អែសរ៉ា 7:12-20
អែសរ៉ា 7:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ផ្ញើជូនសង្ឃអែសរ៉ា ជាស្មៀនខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ ។ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត ឥឡូវនេះ យើងចេញបង្គាប់ថា ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឬពួកសង្ឃ និងពួកលេវី នៅក្នុងរាជាណាចក្ររបស់យើង គឺអស់អ្នកដែលមានបំណងចង់ត្រឡប់ទៅក្រុងយេរូសាឡិម នោះយើងអនុញ្ញាតឲ្យទៅជាមួយលោក។ ដ្បិតយើង ជាស្តេច និងទីប្រឹក្សារបស់ស្ដេចទាំងប្រាំពីរ បានចាត់លោកឲ្យទៅពិនិត្យមើលអំពីស្រុកយូដា និងក្រុងយេរូសាឡិម តាមក្រឹត្យវិន័យនៃព្រះរបស់លោក ដែលនៅក្នុងដៃរបស់លោក ហើយឲ្យនាំយកប្រាក់ និងមាសដែលយើង ជាស្តេច និងទីប្រឹក្សាទាំងប្រាំពីរ បានថ្វាយដោយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម ព្រមទាំងប្រាក់ និងមាសទាំងប៉ុន្មានដែលលោកនឹងរៃបាននៅក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ហើយព្រមទាំងតង្វាយដែលប្រជាជន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិម ទៅជាមួយផង។ ដូច្នេះ លោកត្រូវយកចិត្តទុកដាក់ខ្នះខ្នែង យកប្រាក់នេះទៅទិញគោ ចៀមឈ្មោល និងកូនចៀម ព្រមទាំងគ្រឿងតង្វាយម្សៅ និងតង្វាយច្រួច ហើយលោកត្រូវថ្វាយតង្វាយទាំងនោះនៅលើអាសនា ក្នុងព្រះដំណាក់នៃព្រះរបស់ពួកលោក ដែលនៅក្រុងយេរូសាឡិម។ ឯប្រាក់ និងមាសដែលនៅសល់ លោក និងបងប្អូនរបស់លោកអាចយកទៅប្រើការ តាមតែលោកយល់ឃើញថាល្អ តាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ ឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលគេបានប្រគល់ជូនលោក សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ចូរយកទៅប្រគល់នៅចំពោះព្រះនៃក្រុងយេរូសាឡិម។ ឯអ្វីៗផ្សេងទៀតដែលត្រូវការសម្រាប់ព្រះដំណាក់នៃព្រះរបស់លោក ដែលជាបន្ទុករបស់លោកត្រូវផ្គត់ផ្គង់ លោកអាចបើកពីឃ្លាំងរាជទ្រព្យ។
អែសរ៉ា 7:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«យើង អើថាស៊ើកសេស ជាព្រះមហាក្សត្រលើមហាក្សត្រទាំងអស់ ផ្ញើជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យរបស់ព្រះនៃស្ថានបរមសុខ យើងចេញបញ្ជាថា ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់យើង គឺប្រជាជន ក្រុមបូជាចារ្យ ក្រុមលេវី អស់អ្នកដែលមានបំណងត្រឡប់ទៅក្រុងយេរូសាឡឹម នោះយើងអនុញ្ញាតឲ្យគេចាកចេញទៅជាមួយលោក។ យើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ ចាត់លោកឲ្យទៅពិនិត្យមើល នៅក្រុងយេរូសាឡឹម និងស្រុកយូដា អំពីរបៀបដែលគេគោរពក្រឹត្យវិន័យនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នេះ។ យើងក៏ចាត់លោកឲ្យនាំយកមាសប្រាក់ ដែលយើង និងទីប្រឹក្សាទាំងប្រាំពីររូប សម្រេចថ្វាយចំពោះព្រះនៃជនជាតិអ៊ីស្រាអែល ដែលគង់នៅក្រុងយេរូសាឡឹម។ លោកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលលោករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតង្វាយដែលប្រជាជន និងបូជាចារ្យស្ម័គ្រចិត្តថ្វាយ សម្រាប់ព្រះដំណាក់នៃព្រះរបស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។ លោកត្រូវលៃលកយកប្រាក់ទាំងនោះ ទិញគោបា ចៀមឈ្មោល និងកូនចៀម ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរដែលត្រូវច្រួចជាមួយ។ លោកត្រូវថ្វាយតង្វាយទាំងនោះ នៅលើអាសនៈរបស់ព្រះដំណាក់នៃព្រះរបស់ពួកលោក នៅក្រុងយេរូសាឡឹម។ ប្រសិនបើមានមាសប្រាក់នៅសល់ លោក និងបងប្អូនរបស់លោក អាចយកទៅប្រើការតាមតែលោកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ ចំពោះគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ដែលគេបានប្រគល់ដល់លោកនោះ ចូរយកទៅដាក់ក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម។ ប្រសិនបើលោកត្រូវការចំណាយអ្វីផ្សេងទៀត សម្រាប់ព្រះវិហារនៃព្រះរបស់លោក ចូរបើកពីឃ្លាំងរាជទ្រព្យទៅចំណាយចុះ។
អែសរ៉ា 7:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចំឡងក្រិត្យវិន័យរបស់ព្រះនៃស្ថានសួគ៌៘ យើងចេញព្រះរាជឱង្ការថា ឯអស់អ្នកណាក្នុងពួកសាសន៍អ៊ីស្រាអែល ឬពួកសង្ឃ នឹងពួកលេវី នៅក្នុងនគរយើង ដែលចង់ទៅឯក្រុងយេរូសាឡិម ជាមួយនឹងអ្នក ដោយស្ម័គ្រពីចិត្ត នោះចូរឲ្យគេទៅចុះ ពីព្រោះស្តេច នឹងពួកសេនាបតីទាំង៧ បានចាត់អ្នកឲ្យទៅត្រួតត្រាមើល ក្នុងស្រុកយូដា នឹងក្រុងយេរូសាឡិម តាមក្រិត្យវិន័យរបស់ព្រះនៃអ្នក ជាច្បាប់ដែលនៅក្នុងកណ្តាប់ដៃអ្នក ហើយឲ្យនាំយកប្រាក់ នឹងមាសដែលយើង ជាស្តេច នឹងពួកសេនាបតីទាំង៧ បានថ្វាយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម ព្រមទាំងប្រាក់មាសទាំងប៉ុន្មានដែលអ្នកនឹងរៃបាន ពីគ្រប់ក្នុងខេត្តបាប៊ីឡូន ជាមួយនឹងបណ្ណាការដែលពួកជនទាំងអំបាលម៉ាន នឹងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិមទៅជាមួយផង ដូច្នេះ ត្រូវឲ្យអ្នកមានចិត្តខ្នះខ្នែង យកប្រាក់នោះទៅទិញគោ ចៀមឈ្មោល នឹងកូនចៀម ព្រមទាំងគ្រឿងដង្វាយម្សៅ នឹងដង្វាយច្រួចនោះផង នាំទៅថ្វាយនៅលើអាសនា ក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នា ដែលនៅក្រុងយេរូសាឡិមចុះ ឯប្រាក់ នឹងមាសដែលសល់នៅ នោះត្រូវឲ្យអ្នក នឹងពួកបងប្អូនអ្នក ប្រើការតាមតែគិតឃើញថាត្រឹមត្រូវ តាមព្រះហឫទ័យនៃព្រះរបស់អ្នករាល់គ្នាចុះ ហើយឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលបានឲ្យដល់អ្នក សំរាប់ការងារក្នុងព្រះវិហារនៃព្រះរបស់អ្នក នោះចូរអ្នកយកទៅប្រគល់ នៅចំពោះព្រះនៃក្រុងយេរូសាឡិមទៅ ហើយរបស់អ្វីផ្សេងទៀតដែលខ្វះខាតក្នុងព្រះវិហារនៃព្រះរបស់អ្នក ដែលអ្នកត្រូវការបញ្ចេញប្រាក់ទិញ នោះត្រូវបញ្ចេញយកពីឃ្លាំងហ្លួងចុះ