អែសរ៉ា 4:6-24
អែសរ៉ា 4:6-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងរជ្ជកាលព្រះបាទអ័ហាស៊ូរុស កាលទ្រង់ចាប់ផ្ដើមសោយរាជ្យ អ្នកស្រុកនោះបានសរសេរសំបុត្រមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់ពួកអ្នកស្រុកយូដា និងពួកអ្នកក្រុងយេរូសាឡិម។ នៅក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេឯទៀតៗ ក៏បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ីដែរ។ សំបុត្រនោះសរសេរជាភាសាអារ៉ាម ហើយមានបកប្រែ ។ រេហ៊ូមដែលជាមេបញ្ជាការ និងស៊ីមសាយដែលជាស្មៀន បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ពោលទាស់អំពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា៖ «រេហ៊ូម ជាមេបញ្ជាការ ស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗរបស់ខ្លួន ពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ ព្រមទាំងសាសន៍ឯទៀត ដែលព្រះបាទអ័ស្នាផារ ជាស្ដេចដ៏ឧត្តុង្គឧត្តម បានកៀរឲ្យមករស់នៅក្នុងក្រុងនានានៃស្រុកសាម៉ារី និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ ៘» នេះជាសំណៅនៃសំបុត្រដែលពួកគេបានផ្ញើ៖ «សូមទូលថ្វាយព្រះបាទអើថាស៊ើកសេស ទូលបង្គំយើងខ្ញុំ ជាប្រជាជននៅខាងនាយទន្លេ ៘ សូមទូលថ្វាយព្រះករុណាជ្រាបថា ពួកសាសន៍យូដា ដែលបានឡើងចេញពីនគររបស់ព្រះករុណា មកឯយើងខ្ញុំ គេបានទៅឯក្រុងយេរូសាឡិម។ ពួកគេកំពុងតែសាងសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ។ ពួកគេបានសង់កំផែងរួចស្រេចហើយ ហើយឥឡូវនេះ កំពុងតែជួសជុលគ្រឹះទៀតផង។ ដូច្នេះ សូមព្រះករុណាជ្រាបថា ប្រសិនបើគេសង់ក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះគេនឹងលែងបង់ពន្ធដារ សួយសារអាករ ឬពន្ធផ្លូវ ហើយព្រះករុណានឹងខាតបង់រាជទ្រព្យមិនខាន។ ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនក្រោមព្រះគុណរបស់ព្រះករុណា យើងខ្ញុំមិនគួរគប្បីនឹងព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ហេតុនេះហើយបានជាយើងខ្ញុំផ្ញើសំបុត្រនេះ មកទូលថ្វាយព្រះករុណា ដើម្បីឲ្យគេស្រាវជ្រាវរកក្នុងសៀវភៅកំណត់ត្រានៃអយ្យកោរបស់ព្រះករុណា យ៉ាងនោះ ព្រះករុណានឹងឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះ ជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់ខេត្តនានា ហើយថា កាលពីចាស់បុរាណ គេតែងតែបង្កឲ្យមានចលាចលជានិច្ច។ ហេតុនេះហើយបានជាទីក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។ យើងខ្ញុំសូមទូលព្រះករុណាឲ្យបានជ្រាបថា ប្រសិនបើគេសង់ទីក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះព្រះករុណានឹងលែងមានទឹកដីនៅខាងនាយទន្លេទៀតមិនខាន»។ ស្ដេចក៏ផ្ញើរាជសារតបវិញថា៖ «ជូនចំពោះលោកមេបញ្ជាការរេហ៊ូម និងលោកស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗដែលនៅស្រុកសាម៉ារី និងកន្លែងឯទៀតៗនៃខេត្តខាងនាយទន្លេ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត។ ចំណែកឯសំបុត្រដែលអស់លោកបានផ្ញើមកយើង នោះគេបានបកប្រែ ហើយអាននៅមុខយើងហើយ។ យើងក៏បានបញ្ជាឲ្យគេពិនិត្យស្រាវជ្រាវ ហើយឃើញថា តាំងពីចាស់បុរាណមក ទីក្រុងនោះបានលើកគ្នាឡើងទាស់នឹងពួកស្តេច ក៏បង្កើតការបះបោរ និងបង្កឲ្យមានចលាចលមែន ហើយក៏មានស្តេចខ្លាំងពូកែ ដែលបានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអាណាខេត្តទាំងមូលខាងនាយទន្លេ មនុស្សក៏បានបង់ពន្ធដារ សួយអាករ និងពន្ធផ្លូវថ្វាយស្តេចទាំងនោះទៀតផង។ ដូច្នេះ ចូរអស់លោកចេញបញ្ជាឲ្យមនុស្សទាំងនោះបញ្ឈប់កិច្ចការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងវិញឡើយ រហូតទាល់តែមានបញ្ជាចេញពីយើង។ ចូរប្រយ័ត្ន មិនត្រូវធ្វេសប្រហែសនឹងកិច្ចការនេះឡើយ។ តើត្រូវឲ្យមានការខូចខាតរីកធំឡើង នាំឲ្យខាតបង់ដល់ស្តេចឬ?» កាលគេបានអានរាជសាររបស់ព្រះបាទអើថាស៊ើកសេស នៅមុខរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងសហការីរបស់គេរួចហើយ គេក៏ប្រញាប់ប្រញាល់ទៅជួបពួកសាសន៍យូដា នៅក្រុងយេរូសាឡិម ហើយបង្ខំឲ្យគេបញ្ឈប់ការសាងសង់ ដោយកម្លាំង និងអំណាច។ ដូច្នេះ កិច្ចការសាងសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិម ក៏ត្រូវបានផ្អាក ហើយកិច្ចការនោះផ្អាករហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះបាទដារីយុស ជាស្តេចស្រុកពើស៊ី។
អែសរ៉ា 4:6-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅដើមរជ្ជកាលព្រះចៅអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ នៅរជ្ជកាលព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។ លោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសស្ដីអំពីក្រុងយេរូសាឡឹម។ សារនោះមានសេចក្ដីដូចតទៅ៖ «ទូលបង្គំយើងខ្ញុំ រេហ៊ូម ជាទេសាភិបាល និងស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៃតំបន់ឌីណា អផារសាថាក់ ថើផែល អផារ៉ាស អើកាវេ បាប៊ីឡូន ស៊ូសាន ដេហាវេ អេឡាំ និងប្រជាជនឯទៀតៗដែលព្រះបាទអស្នាផារ ជាស្ដេចដ៏ប្រសើរឧត្ដម បានកៀរឲ្យមករស់នៅក្នុងក្រុងសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។» សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើថ្វាយព្រះចៅអើថាស៊ើកសេស មានដូចតទៅ៖ «ទូលបង្គំយើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។ សូមព្រះករុណាជ្រាបថា ជនជាតិយូដាដែលត្រឡប់ពីនគររបស់ព្រះករុណា មកដល់ក្រុងយេរូសាឡឹម ក្នុងចំណោមយើងខ្ញុំ កំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះបោរនេះឡើងវិញ។ ពួកគេជួសជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។ សូមព្រះករុណាជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ធ្វើឲ្យព្រះករុណាខាតបង់រាជទ្រព្យមិនខាន។ ដោយយើងខ្ញុំជ្រកក្រោមម្លប់បារមីរបស់ព្រះករុណា យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ដូច្នេះ ទើបយើងខ្ញុំផ្ញើដំណឹងទាំងនេះមកថ្វាយព្រះករុណា។ សូមព្រះករុណាឲ្យគេស្រាវជ្រាវក្នុងឯកសារ ដែលអយ្យកោរបស់ព្រះករុណាចងក្រងទុក នោះព្រះរាជានឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះបោរជានិច្ច ព្រមទាំងបង្កឲ្យមានវិបត្តិដល់ព្រះមហាក្សត្រ និងទេសាភិបាលនានា។ តាំងពីដើមរៀងមក ប្រជាជននៅក្រុងនេះតែងតែបង្កឲ្យមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។ ទូលបង្គំយើងខ្ញុំសូមទូលព្រះករុណាឲ្យបានជ្រាប ថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង នោះព្រះករុណានឹងបាត់បង់ទឹកដី នៅប៉ែកខាងលិចទន្លេអឺប្រាតជាមិនខាន»។ ព្រះរាជាផ្ញើសារតបវិញដូចតទៅ៖ «ជូនចំពោះលោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៅស្រុកសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត សូមជ្រាប។ សារដែលអស់លោកផ្ញើមកយើងនោះ គេបានបកប្រែ និងអានឲ្យយើងស្ដាប់សព្វគ្រប់ហើយ។ យើងបញ្ជាឲ្យគេស្រាវជ្រាវ ហើយឃើញថា តាំងពីដើមរៀងមក អ្នកក្រុងយេរូសាឡឹមតែងតែបង្កចលនាបះបោរ និងឃុបឃិតគ្នាប្រឆាំងនឹងស្ដេចជានិច្ច។ កាលពីដើម នៅក្រុងយេរូសាឡឹមនេះ មានស្ដេចខ្លាំងពូកែ គ្រប់គ្រងតំបន់ខាងលិចទន្លេអឺប្រាតទាំងមូល ព្រមទាំងហូតពន្ធដារសួយសារអាករ និងពន្ធផ្លូវទៀតផង។ ឥឡូវនេះ ចូរអស់លោកបញ្ជាឲ្យពួកគេបញ្ឈប់កិច្ចការរបស់ខ្លួនទៅ។ ដរាបណាគ្មានបញ្ជាពីយើងទេ គេមិនត្រូវសង់ក្រុងនោះឡើងវិញជាដាច់ខាត។ សូមយកចិត្តទុកដាក់នឹងកិច្ចការនេះឲ្យបានដិតដល់ ក្រែងលោផលអាក្រក់កាន់តែរីកធំឡើង នាំឲ្យខាតបង់រាជទ្រព្យ»។ កាលគេអានរាជសាររបស់ព្រះចៅអើថាស៊ើកសេសឲ្យលោករេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូប ស្ដាប់ហើយ អ្នកទាំងនោះក៏ប្រញាប់ប្រញាល់នាំគ្នាទៅក្រុងយេរូសាឡឹម ហើយប្រើកម្លាំងបង្ខំឲ្យជនជាតិយូដាបញ្ឈប់ការសាងសង់ជាបន្ទាន់។ ជនជាតិយូដាផ្អាកការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម រហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ជាស្ដេចស្រុកពែរ្ស។
អែសរ៉ា 4:6-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនឹងពួកនៅក្រុងយេរូសាឡិម។ រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល នឹងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្ដីកត់ទុកជាអក្សរតាមភាសាអារ៉ាម គឺចាងហ្វាងរេហ៊ូម នឹងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា រេហ៊ូម ជាចាងហ្វាង នឹងស៊ីមសាយជាស្មៀន ហើយពួកយើងខ្ញុំឯទៀត គឺជាពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ នឹងពួកអេឡាំ ព្រមទាំងសាសន៍ឯទៀត ដែលអ័ស្នាផារ ដ៏ជាធំឧត្តុង្គឧត្តម លោកបាននាំមក ឲ្យអាស្រ័យនៅក្នុងទីក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន នឹងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ។ល។ នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំ ជាពួកអ្នកនៅខាងនាយទន្លេ៘ យើងខ្ញុំសូមក្រាបថ្វាយបង្គំចូលមកព្រះករុណា សូមទ្រង់ជ្រាបថា ពួកសាសន៍យូដា ដែលបានចេញពីទ្រង់ឡើងមកឯយើងខ្ញុំ នៅក្រុងយេរូសាឡិម គេកំពុងតែសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ គេបានធ្វើកំផែងស្រេចហើយ ឥឡូវនេះ កំពុងតែរៀបចំជើងជញ្ជាំងទៀត ដូច្នេះ សូមព្រះករុណាទ្រង់ជ្រាបថា បើទីក្រុងនេះបានសង់ឡើងស្រេចហើយ កំផែងក៏បានលើកឡើងផង នោះគេនឹងលែងបង់សួយអាករ ពន្ធខ្លួន នឹងពន្ធគយទៅ ហើយដល់ទីបំផុត នឹងបង្កើតខូចខាតដល់ពួកស្តេចផង ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនដោយព្រះគុណទ្រង់ ហើយមិនគប្បីឲ្យយើងខ្ញុំព្រងើយបណ្តោយឲ្យគេបង្អាប់ដល់ព្រះកិត្តិយសរបស់ព្រះករុណាឡើយ បានជាយើងខ្ញុំផ្ញើសំបុត្រនេះមក ទូលដល់ព្រះករុណាថ្វាយទ្រង់ជ្រាបផង ដើម្បីឲ្យមានគេពិនិត្យរកក្នុងសៀវភៅ ជាពង្សាវតារនៃពួកវង្សានុវង្សរបស់ទ្រង់ យ៉ាងនោះ ទ្រង់នឹងទតឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច នឹងដល់អាណាខេត្តផង ហើយថា កាលពីចាស់បូរាណ គេចេះតែបង្កើតការក្បត់ គឺដោយហេតុនោះបានជាទីក្រុងនោះ ត្រូវបំផ្លាញចេញទៅ យើងខ្ញុំសូមទូលបញ្ជាក់ដល់ព្រះករុណាថ្វាយទ្រង់ជ្រាបថា បើគេសង់ទីក្រុងនោះឡើងវិញ ហើយបានលើកកំផែងឡើងជាស្រេច នោះនឹងធ្វើឲ្យព្រះករុណាលែងមានចំណែកណា នៅខាងនាយទន្លេទៀតហើយ។ ស្តេចទ្រង់ក៏ធ្វើព្រះរាជសាសន៍ តបទៅចាងហ្វាងរេហ៊ូម នឹងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេដែលនៅស្រុកសាម៉ារី នឹងស្រុកឯទៀត នៅខាងនាយទន្លេថា សូមឲ្យបានប្រកបដោយសេចក្ដីសុខចុះ៘ ឯសំបុត្រដែលអ្នករាល់គ្នាបានផ្ញើទៅយើង នោះបានអានមើលប្រែសេចក្ដីយ៉ាងច្បាស់ នៅមុខយើងហើយ យើងក៏បានបង្គាប់ឲ្យគេពិនិត្យរក នោះឃើញថា កាលពីចាស់បូរាណ ទីក្រុងនោះបានលើកគ្នាឡើង ទាស់នឹងពួកស្តេច ក៏បង្កើតការបះបោរនឹងការកម្បត់មែន ហើយមានស្តេចដែលមានឫទ្ធិយ៉ាងសន្ធឹក បានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអស់ទាំងស្រុកនៅខាងនាយទន្លេ មនុស្សក៏បានបង់សួយអាករ ពន្ធខ្លួន នឹងពន្ធគយថ្វាយស្តេចទាំងនោះដែរ ដូច្នេះ ចូរអ្នករាល់គ្នាចេញបញ្ញត្ត ឲ្យមនុស្សទាំងនោះឈប់ការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងឡើយ ដរាបដល់មានបង្គាប់ចេញពីយើងមកទៀត ហើយត្រូវប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វេសប្រហែសចំពោះការនោះដែរ នឹងឲ្យមានការខូចខាតកើតឡើងដល់ពួកស្តេចធ្វើអី។ កាលគេបានអានមើលព្រះរាជសាសន៍របស់ស្តេចអើថាស៊ើកសេស នៅមុខរេហ៊ូម នឹងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេស្រេចហើយ ស្រាប់តែគេទៅឯពួកសាសន៍យូដា នៅក្រុងយេរូសាឡិមជាប្រញាប់ ក៏បង្ខំឲ្យគេឈប់ ដោយកំឡាំងនឹងអំណាច ដូច្នេះ គេលែងស្អាងព្រះវិហារនៃព្រះដែលនៅក្រុងយេរូសាឡិមទៅ ហើយការនោះក៏ខានធ្វើដរាបដល់ឆ្នាំទី២ក្នុងរាជ្យដារីយុស ជាស្តេចពើស៊ី។