កាឡាទី 1:1-9
កាឡាទី 1:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាសាវក មិនមែនតែងតាំងដោយមនុស្ស ឬដោយអ្នកណាម្នាក់ឡើយ គឺដោយសារព្រះយេស៊ូវគ្រីស្ទ និងព្រះ ជាព្រះវរបិតា ដែលបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ខ្ញុំ ព្រមទាំងបងប្អូនទាំងអស់គ្នា ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ សូមព្រះ ជាព្រះវរបិតានៃយើង និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។ ព្រះអង្គបានប្រគល់អង្គទ្រង់ដោយព្រោះតែបាបរបស់យើង ដើម្បីរំដោះយើងឲ្យរួចពីលោកីយ៍ដ៏អាក្រក់សព្វថ្ងៃនេះ តាមព្រះហឫទ័យរបស់ព្រះ ជាព្រះវរបិតារបស់យើង។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រីស្ទឆាប់យ៉ាងនេះ ហើយទៅតាមដំណឹងល្អមួយផ្សេង នេះមិនមែនមានន័យថា មានដំណឹងល្អណាមួយផ្សេងទៀតនោះទេ តែមានអ្នកខ្លះបំភាន់អ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ ប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។ ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
កាឡាទី 1:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ជាសាវ័ក* ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយព្រះយេស៊ូគ្រិស្ត និងព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ សូមព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត* ប្រទានព្រះគុណ និងសេចក្ដីសុខដល់បងប្អូន។ ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ជាព្រះបិតានៃយើង ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើឲ្យកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រិស្តប៉ុណ្ណោះ។ ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្ដី ឬទេវតា*ណាមួយពីស្ថានបរមសុខ*ក្ដី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ! ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ!។
កាឡាទី 1:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ដែលជាសាវក មិនមែនអំពីមនុស្ស ឬដោយសារមនុស្សទេ គឺដោយសារព្រះយេស៊ូវគ្រីស្ទ នឹងព្រះដ៏ជាព្រះវរបិតា ដែលបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងនោះវិញ ខ្ញុំ នឹងពួកបងប្អូនទាំងអស់គ្នា ដែលនៅជាមួយនឹងខ្ញុំ យើងផ្ញើមកពួកជំនុំទាំងប៉ុន្មាន នៅស្រុកកាឡាទី សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា នឹងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោសឲ្យយើងបានរួចពីលោកីយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង សូមឲ្យទ្រង់បានសិរីល្អ ដល់អស់កល្បជានិច្ចរៀងតទៅ អាម៉ែន។ ខ្ញុំឆ្ងល់ណាស់ ពីដំណើរដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមក ក្នុងព្រះគុណនៃព្រះគ្រីស្ទ ជាឆាប់ម៉្លេះ នឹងទៅតាមដំណឹងល្អផ្សេងទៀតនោះ ដែលមិនមែនជាដំណឹងល្អ១ទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទផង ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ