កាឡាទី 1:11-16
កាឡាទី 1:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់ មិនមែនជាដំណឹងល្អរបស់មនុស្សទេ ដ្បិតខ្ញុំមិនបានទទួលពីមនុស្ស ក៏មិនបានរៀនពីអ្នកណានោះឡើយ គឺខ្ញុំបានទទួល ដោយសារព្រះយេស៊ូវគ្រីស្ទបើកសម្ដែងឲ្យខ្ញុំស្គាល់។ ដ្បិតអ្នករាល់គ្នាបានឮពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាយូដាកាលពីដើមហើយថា ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងកាចសាហាវ ហើយបានព្យាយាមបំផ្លាញក្រុមជំនុំនេះទៀតផង។ ខ្ញុំបានកាន់តាមសាសនាយូដាយ៉ាងល្អ លើសជាងជនរួមជាតិរបស់ខ្ញុំ ដែលស្រករៗនឹងខ្ញុំទៅទៀត ព្រោះខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។ ប៉ុន្តែ ព្រះបានរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយទ្រង់បានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យបើកសម្តែងឲ្យខ្ញុំស្គាល់ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំបានប្រកាសអំពីព្រះអង្គក្នុងចំណោមសាសន៍ដទៃ ខ្ញុំមិនបានទៅប្រឹក្សាជាមួយអ្នកណាម្នាក់ឡើយ
កាឡាទី 1:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អ*ដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រិស្ត*ឯណោះ ដែលបានសម្តែងឲ្យខ្ញុំស្គាល់។ បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចក្រុមជំនុំនេះទៀតផង។ ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាងជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។ ប៉ុន្តែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះគុណរបស់ព្រះអង្គ។ នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្តែងឲ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។
កាឡាទី 1:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានថ្លែងប្រាប់ នោះមិនមែនតាមមនុស្សទេ ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនខ្ញុំផង គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ អ្នករាល់គ្នាបានឮនិយាយពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាពួកយូដាកាលពីដើម ថាខ្ញុំបានធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំនៃព្រះជាខ្លាំងណាស់ ហើយថា ខ្ញុំកំពុងតែជឿនឡើងក្នុងសាសនារបស់ពួកយូដា លើសជាងពួកសាសន៍ខ្ញុំ ដែលស្រករនឹងខ្ញុំជាច្រើនដែរ ពីព្រោះខ្ញុំមានចិត្តឧស្សាហ៍ តាមសណ្តាប់បុរាណរបស់ពួកឰយុកោខ្ញុំ លើសជាងគេសន្ធឹក ប៉ុន្តែ កាលព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយបានហៅខ្ញុំដោយព្រះគុណទ្រង់ បានសព្វព្រះហឫទ័យ នឹងបើកសំដែងព្រះរាជបុត្រាទ្រង់ មកក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អពីទ្រង់ ដល់ពួកសាសន៍ដទៃ នោះខ្ញុំមិនបានទៅប្រឹក្សានឹងសាច់ឈាមទេ