​លាក់​ពុត​ជា​មួយ​លោក​ដែរ ហើយ​សូម្បី​តែ​លោក​បាណា‌បាស ក៏​ត្រូ​វ​គេ​អូស​ទាញឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។ ប៉ុន្តែ ពេល​ខ្ញុំ​ឃើញ​ថា កិរិយា​របស់​គេ​មិន​ស្រប​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «បើ​លោក​ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​ដូច​សាសន៍​យូដា តែ​ប្រព្រឹត្ត​ដូច​សាសន៍​ដទៃ​វិញ ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ឲ្យ​សាសន៍​ដទៃ​ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ?»

ចែក​រំលែក
អាន កាឡាទី 2

កាឡាទី 2:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ នៅ​ពេល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។ លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បងប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក​ពី​បងប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បងប្អូន​សាសន៍​យូដា។ បងប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​លោក គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់​ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។ ពេល​ខ្ញុំ​ឃើញ​បងប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជម្រាប​លោក​ពេត្រុស​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថា: “បើ​លោក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​លោក​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន៍​យូដា​ម្ដេច​កើត?”។

ចែក​រំលែក
អាន កាឡាទី 2

កាឡាទី 2:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ កាល​លោក​ពេត្រុស​បាន​មក​ដល់​អាន់‌ទី‌យ៉ូក នោះ​ខ្ញុំ​បាន​ទាស់​ទទឹង​នឹង​លោក​នៅ​ប្រទល់​មុខ ពី​ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន ដ្បិត​មុន​ដែល​មាន​អ្នក​ខ្លះ​មក​ពី​លោក​យ៉ាកុប នោះ​លោក​បាន​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ដទៃ តែ​លុះ​គេ​មក​ដល់​ហើយ នោះ​លោក​ដក​ខ្លួន​ថយ​ចេញ ដោយ​កោត‌ខ្លាច​ដល់​ពួក​កាត់​ស្បែក ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណា‌បាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត កាល​ខ្ញុំ​ឃើញ​ថា គេ​មិន​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ទេ នោះ​ខ្ញុំ​ក៏​សួរ​លោក​ពេត្រុស នៅ​មុខ​មនុស្ស​ទាំង​អស់​ថា បើ​លោក ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​របស់​សាសន៍​យូដា​ទេ គឺ​ប្រព្រឹត្ត​តាម​ទំនៀម‌ទំលាប់​សាសន៍​ដទៃ​វិញ នោះ​ហេតុ​អ្វី​បាន​ជា​បង្ខំ​ឲ្យ​សាសន៍​ដទៃ ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ

ចែក​រំលែក
អាន កាឡាទី 2