អែសរ៉ា 9:1-15
អែសរ៉ា 9:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលការទាំងនេះបានសម្រេចហើយ ពួកមេដឹកនាំបានចូលមកប្រាប់ខ្ញុំថា "ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ។ ដ្បិតគេបានយកកូនស្រីសាសន៍ទាំងនោះមកធ្វើជាប្រពន្ធសម្រាប់ខ្លួនគេ និងសម្រាប់កូនប្រុសរបស់គេ ហើយធ្វើឲ្យពូជបរិសុទ្ធបានលាយឡំជាមួយប្រជាជននៅស្រុកនេះ។ ពួកអ្នកដឹកនាំ និងពួកគ្រប់គ្រងបាននាំអាទិ៍អំពើរំលងនេះមុនគេ"។ កាលខ្ញុំឮដូច្នេះ ខ្ញុំក៏ហែកសម្លៀកបំពាក់ និងអាវធំរបស់ខ្ញុំ ហើយបោចសក់ក្បាល និងពុកចង្ការបស់ខ្ញុំ ហើយអង្គុយទាំងស្លុតចិត្ត។ គ្រានោះ អស់អ្នកណាដែលញាប់ញ័រនឹងព្រះបន្ទូលរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាមកជុំវិញខ្ញុំ ដោយព្រោះអំពើក្បត់របស់ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ ក្នុងកាលដែលខ្ញុំអង្គុយស្លុតចិត្ត រហូតដល់ពេលតង្វាយល្ងាច។ នៅពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ក្រោកចេញពីភាពសោកសៅនោះ ទាំងមានសម្លៀកបំពាក់ និងអាវធំរហែកនៅជាប់ខ្លួន រួចលុតជង្គង់ចុះ ហើយលើកដៃប្រទូលទៅរកព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ហើយទូលថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអាម៉ាស់ ហើយខ្មាសមិនហ៊ានងើបមុខសម្លឹងទៅរកព្រះអង្គ ជាព្រះនៃទូលបង្គំទេ ព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំបានងើបឡើង ខ្ពស់ជាងក្បាលយើងខ្ញុំហើយ ឯទោសរបស់យើងខ្ញុំក៏កើនឡើង រហូតដល់ផ្ទៃមេឃដែរ។ តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំ រហូតមកដល់សព្វថ្ងៃ យើងខ្ញុំមានទោសធ្ងន់ណាស់ ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ពួកស្តេចរបស់យើងខ្ញុំ និងពួកសង្ឃរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់ពួកស្តេចស្រុកដទៃ ឲ្យគេសម្លាប់ដោយដាវ ឲ្យគេនាំទៅជាឈ្លើយ ឲ្យគេរឹបយកទ្រព្យសម្បត្តិ ហើយឲ្យមានសេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ។ ប៉ុន្ដែ ឥឡូវនេះ នៅវេលាមួយដ៏ខ្លី ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានសម្ដែងព្រះហឫទ័យប្រោសប្រណី ឲ្យយើងខ្ញុំបាននៅសេសសល់ ហើយបានប្រទានឲ្យយើងខ្ញុំមានបង្គោលមួយនៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ដើម្បីឲ្យព្រះនៃយើងខ្ញុំបានបំភ្លឺភ្នែកយើងខ្ញុំ ហើយប្រោសប្រទានឲ្យយើងខ្ញុំបានធូរស្រាលបន្តិច នៅក្នុងការបម្រើគេនេះ។ ដ្បិតយើងខ្ញុំជាបាវបម្រើគេមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ ក្នុងពេលយើងនៅបម្រើគេឡើយ គឺបានសម្ដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅចំពោះពួកស្តេចស្រុកពើស៊ី ដើម្បីតាំងព្រះដំណាក់របស់ព្រះនៃយើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែងនៅស្រុកយូដា និងក្រុងយេរូសាឡិមឡើង។ ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍ដូច្នេះ តើយើងខ្ញុំត្រូវនិយាយដូចម្តេច? ដ្បិតយើងខ្ញុំបានបោះបង់ចោលបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលព្រះអង្គបានបង្គាប់មក ដោយសារពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គថា "ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកស្មោកគ្រោក ដោយព្រោះអំពើស្មោកគ្រោករបស់ប្រជាជនដែលនៅស្រុកនោះ ហើយដោយព្រោះអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្ត ស្រុកនោះមានពេញដោយសេចក្ដីស្មោកគ្រោករបស់គេ ចាប់ពីចុងម្ខាង រហូតដល់ចុងម្ខាង។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវលើកកូនស្រីរបស់ខ្លួន ឲ្យទៅកូនប្រុសរបស់គេ ក៏មិនត្រូវយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់អ្នករាល់គ្នា ហើយមិនត្រូវស្វែងរកសេចក្ដីសុខ ឬការចម្រុងចម្រើនរបស់គេឡើយ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ហើយបរិភោគផលល្អរបស់ស្រុកនោះ ព្រមទាំងទុកជាមត៌កដល់កូនចៅរបស់អ្នករាល់គ្នារហូតតទៅ"។ ក្រោយពីហេតុការណ៍ទាំងប៉ុន្មានដែលបានធ្លាក់មកលើយើងខ្ញុំ ដោយព្រោះអំពើអាក្រក់ និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ នោះព្រះអង្គ គឺព្រះនៃយើងខ្ញុំ ព្រះអង្គមិនបានដាក់ទោសយើងខ្ញុំ ឲ្យស្មើនឹងអំពើទុច្ចរិតរបស់យើងខ្ញុំទេ ហើយដោយបានប្រោសឲ្យយើងខ្ញុំមាននៅសេសសល់ដូច្នេះ នោះតើយើងខ្ញុំនឹងបែរទៅប្រព្រឹត្តរំលងបទបញ្ជារបស់ព្រះអង្គទៀត ដោយរៀបការនឹងសាសន៍ដទៃ ដែលប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះឬ? តើព្រះអង្គមិនមានសេចក្ដីក្រោធនឹងយើងខ្ញុំ រហូតដល់បំផ្លាញយើងខ្ញុំអស់រលីង កុំឲ្យមានសេសសល់ ឬកុំមានអ្នកណាម្នាក់គេចផុតទេឬ? ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ព្រះអង្គសុចរិត ដ្បិតមានតែយើងខ្ញុំដែលនៅសេសសល់នេះទេបានរួចជីវិត ដូចមានសព្វថ្ងៃនេះ។ មើល៍ យើងខ្ញុំនៅចំពោះព្រះអង្គ ទាំងជាប់មានបាប ដ្បិតដោយព្រោះអំពើបែបនេះ គ្មានអ្នកណាអាចឈរនៅចំពោះព្រះអង្គបានឡើយ»។
អែសរ៉ា 9:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រាអែល ក្រុមបូជាចារ្យ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។ ពួកគេ និងកូនប្រុសរបស់គេ បានយកកូនស្រីរបស់ជនជាតិទាំងនោះមកធ្វើជាប្រពន្ធ ជាហេតុធ្វើឲ្យជាតិដ៏វិសុទ្ធ លាយជាមួយជាតិសាសន៍នៅក្នុងស្រុកនោះ។ ពួកមេដឹកនាំ និងពួកគ្រប់គ្រងនាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ”។ ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។ អស់អ្នកដែលខ្លាចព្រះនៃជនជាតិអ៊ីស្រាអែល ដាក់ទោសជនជាតិយូដាជាប់ជាឈ្លើយ ដែលត្រឡប់មកវិញ ហើយប្រព្រឹត្តអំពើក្បត់បែបនេះ ក៏នាំគ្នាមកអង្គុយជុំវិញខ្ញុំដែរ។ ខ្ញុំអង្គុយបែបនេះ រហូតដល់ពេលថ្វាយតង្វាយល្ងាច។ លុះដល់ពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកព្រះអម្ចាស់ ជាព្រះនៃខ្ញុំ ដោយទូលអង្វរថា៖ «ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំអាម៉ាស់មុខខ្លាំងណាស់! ព្រះនៃទូលបង្គំអើយ ទូលបង្គំខ្មាសមិនហ៊ានសម្លឹងទៅរកព្រះអង្គទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។ តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃ យើងខ្ញុំមានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាព្រះអង្គប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងបូជាចារ្យរបស់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវ កៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ធ្វើឲ្យយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ បានសម្តែងព្រះហឫទ័យប្រណីសន្ដោសមកលើយើងខ្ញុំ ដោយប្រោសប្រទានឲ្យប្រជាជនមួយចំនួននៅសេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ។ ទោះបីយើងធ្លាក់ខ្លួនជាទាសករក្ដី ក៏ព្រះនៃយើងខ្ញុំប្រោសឲ្យយើងខ្ញុំបានភ្លឺភ្នែក និងឲ្យយើងខ្ញុំមានជីវិតធូរស្រាលឡើងវិញ។ យើងខ្ញុំជាទាសករមែន ប៉ុន្តែ ព្រះនៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភ័ក្ត្រស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជម្រកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។ ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើឲ្យយើងខ្ញុំពោលដូចម្ដេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទបញ្ជារបស់ព្រះអង្គទេ គឺបទបញ្ជាដែលព្រះអង្គប្រទានដល់យើងខ្ញុំ តាមរយៈព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយ គួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។ ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ដទៃ ហើយក៏មិនត្រូវឲ្យកូនប្រុសរបស់អ្នករាល់គ្នា រៀបការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និងចម្រុងចម្រើនក្ដី កុំរវីរវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរមត៌ក ឲ្យកូនចៅរបស់អ្នករហូតតរៀងទៅ”។ ឱព្រះនៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះអង្គពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះអង្គបានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេសសល់។ យើងខ្ញុំពុំអាចរំលោភលើបទបញ្ជារបស់ព្រះអង្គ ដោយទៅចងស្ពានមេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀតទេ។ បើមិនដូច្នោះទេ ព្រះអង្គមុខជាព្រះពិរោធទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំឲ្យវិនាសសូន្យ ឥតទុកឲ្យនៅសេសសល់ឡើយ។ បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គជាព្រះដ៏សុចរិត ហេតុនេះហើយបានជាព្រះអង្គទុកឲ្យយើងខ្ញុំនៅសេសសល់។ យើងខ្ញុំស្ថិតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ទាំងមានបាប។ ធម្មតា អ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ»។
អែសរ៉ា 9:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលការទាំងនោះបានសំរេចអស់ហើយ នោះពួកអ្នកជាប្រធាន ក៏មកឯខ្ញុំនិយាយថា ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ នឹងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ នឹងសាសន៍អាម៉ូរីវិញ ដ្បិតគេបានយកកូនស្រីក្រមុំនៃសាសន៍ទាំងនោះសំរាប់ខ្លួនគេ នឹងសំរាប់កូនប្រុសគេដែរ យ៉ាងនោះពូជបរិសុទ្ធបានលាយឡំនឹងពួកអ្នកស្រុកទាំងនេះ ហើយគឺពួកអ្នកជាប្រធាន នឹងពួកចៅហ្វាយជាលេខ១ ក្នុងការរំលងនេះដែរ កាលខ្ញុំបានឮសេចក្ដីនោះ ខ្ញុំក៏ហែកសំលៀកបំពាក់ បោចសក់ក្បាល នឹងពុកចង្ការបស់ខ្ញុំ ហើយស្លុតចិត្តអង្គុយនៅ គ្រានោះ អស់អ្នកណាដែលញាប់ញ័រចំពោះព្រះបន្ទូល នៃព្រះរបស់សាសន៍អ៊ីស្រាអែល គេក៏មូលគ្នាមកឯខ្ញុំ ដោយព្រោះអំពើរំលងរបស់ពួកអ្នក ដែលមកពីឈ្លើយនោះ តែខ្ញុំស្លុតចិត្តអង្គុយនៅ ដរាបដល់ពេលដង្វាយល្ងាច។ នៅពេលថ្វាយដង្វាយល្ងាច នោះខ្ញុំបានក្រោកពីទុក្ខព្រួយនោះឡើង មានទាំងអាវក្នុង នឹងអាវក្រៅរហែក រួចខ្ញុំផ្តួលខ្លួនក្រាបចុះ លើកដៃប្រទូលទៅឯព្រះយេហូវ៉ា ជាព្រះនៃខ្ញុំទូលថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីខ្មាស ហើយក៏ក្រហមមុខ នឹងងើបមើលទៅទ្រង់ ជាព្រះនៃទូលបង្គំផង ពីព្រោះការទុច្ចរិតរបស់យើងខ្ញុំបានចំរើនជាច្រើនឡើង ដល់លិចក្បាលយើងខ្ញុំ ហើយទោសរបស់យើងខ្ញុំក៏កើនឡើង ដល់ផ្ទៃមេឃដែរ ចាប់តាំងពីគ្រាពួកឰយុកោយើងខ្ញុំ ដរាបមកដល់សព្វថ្ងៃនេះ យើងខ្ញុំមានទោសជាទំងន់ក្រៃពេក ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាយើងខ្ញុំ ព្រមទាំងពួកស្តេច នឹងពួកសង្ឃរបស់យើងខ្ញុំ បានត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកស្តេចស្រុកដទៃ ដល់ដាវ ដល់សណ្ឋានជាឈ្លើយ ដល់ការរឹបជាន់ ហើយដល់សេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ ហើយឥឡូវ នៅវេលា១ភ្លែតនេះ មានព្រះគុណសំដែងមកដល់យើងខ្ញុំ អំពីព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ឲ្យបានអ្នកខ្លះរួចចេញ ហើយឲ្យបានបង្គោល១នៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ប្រយោជន៍ឲ្យព្រះនៃយើងខ្ញុំបានបំភ្លឺភ្នែកយើងខ្ញុំ ហើយប្រោសឲ្យយើងខ្ញុំបានរស់ឡើងវិញបន្តិច នៅក្នុងការបំរើគេនេះ ដ្បិតយើងខ្ញុំជាបាវបំរើគេមែន តែព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ កំពុងដែលនៅបំរើគេនោះទេ គឺបានផ្តល់សេចក្ដីសប្បុរសមកយើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅភ្នែកនៃពួកស្តេចសាសន៍ពើស៊ីផង ដើម្បីនឹងតាំងព្រះវិហារនៃព្រះរបស់យើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែង នៅស្រុកយូដា នឹងក្រុងយេរូសាឡិមឡើងផង តែឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ដែលមានការយ៉ាងនេះ នោះតើយើងខ្ញុំនឹងថាដូចម្តេចទៅ ដ្បិតយើងខ្ញុំបានបោះបង់ចោលក្រិត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ចេញ ជាសេចក្ដីដែលទ្រង់បានបង្គាប់មក ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ថា ស្រុកដែលឯងរាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកស្មោកគ្រោក ដោយព្រោះការស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដែលនៅស្រុកនោះ ហើយដោយព្រោះការគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ឲ្យស្រុកនោះបានពេញ ដោយសេចក្ដីស្មោកគ្រោករបស់គេ ចាប់តាំងពីចុងម្ខាងដល់ចុងម្ខាង ដូច្នេះ កុំឲ្យឯងរាល់គ្នាលើកកូនស្រីរបស់ខ្លួន ឲ្យទៅកូនប្រុសរបស់គេឡើយ ក៏កុំឲ្យយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ឯង ឬរកសេចក្ដីសុខដល់គេ ឬឲ្យគេបានចំរើនឡើងដែរ ប្រយោជន៍ឲ្យឯងរាល់គ្នាមានកំឡាំង ហើយឲ្យបានចំអែត ដោយផលល្អរបស់ស្រុកនោះ ព្រមទាំងទុកជាមរដកដល់កូនចៅឯងរាល់គ្នាតរៀងទៅ ដូច្នេះ ក្រោយអស់ទាំងការដែលបានកើតដល់យើងខ្ញុំ ដោយព្រោះអំពើអាក្រក់ នឹងទោសរបស់យើងខ្ញុំ ដែលមានទំងន់ជាខ្លាំងម៉្លេះ ទោះបើទ្រង់ ឱព្រះនៃយើងខ្ញុំអើយ ទ្រង់មិនបានធ្វើទោសដល់យើងខ្ញុំ ឲ្យស្មើនឹងការទុច្ចរិតរបស់យើងខ្ញុំទេ ហើយបានទាំងប្រោស ឲ្យយើងខ្ញុំមានសំណល់រួចចេញដូច្នេះផង ឥឡូវនេះ តើយើងខ្ញុំនឹងវិលទៅ ប្រព្រឹត្តរំលងក្រិត្យក្រមរបស់ទ្រង់ទៀត ដោយភ្ជាប់ញាតិនឹងពួកសាសន៍នោះឯង ដែលប្រព្រឹត្តការគួរស្អប់ខ្ពើមទាំងនោះឬអី បើធ្វើដូច្នោះ តើទ្រង់មិនមានសេចក្ដីក្រោធដល់យើងខ្ញុំ ដរាបដល់ទ្រង់បានបំផ្លាញអស់រលីងទេឬអី ឥតឲ្យមានសំណល់សល់ ឬអ្នកណាឲ្យបានរួចឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់សុចរិត ដ្បិតយើងខ្ញុំមានតែសំណល់ ដែលបានរួចប៉ុណ្ណោះទេ ដូចជាសព្វថ្ងៃនេះ មើល យើងខ្ញុំនៅចំពោះទ្រង់ មានជាប់ទាំងទោសផង ដ្បិតក្នុងអំពើយ៉ាងនេះ គ្មានអ្នកណានឹងឈរ នៅចំពោះទ្រង់បានឡើយ។