អែសរ៉ា 6:1-22
អែសរ៉ា 6:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះបាទដារីយុសបានចេញបញ្ជា ហើយគេក៏ស្រាវជ្រាវរកក្នុងមន្ទីរលិខិត ជាកន្លែងដែលតម្កល់ឯកសារនៅក្នុងក្រុងបាប៊ីឡូន។ គេរកឃើញក្រាំងមួយនៅក្នុងព្រះរាជដំណាក់ នៅក្រុងអាក់មេថា ជាក្រុងធំរបស់ខេត្តមេឌី។ ក្រាំងនោះមានចែងថា៖ «កំណត់ហេតុ នៅឆ្នាំទីមួយ ក្នុងរជ្ជកាលព្រះបាទស៊ីរូស ស្ដេចបានចេញរាជបញ្ជា អំពីដំណើរព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមថា ត្រូវសង់ព្រះដំណាក់នោះឡើងវិញ ជាកន្លែងដែលថ្វាយយញ្ញបូជា ត្រូវចាក់គ្រឹះនៅលើគ្រឹះចាស់ ឯព្រះដំណាក់នេះ ត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ ត្រូវរៀបថ្មធំៗបីជាន់ និងឈើមួយជាន់។ ឯប្រាក់ចំណាយ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ ចំណែកគ្រឿងប្រដាប់មាសប្រាក់នៃព្រះដំណាក់របស់ព្រះ ដែលព្រះបាទនេប៊ូក្នេសាបានយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិម មកក្រុងបាប៊ីឡូន ត្រូវប្រគល់ទៅវិញ យកទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិម ត្រូវដាក់ទាំងអស់នៅកន្លែងដើម នៅក្នុងព្រះដំណាក់របស់ព្រះ»។ «ដូច្នេះ លោកថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ លោកសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខាងនាយទន្លេ ត្រូវនៅឲ្យឆ្ងាយពីទីនោះទៅ ទុកឲ្យពួកសាសន៍យូដាសង់ព្រះដំណាក់របស់ព្រះនេះតែគ្នាគេចុះ ត្រូវឲ្យទេសាភិបាលរបស់សាសន៍យូដា និងពួកចាស់ទុំរបស់សាសន៍យូដា សង់ព្រះដំណាក់របស់ព្រះនេះ ត្រង់កន្លែងដើម។ ម្យ៉ាងទៀត យើងចេញបង្គាប់ស្ដីអំពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដាទាំងនេះ សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះ គឺត្រូវបើកពីឃ្លាំងរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសម្រាប់នឹងចំណាយ ឲ្យគ្រប់ចំនួនកុំបីអាក់ខានឡើយ។ ឯអ្វីៗដែលគេត្រូវការ ទោះជាគោស្ទាវ ចៀមឈ្មោល និងកូនចៀមសម្រាប់ជាតង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡិមត្រូវការ នោះត្រូវបើកឲ្យពួកគេជារៀងរាល់ថ្ងៃកុំខាន ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេច និងបុត្រារបស់ស្តេចមានព្រះជន្មយឺនយូរ។ យើងក៏ចេញបង្គាប់ផងដែរថា ប្រសិនបើអ្នកណាបំប្លែងសេចក្ដីបង្គាប់នេះ នោះត្រូវដោះធ្នឹមមួយពីផ្ទះរបស់អ្នកនោះ ហើយបញ្ឈរឡើង ដោតអ្នកនោះពីលើធ្នឹមនោះទៅ រួចត្រូវប្រើផ្ទះរបស់គេទុកជាកន្លែងបន្ទោបង់ ដោយព្រោះហេតុនេះឯង។ សូមឲ្យព្រះដែលបានតាំងព្រះនាមរបស់ព្រះអង្គនៅទីនេះ ទម្លាក់ស្តេច ឬប្រជាជនណាដែលលូកដៃទៅបំប្លែងសេចក្ដីបង្គាប់នេះ ឬបំផ្លាញព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិម។ យើង ដារីយុស បានចេញបង្គាប់ហើយ ដូច្នេះ ត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចដោយខ្នះខ្នែងបំផុត»។ ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងសហការី ក៏បានអនុវត្តតាមរាជបញ្ជារបស់ព្រះបាទដារីយុស ដោយខ្នះខ្នែងបំផុត។ ពួកចាស់ទុំនៃសាសន៍យូដាក៏សាងសង់ ហើយមានសេចក្ដីចម្រើន តាមទំនាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ដោយសារបញ្ជារបស់ព្រះនៃសាសន៍អ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីរូស ព្រះបាទដារីយុស និងព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី។ ព្រះដំណាក់នេះបានចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយុស។ ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី ព្រមទាំងពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយឯទៀត នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះនេះ ដោយអំណរ។ គេបានថ្វាយគោឈ្មោលមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមបួនរយក្បាល ជាតង្វាយឆ្លងព្រះដំណាក់របស់ព្រះ និងពពែដប់ពីរ តាមចំនួនកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ជាតង្វាយលោះបាបសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។ គេបានដាក់ពួកសង្ឃតាមផ្នែករបស់ពួកគេ និងពួកលេវីតាមផែ្នករបស់ពួកគេ សម្រាប់ធ្វើការងាររបស់ព្រះនៅក្រុងយេរូសាឡិម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយនោះ បានប្រារព្ធពិធីបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ ។ ដ្បិតពួកសង្ឃ និងពួកលេវី បានធ្វើពិធីសម្អាតខ្លួនឲ្យបានបរិសុទ្ធ ហើយគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ដូច្នេះ គេបានសម្លាប់ចៀមនៃពិធីបុណ្យរំលង សម្រាប់ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ សម្រាប់ពួកសង្ឃជាបងប្អូនរបស់គេ និងសម្រាប់ខ្លួនគេផ្ទាល់។ ប្រជាជនអ៊ីស្រាអែលដែលបានវិលត្រឡប់ពីការជាប់ជាឈ្លើយ និងអស់អ្នកដែលបានញែកខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃ ដែលរស់នៅក្នុងស្រុក ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាបរិភោគអាហារនៃពិធីបុណ្យរំលង។ គេប្រារព្ធពិធីបុណ្យនំបុ័ងឥតដំបែ អស់រយៈពេលប្រាំពីរថ្ងៃដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យពួកគេអរសប្បាយ ហើយបានបង្វែរព្រះហឫទ័យរបស់ស្តេចស្រុកអាសស៊ើរ មកឯពួកគេ ដើម្បីឲ្យស្ដេចជួយគាំទ្រពួកគេក្នុងការសង់ព្រះដំណាក់របស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។
អែសរ៉ា 6:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅដារីយូសបញ្ជាឲ្យគេស្រាវជ្រាវឯកសាររាជ្យទ្រព្យ ដែលគេរក្សាទុកក្នុងមន្ទីរតម្កល់ឯកសារនៅក្រុងបាប៊ីឡូន។ គេរកឃើញក្រាំងមួយនៅអាក់មេថា ជាក្រុងដែលមានកំពែងរឹងមាំនៃអាណាខេត្តមេឌី។ ក្នុងក្រាំងនោះមានចែងដូចតទៅ៖ «កំណត់ហេតុ: នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ស្ដេចបានចេញរាជបញ្ជាមួយស្ដីអំពីព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម។ ត្រូវសង់ព្រះដំណាក់ឡើងវិញនៅលើគ្រឹះចាស់ ទុកជាកន្លែងថ្វាយយញ្ញបូជា។ ព្រះដំណាក់នេះត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ។ គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ គ្រឿងបរិក្ខារអំពីមាស និងប្រាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលស្ដេចនេប៊ូក្នេសាបានរឹបអូសយកពីព្រះវិហារ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅព្រះវិហារនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់»។ ព្រះចៅដារីយូសផ្ញើរាជសារទៅលោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតមានសេចក្ដីដូចតទៅ៖ «សុំអស់លោកកុំរវីរវល់នឹងរឿងនេះឡើយ។ ទុកឲ្យជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញចុះ។ ត្រូវឲ្យទេសាភិបាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា សង់ព្រះដំណាក់ត្រង់កន្លែងដើម។ សុំអស់លោកជួយពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា ក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកឲ្យពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។ សុំអស់លោកផ្គត់ផ្គង់អ្វីៗដែលក្រុមបូជាចារ្យ នៅក្រុងយេរូសាឡឹមត្រូវការជារៀងរាល់ថ្ងៃ គឺគោបា ចៀមឈ្មោល និងកូនចៀម សម្រាប់ជាតង្វាយដុតទាំងមូល ថ្វាយចំពោះព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រមទាំងស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមសំណូមពររបស់ក្រុមបូជាចារ្យ កុំបីអាក់ខានឡើយ។ ធ្វើដូច្នេះ ពួកគេអាចថ្វាយតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយពួកគេទូលអង្វរ សូមឲ្យព្រះរាជា និងរាជបុត្រ មានជន្មាយុយឺនយូរ។ ប្រសិនបើនរណាម្នាក់មិនគោរពតាមសេចក្ដីដែលយើងបង្គាប់ទេ ត្រូវដកឈើពីផ្ទះរបស់អ្នកនោះ បញ្ឈរឡើងសម្រាប់ដោតគេ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោបង់ផង។ សូមឲ្យព្រះជាម្ចាស់ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្ដេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញព្រះដំណាក់របស់ព្រះអង្គ នៅក្រុងយេរូសាឡឹម។ យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។ លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួកសហការី នាំគ្នាអនុវត្តតាមរាជបញ្ជារបស់ព្រះចៅដារីយូសយ៉ាងហ្មត់ចត់បំផុត។ ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។ គេបានសង់ព្រះដំណាក់ចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយូស។ ជនជាតិអ៊ីស្រាអែល ក្រុមបូជាចារ្យ ក្រុមលេវី និងប្រជាជននៅសេសសល់ ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយអំណរ។ ក្នុងឱកាសពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកថ្វាយជាយញ្ញបូជារំដោះបាប សម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។ គេបានតែងតាំងក្រុមបូជាចារ្យតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារដែលពួកគេបំពេញថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារ-កកូនចៀមនៃពិធីបុណ្យចម្លង សម្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សម្រាប់ក្រុមបូជាចារ្យ ជាបងប្អូន និងសម្រាប់ខ្លួនឯងផ្ទាល់។ ជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យចម្លងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មង*របស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលវិញ។ ពួកគេធ្វើពិធីបុណ្យនំបុ័ងឥតមេនេះ អស់រយៈពេលប្រាំពីរថ្ងៃយ៉ាងសប្បាយ ដ្បិតព្រះអម្ចាស់ប្រទានឲ្យពួកគេបានពោរពេញដោយអំណរ គឺព្រះអង្គដូរព្រះហឫទ័យរបស់ព្រះចៅអធិរាជ ឲ្យមេត្តាចំពោះពួកគេ ដើម្បីលើកទឹកចិត្តពួកគេក្នុងការសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
អែសរ៉ា 6:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ស្តេចដារីយុសទ្រង់ចេញបង្គាប់ ហើយគេក៏ពិនិត្យរកក្នុងមន្ទីរលិខិត ជាកន្លែងដែលរក្សាទុកនូវព្រះរាជទ្រព្យក្នុងក្រុងបាប៊ីឡូន ហើយគេឃើញមានក្រាំង១ នៅក្នុងព្រះរាជដំណាក់ នៅក្រុងអាក់មេថា ជាក្រុងធំរបស់ខេត្តមេឌី មានសេចក្ដីកត់ទុកថា នៅឆ្នាំទី១ ក្នុងរាជស៊ីរូស នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ ពីដំណើរព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមថា ត្រូវឲ្យស្អាងព្រះវិហារឡើងវិញ គឺជាកន្លែងដែលសំរាប់ថ្វាយយញ្ញបូជា ត្រូវឲ្យដាក់ជើងជញ្ជាំងវិហារនោះឲ្យមាំមួន ឯកំពស់ព្រះវិហារ ត្រូវជា៦០ហត្ថ ទទឹង៦០ហត្ថដែរ ដោយថ្មយ៉ាងធំៗ៣ជាន់ នឹងឈើថ្មី១ជាន់ ឯប្រាក់ចំណាយ នោះត្រូវបើកមកពីឃ្លាំងហ្លួង ចំណែកគ្រឿងប្រដាប់មាសប្រាក់របស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកពីព្រះវិហារ នៅក្រុងយេរូសាឡិម នាំមកឯក្រុងបាប៊ីឡូន នោះត្រូវប្រគល់ទៅវិញ ឲ្យបានយកទៅដាក់នៅកន្លែងធម្មតា ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមចុះ ត្រូវដាក់ទាំងអស់ទៅក្នុងព្រះវិហារនៃព្រះ។ ដូច្នេះ ត្រូវឲ្យថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយនឹងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនគេដែលនៅខាងនាយទន្លេ ឃ្លាតឆ្ងាយពីទីនោះទៅ កុំឲ្យឃាត់ឃាំងការស្អាងព្រះវិហារនេះឡើយ ចូរទុកឲ្យចៅហ្វាយរបស់ពួកយូដា នឹងពួកចាស់ទុំរបស់គេ ស្អាងព្រះវិហារនេះនៅកន្លែងធម្មតានោះចុះ មួយទៀត យើងចេញបង្គាប់ ពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដានេះ សំរាប់នឹងជួយស្អាងព្រះវិហារនៃព្រះជាយ៉ាងណាដែរ គឺត្រូវបើកព្រះរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសំរាប់នឹងចំណាយ ដើម្បីកុំឲ្យមានសេចក្ដីអាក់ខានការនោះឡើយ ព្រមទាំងរបស់អ្វីដែលគេត្រូវការផង ទោះទាំងគោស្ទាវ ចៀមឈ្មោល នឹងកូនចៀមសំរាប់ជាដង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ នឹងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡិមនឹងប្រាប់មក នោះត្រូវបើកឲ្យគេរាល់តែថ្ងៃជាកុំខាន ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ទុកជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេច នឹងពួកព្រះរាជបុត្រាស្តេចបានព្រះជន្មចំរើន យើងក៏បានចេញបង្គាប់ថា បើអ្នកណាបំផ្លាស់បំប្រែប្រកាសនេះ នោះត្រូវដោះធ្នឹម១ ពីផ្ទះអ្នកនោះ បញ្ឈរឡើងចងកគេភ្ជាប់ទៅ រួចត្រូវប្រើផ្ទះគេទុកជាកន្លែងសំរាប់នឹងបន្ទោលាមក ដោយព្រោះហេតុនោះឯង ហើយសូមឲ្យព្រះដែលបានប្រោសប្រទាន ឲ្យព្រះនាមទ្រង់សណ្ឋិតនៅទីនេះ បានទំលាក់អស់ទាំងស្តេចណា នឹងសាសន៍ណាដែលលូកដៃទៅធ្វើខុសនឹងប្រកាសនេះ ដើម្បីនឹងបំផ្លាញព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមនេះចេញផង យើង ដារីយុសបានចេញប្រកាសហើយ ដូច្នេះ ត្រូវឲ្យសំរេចសព្វគ្រប់តាមដោយខ្នះខ្នែងចុះ។ ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ នឹងសេថារ-បូសណាយ ព្រមទាំងពួកគូកន គេក៏ធ្វើដោយខ្នះខ្នែង តាមសេចក្ដីដែលស្តេចដារីយុសបានផ្ញើមកគ្រប់ជំពូក យ៉ាងនោះ ពួកចាស់ទុំនៃសាសន៍យូដាក៏ស្អាងឡើង ដោយមានសេចក្ដីចំរើន ដោយនូវការទាយរបស់ហោរាហាកាយ នឹងសាការី ជាកូនអ៊ីដោ គេបានស្អាងឡើង ដរាបដល់ហើយ តាមបង្គាប់ផងព្រះនៃសាសន៍អ៊ីស្រាអែល ហើយតាមព្រះឱង្ការនៃស៊ីរូស ដារីយុស នឹងអើថាស៊ើកសេស ជាស្តេចពើស៊ីផង នៅថ្ងៃទី៣ ខែផល្គុណ ក្នុងឆ្នាំទី៦នៃរាជ្យស្តេចដារីយុស នោះព្រះវិហារបានស្អាងឡើងរួចជាស្រេច។ គ្រានោះ ពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ នឹងពួកលេវី ព្រមទាំងពួកអ្នកដែលត្រូវនាំទៅជាឈ្លើយឯទៀត ក៏នាំគ្នាធ្វើបុណ្យឆ្លងព្រះវិហារនេះដោយអំណរ គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ នឹងកូនចៀម៤០០ ជាដង្វាយឆ្លងព្រះវិហារ ហើយនឹងពពែ១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សំរាប់ជាដង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់ គេក៏តាំងពួកសង្ឃឡើង តាមផ្នែកពួកគេ ហើយពួកលេវីតាមវេន សំរាប់ធ្វើការងារនៃព្រះនៅក្រុងយេរូសាឡិម ដូចជាបានកត់ទុកក្នុងគម្ពីរលោកម៉ូសេហើយ។ ឯពួកអ្នកដែលត្រូវនាំទៅជាឈ្លើយនោះ គេក៏ធ្វើបុណ្យរំលងនៅថ្ងៃ១៤ខែចេត្រដែរ ដ្បិតពួកសង្ឃ នឹងពួកលេវីបានសំអាតខ្លួនទាំងអស់គ្នារួចជាស្រេច គេសុទ្ធតែបានបរិសុទ្ធហើយ ដូច្នេះ គេបានសំឡាប់ចៀមសំរាប់ធ្វើបុណ្យរំលង ឲ្យពួកអ្នកដែលបាននាំទៅជាឈ្លើយទាំងប៉ុន្មាន ព្រមទាំងឲ្យពួកសង្ឃ ជាបងប្អូនគេ នឹងខ្លួនគេផង រួចពួកកូនចៅអ៊ីស្រាអែល ដែលបានចេញពីសណ្ឋានជាឈ្លើយមកវិញ នឹងអស់អ្នកដែលបានញែកខ្លួនចេញពីសេចក្ដីស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដើម្បីនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គេក៏បរិភោគបុណ្យនោះ គេធ្វើបុណ្យនំបុ័ងឥតដំបែអស់៧ថ្ងៃ ដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យរីករាយសប្បាយ ដោយបំបែរព្រះទ័យស្តេចស្រុកអាសស៊ើរ មកកាន់ខាងគេ ដើម្បីនឹងចំរើនកំឡាំងដៃគេ ក្នុងការរបស់ព្រះវិហារនៃព្រះដ៏ជាព្រះនៃសាសន៍អ៊ីស្រាអែល។