អែសរ៉ា 6:1-13
អែសរ៉ា 6:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះបាទដារីយុសបានចេញបញ្ជា ហើយគេក៏ស្រាវជ្រាវរកក្នុងមន្ទីរលិខិត ជាកន្លែងដែលតម្កល់ឯកសារនៅក្នុងក្រុងបាប៊ីឡូន។ គេរកឃើញក្រាំងមួយនៅក្នុងព្រះរាជដំណាក់ នៅក្រុងអាក់មេថា ជាក្រុងធំរបស់ខេត្តមេឌី។ ក្រាំងនោះមានចែងថា៖ «កំណត់ហេតុ នៅឆ្នាំទីមួយ ក្នុងរជ្ជកាលព្រះបាទស៊ីរូស ស្ដេចបានចេញរាជបញ្ជា អំពីដំណើរព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមថា ត្រូវសង់ព្រះដំណាក់នោះឡើងវិញ ជាកន្លែងដែលថ្វាយយញ្ញបូជា ត្រូវចាក់គ្រឹះនៅលើគ្រឹះចាស់ ឯព្រះដំណាក់នេះ ត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ ត្រូវរៀបថ្មធំៗបីជាន់ និងឈើមួយជាន់។ ឯប្រាក់ចំណាយ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ ចំណែកគ្រឿងប្រដាប់មាសប្រាក់នៃព្រះដំណាក់របស់ព្រះ ដែលព្រះបាទនេប៊ូក្នេសាបានយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិម មកក្រុងបាប៊ីឡូន ត្រូវប្រគល់ទៅវិញ យកទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិម ត្រូវដាក់ទាំងអស់នៅកន្លែងដើម នៅក្នុងព្រះដំណាក់របស់ព្រះ»។ «ដូច្នេះ លោកថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ លោកសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខាងនាយទន្លេ ត្រូវនៅឲ្យឆ្ងាយពីទីនោះទៅ ទុកឲ្យពួកសាសន៍យូដាសង់ព្រះដំណាក់របស់ព្រះនេះតែគ្នាគេចុះ ត្រូវឲ្យទេសាភិបាលរបស់សាសន៍យូដា និងពួកចាស់ទុំរបស់សាសន៍យូដា សង់ព្រះដំណាក់របស់ព្រះនេះ ត្រង់កន្លែងដើម។ ម្យ៉ាងទៀត យើងចេញបង្គាប់ស្ដីអំពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដាទាំងនេះ សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះ គឺត្រូវបើកពីឃ្លាំងរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសម្រាប់នឹងចំណាយ ឲ្យគ្រប់ចំនួនកុំបីអាក់ខានឡើយ។ ឯអ្វីៗដែលគេត្រូវការ ទោះជាគោស្ទាវ ចៀមឈ្មោល និងកូនចៀមសម្រាប់ជាតង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡិមត្រូវការ នោះត្រូវបើកឲ្យពួកគេជារៀងរាល់ថ្ងៃកុំខាន ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេច និងបុត្រារបស់ស្តេចមានព្រះជន្មយឺនយូរ។ យើងក៏ចេញបង្គាប់ផងដែរថា ប្រសិនបើអ្នកណាបំប្លែងសេចក្ដីបង្គាប់នេះ នោះត្រូវដោះធ្នឹមមួយពីផ្ទះរបស់អ្នកនោះ ហើយបញ្ឈរឡើង ដោតអ្នកនោះពីលើធ្នឹមនោះទៅ រួចត្រូវប្រើផ្ទះរបស់គេទុកជាកន្លែងបន្ទោបង់ ដោយព្រោះហេតុនេះឯង។ សូមឲ្យព្រះដែលបានតាំងព្រះនាមរបស់ព្រះអង្គនៅទីនេះ ទម្លាក់ស្តេច ឬប្រជាជនណាដែលលូកដៃទៅបំប្លែងសេចក្ដីបង្គាប់នេះ ឬបំផ្លាញព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិម។ យើង ដារីយុស បានចេញបង្គាប់ហើយ ដូច្នេះ ត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចដោយខ្នះខ្នែងបំផុត»។ ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងសហការី ក៏បានអនុវត្តតាមរាជបញ្ជារបស់ព្រះបាទដារីយុស ដោយខ្នះខ្នែងបំផុត។
អែសរ៉ា 6:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅដារីយូសបញ្ជាឲ្យគេស្រាវជ្រាវឯកសាររាជ្យទ្រព្យ ដែលគេរក្សាទុកក្នុងមន្ទីរតម្កល់ឯកសារនៅក្រុងបាប៊ីឡូន។ គេរកឃើញក្រាំងមួយនៅអាក់មេថា ជាក្រុងដែលមានកំពែងរឹងមាំនៃអាណាខេត្តមេឌី។ ក្នុងក្រាំងនោះមានចែងដូចតទៅ៖ «កំណត់ហេតុ: នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ស្ដេចបានចេញរាជបញ្ជាមួយស្ដីអំពីព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម។ ត្រូវសង់ព្រះដំណាក់ឡើងវិញនៅលើគ្រឹះចាស់ ទុកជាកន្លែងថ្វាយយញ្ញបូជា។ ព្រះដំណាក់នេះត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ។ គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ គ្រឿងបរិក្ខារអំពីមាស និងប្រាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលស្ដេចនេប៊ូក្នេសាបានរឹបអូសយកពីព្រះវិហារ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅព្រះវិហារនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់»។ ព្រះចៅដារីយូសផ្ញើរាជសារទៅលោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតមានសេចក្ដីដូចតទៅ៖ «សុំអស់លោកកុំរវីរវល់នឹងរឿងនេះឡើយ។ ទុកឲ្យជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញចុះ។ ត្រូវឲ្យទេសាភិបាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា សង់ព្រះដំណាក់ត្រង់កន្លែងដើម។ សុំអស់លោកជួយពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា ក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកឲ្យពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។ សុំអស់លោកផ្គត់ផ្គង់អ្វីៗដែលក្រុមបូជាចារ្យ នៅក្រុងយេរូសាឡឹមត្រូវការជារៀងរាល់ថ្ងៃ គឺគោបា ចៀមឈ្មោល និងកូនចៀម សម្រាប់ជាតង្វាយដុតទាំងមូល ថ្វាយចំពោះព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រមទាំងស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមសំណូមពររបស់ក្រុមបូជាចារ្យ កុំបីអាក់ខានឡើយ។ ធ្វើដូច្នេះ ពួកគេអាចថ្វាយតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយពួកគេទូលអង្វរ សូមឲ្យព្រះរាជា និងរាជបុត្រ មានជន្មាយុយឺនយូរ។ ប្រសិនបើនរណាម្នាក់មិនគោរពតាមសេចក្ដីដែលយើងបង្គាប់ទេ ត្រូវដកឈើពីផ្ទះរបស់អ្នកនោះ បញ្ឈរឡើងសម្រាប់ដោតគេ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោបង់ផង។ សូមឲ្យព្រះជាម្ចាស់ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្ដេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញព្រះដំណាក់របស់ព្រះអង្គ នៅក្រុងយេរូសាឡឹម។ យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។ លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួកសហការី នាំគ្នាអនុវត្តតាមរាជបញ្ជារបស់ព្រះចៅដារីយូសយ៉ាងហ្មត់ចត់បំផុត។
អែសរ៉ា 6:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ស្តេចដារីយុសទ្រង់ចេញបង្គាប់ ហើយគេក៏ពិនិត្យរកក្នុងមន្ទីរលិខិត ជាកន្លែងដែលរក្សាទុកនូវព្រះរាជទ្រព្យក្នុងក្រុងបាប៊ីឡូន ហើយគេឃើញមានក្រាំង១ នៅក្នុងព្រះរាជដំណាក់ នៅក្រុងអាក់មេថា ជាក្រុងធំរបស់ខេត្តមេឌី មានសេចក្ដីកត់ទុកថា នៅឆ្នាំទី១ ក្នុងរាជស៊ីរូស នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ ពីដំណើរព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមថា ត្រូវឲ្យស្អាងព្រះវិហារឡើងវិញ គឺជាកន្លែងដែលសំរាប់ថ្វាយយញ្ញបូជា ត្រូវឲ្យដាក់ជើងជញ្ជាំងវិហារនោះឲ្យមាំមួន ឯកំពស់ព្រះវិហារ ត្រូវជា៦០ហត្ថ ទទឹង៦០ហត្ថដែរ ដោយថ្មយ៉ាងធំៗ៣ជាន់ នឹងឈើថ្មី១ជាន់ ឯប្រាក់ចំណាយ នោះត្រូវបើកមកពីឃ្លាំងហ្លួង ចំណែកគ្រឿងប្រដាប់មាសប្រាក់របស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកពីព្រះវិហារ នៅក្រុងយេរូសាឡិម នាំមកឯក្រុងបាប៊ីឡូន នោះត្រូវប្រគល់ទៅវិញ ឲ្យបានយកទៅដាក់នៅកន្លែងធម្មតា ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមចុះ ត្រូវដាក់ទាំងអស់ទៅក្នុងព្រះវិហារនៃព្រះ។ ដូច្នេះ ត្រូវឲ្យថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយនឹងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនគេដែលនៅខាងនាយទន្លេ ឃ្លាតឆ្ងាយពីទីនោះទៅ កុំឲ្យឃាត់ឃាំងការស្អាងព្រះវិហារនេះឡើយ ចូរទុកឲ្យចៅហ្វាយរបស់ពួកយូដា នឹងពួកចាស់ទុំរបស់គេ ស្អាងព្រះវិហារនេះនៅកន្លែងធម្មតានោះចុះ មួយទៀត យើងចេញបង្គាប់ ពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដានេះ សំរាប់នឹងជួយស្អាងព្រះវិហារនៃព្រះជាយ៉ាងណាដែរ គឺត្រូវបើកព្រះរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសំរាប់នឹងចំណាយ ដើម្បីកុំឲ្យមានសេចក្ដីអាក់ខានការនោះឡើយ ព្រមទាំងរបស់អ្វីដែលគេត្រូវការផង ទោះទាំងគោស្ទាវ ចៀមឈ្មោល នឹងកូនចៀមសំរាប់ជាដង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ នឹងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡិមនឹងប្រាប់មក នោះត្រូវបើកឲ្យគេរាល់តែថ្ងៃជាកុំខាន ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ទុកជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេច នឹងពួកព្រះរាជបុត្រាស្តេចបានព្រះជន្មចំរើន យើងក៏បានចេញបង្គាប់ថា បើអ្នកណាបំផ្លាស់បំប្រែប្រកាសនេះ នោះត្រូវដោះធ្នឹម១ ពីផ្ទះអ្នកនោះ បញ្ឈរឡើងចងកគេភ្ជាប់ទៅ រួចត្រូវប្រើផ្ទះគេទុកជាកន្លែងសំរាប់នឹងបន្ទោលាមក ដោយព្រោះហេតុនោះឯង ហើយសូមឲ្យព្រះដែលបានប្រោសប្រទាន ឲ្យព្រះនាមទ្រង់សណ្ឋិតនៅទីនេះ បានទំលាក់អស់ទាំងស្តេចណា នឹងសាសន៍ណាដែលលូកដៃទៅធ្វើខុសនឹងប្រកាសនេះ ដើម្បីនឹងបំផ្លាញព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមនេះចេញផង យើង ដារីយុសបានចេញប្រកាសហើយ ដូច្នេះ ត្រូវឲ្យសំរេចសព្វគ្រប់តាមដោយខ្នះខ្នែងចុះ។ ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ នឹងសេថារ-បូសណាយ ព្រមទាំងពួកគូកន គេក៏ធ្វើដោយខ្នះខ្នែង តាមសេចក្ដីដែលស្តេចដារីយុសបានផ្ញើមកគ្រប់ជំពូក