អែសរ៉ា 7:1-10
អែសរ៉ា 7:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយការទាំងនោះមក ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី នោះអែសរ៉ា កូនសេរ៉ាយ៉ា ដែលជាកូនអ័សារា អ័សារាជាកូនហ៊ីលគីយ៉ា ហ៊ីលគីយ៉ាជាកូនសាលូម សាលូមជាកូនសាដុក សាដុកជាកូនអ័ហ៊ីទូប អ័ហ៊ីទូបជាកូនអ័ម៉ារា អ័ម៉ារាជាកូនអ័សារា អ័សារាជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនសេរ៉ាហ៊ា សេរ៉ាហ៊ាជាកូនអ៊ូស៊ី អ៊ូស៊ីជាកូនប៊ូកគី ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។ លោកអែសរ៉ានេះ ឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រឹត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានឲ្យ ហើយដោយព្រោះព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃលោក បានសណ្ឋិតលើលោក ទើបស្ដេចប្រទានអ្វីៗទាំងអស់ដែលលោកសូម។ នៅឆ្នាំទីប្រាំពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកអ្នកបម្រើព្រះវិហារខ្លះ ក៏បានឡើងមកក្រុងយេរូសាឡិមដែរ។ លោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡិម នៅខែទីប្រាំ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្តេច។ លោកបានចេញពីក្រុងបាប៊ីឡូន នៅថ្ងៃមួយ ក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡិម នៅថ្ងៃទីមួយ ក្នុងខែទីមួយ ដ្បិតព្រះហស្តដ៏ល្អរបស់ព្រះនៃលោក បានសណ្ឋិតលើលោក។ លោកអែសរ៉ាបានតាំងចិត្តសិក្សាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយប្រព្រឹត្តតាម ព្រមទាំងបង្រៀនច្បាប់ និងបញ្ញត្តិក្នុងពួកអ៊ីស្រាអែល។
អែសរ៉ា 7:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមក ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្ស មានបូជាចារ្យមួយរូប ឈ្មោះអែសរ៉ា ជាកូនរបស់លោកសេរ៉ាយ៉ា ដែលត្រូវជាកូនរបស់លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា ជាកូនរបស់លោកសាលូម ជាកូនរបស់លោកសាដុក ជាកូនរបស់លោកអហ៊ីទូប ជាកូនរបស់លោកអម៉ារា ជាកូនរបស់លោកអសារា ជាកូនរបស់លោកមេរ៉ាយ៉ូត ជាកូនរបស់លោកសេរ៉ាហ៊ា ជាកូនរបស់លោកអ៊ូស៊ី ជាកូនរបស់លោកប៊ូកគី ជាកូនរបស់លោកអប៊ីសួរ ជាកូនរបស់លោកភីនេហាស ជាកូនរបស់អេឡាសារ ជាកូនរបស់មហាបូជាចារ្យអើរ៉ុន។ លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន លោកជាបណ្ឌិតខាងវិន័យ ហើយស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេយ៉ាងជ្រៅជ្រះ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ប្រទានឲ្យ។ ព្រះអម្ចាស់ ជាព្រះរបស់លោក បានដាក់ព្រះហស្ដលើលោកហេតុនេះហើយ ទើបព្រះរាជាប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់លោក។ នៅឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ប្រជាជនអ៊ីស្រាអែលមួយចំនួនព្រមទាំងក្រុមបូជាចារ្យ ក្រុមលេវី ក្រុមចម្រៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបម្រើព្រះវិហារ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។ នៅគ្រានោះ លោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡឹម នៅខែទីប្រាំ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស។ លោកកំណត់ពេលចេញដំណើរពីក្រុងបាប៊ីឡូន នៅថ្ងៃទីមួយ ក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡឹម នៅថ្ងៃទីមួយ ក្នុងខែទីប្រាំ ដ្បិតព្រះដ៏សប្បុរសរបស់លោកបានដាក់ព្រះហស្ដលើលោក។ លោកអែសរ៉ាខិតខំរៀនសូត្រ និងកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ព្រមទាំងបង្រៀនច្បាប់ និងវិន័យដល់ជនជាតិអ៊ីស្រាអែលទៀតផង។
អែសរ៉ា 7:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយការទាំងនោះមក ក្នុងរាជ្យអើថាស៊ើកសេស ជាស្តេចពើស៊ី នោះអែសរ៉ា កូនសេរ៉ាយ៉ា ដែលជាកូនអ័សារាៗ ជាកូនហ៊ីលគីយ៉ា ហ៊ីលគីយ៉ា ជាកូនសាលូម សាលូមជាកូនសាដុកៗ ជាកូនអ័ហ៊ីទូប អ័ហ៊ីទូប ជាកូនអ័ម៉ារាៗ ជាកូនអ័សារាៗ ជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូត ជាកូនសេរ៉ាហ៊ាៗ ជាកូនអ៊ូស៊ីៗ ជាកូនប៊ូកគី ប៊ូកគី ជាកូនអ័ប៊ីសួរៗ ជាកូនភីនេហាសៗ ជាកូនអេលាសារៗ ជាកូនអើរ៉ុនដ៏ជាសំដេចសង្ឃ អែសរ៉ានេះ លោកឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រិត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានមក ហើយដោយព្រោះព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃលោក បានសណ្ឋិតលើលោក បានជាស្តេចទ្រង់អនុញ្ញាតគ្រប់ទាំងសេចក្ដីដែលលោកសូម ក៏មានពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ នឹងពួកនេធីនិមខ្លះ ឡើងទៅឯក្រុងយេរូសាឡិម នៅឆ្នាំទី៧ក្នុងរាជ្យស្តេចអើថាស៊ើកសេសដែរ លោកបានមកដល់ក្រុងយេរូសាឡិម ក្នុងខែស្រាពណ៌នៅឆ្នាំទី៧ក្នុងរាជ្យស្តេចនោះ ដ្បិតលោកបានចេញពីក្រុងបាប៊ីឡូន នៅថ្ងៃ១ខែចេត្រ ក៏មកដល់ក្រុងយេរូសាឡិមនៅថ្ងៃទី១ ខែស្រាពណ៌ ដោយព្រះហស្តល្អរបស់ព្រះនៃលោក បានសណ្ឋិតលើលោក ពីព្រោះអែសរ៉ាបានតាំងចិត្តស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម ហើយបង្ហាត់បង្រៀនតាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌ក្នុងពួកអ៊ីស្រាអែល។