កាឡាទី 2:1-3
កាឡាទី 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងយកលោកទីតុសទៅជាមួយដែរ។ ខ្ញុំបានឡើងទៅតាមការបើកសម្តែង ហើយបានប្រាប់ពួកគេអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសក្នុងចំណោមសាសន៍ដទៃ (រីឯអស់អ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក) ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចមកហើយ ត្រឡប់ទៅជាឥតប្រយោជន៍។ ប៉ុន្តែ សូម្បីតែលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្តី ក៏គេមិនបានបង្ខំឲ្យគាត់កាត់ស្បែកដែរ។
កាឡាទី 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀតជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូននៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។ រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីកាត់ស្បែក*ដែរ
កាឡាទី 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកន្លងក្រោយមក១៤ឆ្នាំ នោះខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយនឹងបាណាបាស ក៏យកទីតុសទៅជាមួយដែរ ខ្ញុំបានឡើងទៅ តាមសេចក្ដីដែលបើកសំដែងមក ហើយបានបង្ហាញដំណឹងល្អ ដែលខ្ញុំថ្លែងប្រាប់នៅក្នុងពួកសាសន៍ដទៃ ឲ្យពួកអ្នកមុខបានស្គាល់ដោយឡែក ក្រែងខ្ញុំកំពុងតែរត់ ឬបានរត់ពីដើមនោះ ជាបែបឥតប្រយោជន៍យ៉ាងណា (តែគេមិនបង្ខំឲ្យទីតុស ជាសាសន៍ក្រេក ដែលនៅជាមួយនឹងខ្ញុំ បានកាត់ស្បែកទេ)