អែសរ៉ា 4:1-5
អែសរ៉ា 4:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលខ្មាំងសត្រូវរបស់ពួកយូដា និងពួកបេនយ៉ាមីនឮថា ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ កំពុងសង់ព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គេក៏ចូលមកជួបសូរ៉ូបាបិល និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយជម្រាបថា៖ «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏ថ្វាយបង្គំព្រះរបស់អស់លោក ដូចជាអស់លោកដែរ យើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងតែពីគ្រាដែលព្រះបាទអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះមកម្ល៉េះ»។ ប៉ុន្ដែ សូរ៉ូបាបិល យេសួរ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ក្នុងសាសន៍អ៊ីស្រាអែលឯទៀតៗ ឆ្លើយទៅអ្នកទាំងនោះថា៖ «ការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើង មិនមែនជាធុរៈរបស់អស់លោកទេ គឺសម្រាប់តែគ្នាយើងប៉ុណ្ណោះ ដែលនឹងធ្វើការនេះថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដូចព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី បានបង្គាប់ដល់ពួកយើង»។ ដូច្នេះ ប្រជាជននៅស្រុកនោះនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ហើយបំភ័យគេមិនឲ្យសាងសង់ គេសូកប៉ាន់ពួកទីប្រឹក្សា ដើម្បីរាំងរាគម្រោងការរបស់ពួកយូដា តាំងពីរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្ដេចស្រុកពើស៊ី។
អែសរ៉ា 4:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលបច្ចាមិត្តរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនឮថា ពួកឈ្លើយដែលត្រឡប់មកវិញ នាំគ្នាសង់ព្រះវិហារថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើព្រះជាម្ចាស់ ជាព្រះរបស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងពីជំនាន់ដែលព្រះចៅអេសារ-ហាដោន ជាស្ដេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។ ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដូចព្រះចៅស៊ីរូស ជាស្ដេចស្រុកអាស្ស៊ីរី បានបញ្ជាដល់ពួកយើង»។ ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។ អ្នកស្រុកទាំងនោះបានសូកប៉ាន់ពួកទីប្រឹក្សារបស់ស្ដេច ឲ្យរារាំងគម្រោងការរបស់ជនជាតិយូដា តាំងពីរជ្ជកាលព្រះចៅស៊ីរូស រហូតដល់រជ្ជកាលព្រះចៅដារីយុស ជាស្ដេចស្រុកពែរ្ស។
អែសរ៉ា 4:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកខ្មាំងសត្រូវរបស់ពួកយូដា នឹងបេនយ៉ាមីនកាលឮថា ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ គេកំពុងតែស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលដូច្នោះ នោះគេក៏ចូលមកឯសូរ៉ូបាបិល នឹងពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកឰយុកោ និយាយថា សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះនៃអ្នករាល់គ្នា ដូចជាអ្នករាល់គ្នាដែរ យើងរាល់គ្នាបានថ្វាយយញ្ញបូជាដល់ទ្រង់ តាំងពីគ្រាដែលអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះ តែសូរ៉ូបាបិល នឹងយេសួរ ហើយពួកអ្នកឯទៀត ដែលជាកំពូលលើវង្សនៃពួកឰយុកោនៃសាសន៍អ៊ីស្រាអែល ក៏ឆ្លើយថា ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ ដូច្នេះ ពួកអ្នកស្រុកនោះក៏ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ គេជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ នៅអស់រវាងព្រះជន្មស៊ីរូស ជាស្តេចពើស៊ី ដរាបដល់ដារីយុស បានគ្រងរាជ្យឡើងនៅស្រុកពើស៊ី