កាឡាទី 1:1-5
កាឡាទី 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាសាវក មិនមែនតែងតាំងដោយមនុស្ស ឬដោយអ្នកណាម្នាក់ឡើយ គឺដោយសារព្រះយេស៊ូវគ្រីស្ទ និងព្រះ ជាព្រះវរបិតា ដែលបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ខ្ញុំ ព្រមទាំងបងប្អូនទាំងអស់គ្នា ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ សូមព្រះ ជាព្រះវរបិតានៃយើង និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។ ព្រះអង្គបានប្រគល់អង្គទ្រង់ដោយព្រោះតែបាបរបស់យើង ដើម្បីរំដោះយើងឲ្យរួចពីលោកីយ៍ដ៏អាក្រក់សព្វថ្ងៃនេះ តាមព្រះហឫទ័យរបស់ព្រះ ជាព្រះវរបិតារបស់យើង។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
កាឡាទី 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ជាសាវ័ក* ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយព្រះយេស៊ូគ្រិស្ត និងព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ សូមព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត* ប្រទានព្រះគុណ និងសេចក្ដីសុខដល់បងប្អូន។ ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
កាឡាទី 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ដែលជាសាវក មិនមែនអំពីមនុស្ស ឬដោយសារមនុស្សទេ គឺដោយសារព្រះយេស៊ូវគ្រីស្ទ នឹងព្រះដ៏ជាព្រះវរបិតា ដែលបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងនោះវិញ ខ្ញុំ នឹងពួកបងប្អូនទាំងអស់គ្នា ដែលនៅជាមួយនឹងខ្ញុំ យើងផ្ញើមកពួកជំនុំទាំងប៉ុន្មាន នៅស្រុកកាឡាទី សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា នឹងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោសឲ្យយើងបានរួចពីលោកីយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង សូមឲ្យទ្រង់បានសិរីល្អ ដល់អស់កល្បជានិច្ចរៀងតទៅ អាម៉ែន។