កាឡាទី 1:18-24
កាឡាទី 1:18-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះបីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ក៏នៅជាមួយលោកអស់រយៈពេលដប់ប្រាំថ្ងៃ។ ប៉ុន្តែ មិនបានឃើញសាវកផ្សេងទៀតទេ ឃើញតែលោកយ៉ាកុប ជាប្អូនព្រះអម្ចាស់ប៉ុណ្ណោះ។ សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ នៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ។ បន្ទាប់មកទៀត ខ្ញុំបានទៅស្រុកស៊ីរី និងស្រុកគីលីគា ហើយក្រុមជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ គេគ្រាន់តែឮពាក្យថា «អ្នកដែលធ្លាប់បៀតបៀនយើងពីដើម ឥឡូវនេះ កំពុងប្រកាសដំណឹងល្អអំពីជំនឿ ដែលគាត់បានព្យាយាមបំផ្លាញពីមុននោះទៅវិញ»។ គេក៏នាំគ្នាលើកតម្កើងព្រះព្រោះតែខ្ញុំ។
កាឡាទី 1:18-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។ ប៉ុន្តែ ខ្ញុំពុំបានជួបនឹងសាវ័ក*ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និងស្រុកគីលីគា តែក្រុមជំនុំនានាដែលជឿព្រះគ្រិស្តនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។ បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា “អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អអំពីជំនឿ ដែលគាត់ចង់កម្ទេចពីមុននោះទៅវិញ!”។ គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។
កាឡាទី 1:18-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះក្រោយ៣ឆ្នាំមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ក៏នៅជាមួយនឹងលោកអស់១៥ថ្ងៃ តែមិនបានឃើញពួកសាវកឯទៀតទេ ឃើញតែយ៉ាកុប ជាប្អូននៃព្រះអម្ចាស់ប៉ុណ្ណោះ រីឯសេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល ខ្ញុំនៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ ក្រោយនោះ ខ្ញុំបានមកក្នុងស្រុកស៊ីរី នឹងស្រុកគីលីគា តែពួកជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ គេគ្រាន់តែឮថា អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះ កំពុងផ្សាយដំណឹងពីសេចក្ដីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ ហើយគេក៏សរសើរដំកើងដល់ព្រះដោយព្រោះខ្ញុំ។