អែសរ៉ា 3:7-13

អែសរ៉ា 3:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ គេ​ឲ្យ​ប្រាក់​ទៅ​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ហើយ​ឲ្យ​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​ទៅ​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​គេ​នាំ​ឈើ​តា‌ត្រៅ​ពី​ភ្នំ​ល្បា​ណូន មក​ឯ​ក្រុង​យ៉ុប‌ប៉េ តាម​ផ្លូវ​សមុទ្រ តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេចស្រុក​ពើស៊ី។ នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែទី​ពីរ ក្រោយពី​ពួក​គេ​បាន​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូ‌សាដាក ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​បង​ប្អូន​ឯ​ទៀតៗ​របស់​គេ ព្រម​ទាំង​អស់​អ្នក​ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម បាន​នាំគ្នា​ចាប់​ផ្ដើម​ធ្វើ​ការ។ គេ​បាន​តែង​តាំង​ពួក​លេវី ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ច‌ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ ឯ​យេសួរ រួម​ទាំង​ពួក​កូន និង​បង​ប្អូន​របស់​លោក កាឌ‌មាល និង​ពួក​កូន​របស់​លោក ដែល​ជា​ពូជ​ពង្ស​យូដា ព្រម​ទាំង​ពួក​កូន​របស់​ហេ‌ណាដាឌ និង​ពួក​លេវី ជា​កូន​ចៅ និង​ជា​បង​ប្អូន​របស់​គេដែរ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​ពួក​ជាង ដែល​សាង​សង់​ព្រះ​ដំណាក់របស់​ព្រះ។ នៅ​ពេល​ពួក​ជាង​បាន​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​សង្ឃដែល​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ជា​សង្ឃ បាន​ចេញ​មក​ទាំង​កាន់​ត្រែ ហើយ​ពួក​លេវី ជា​កូន​ចៅ​របស់​អេសាភ កាន់​ឈិង ដើម្បី​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា តាម​ការ​ណែនាំ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល។ គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា ដោយ​ពាក្យ​សរសើរ​តម្កើង និង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ចំពោះ​អ៊ីស្រា‌អែល»។ ប្រជា‌ជនទាំង​អស់​ក៏​ស្រែក​ឡើង ដោយ​សម្រែក​យ៉ាង​ខ្លាំង នៅ​ពេល​គេ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ព្រោះគេបាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ ប៉ុន្ដែ មាន​ពួក​សង្ឃ​ជា​ច្រើន ព្រម​ទាំង​ពួក​លេវី និង​ពួក​អ្នក​ជា​កំពូល​លើ​វង្សរបស់​ឪពុក ជា​មនុស្ស​ចាស់​ៗ​ដែល​បាន​ឃើញ​ព្រះ‌ដំណាក់​ជំនាន់​មុន នាំ​គ្នា​យំ​ជា​ខ្លាំង នៅ​ពេល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​នេះ តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​ស្រែក​ហ៊ោ​ដោយ​អរ​សប្បាយ​ដែរ ហេតុ​នេះ​ហើយ​បាន​ជាប្រជា‌ជន​មិន​អាច​ដឹង​ថា សំឡេង​ណា​ដែល​អរ​សប្បាយ និង​សំឡេង​ណា​ដែល​ជា​សំឡេង​របស់​អ្នក​ដែល​យំ​បាន​ឡើយ ព្រោះ​ប្រជា‌ជន​ស្រែក​យ៉ាង​ខ្លាំង ហើយ​សម្រែក​នោះ​ក៏​ឮ​ទៅ​ឆ្ងាយ។

ចែក​រំលែក
អាន អែសរ៉ា 3

អែសរ៉ា 3:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។ នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល លោក​យេសួរ ជា​កូន​លោក​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ​ជា​បងប្អូន​របស់​លោក ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​យេសួរ និង​កូន ព្រម​ទាំង​បងប្អូន​របស់​លោក គឺ​មាន​លោក​កាឌ‌មាល និង​កូន​របស់​លោក ដែល​មក​ពី​អំបូរ​យូដា កូន​ចៅ​របស់​លោក​ហេណា‌ដាដ ព្រម​ទាំង​កូន និង​ក្រុម​លេវី​ឯ​ទៀតៗ​ដែល​ជា​បងប្អូន​របស់​ពួក​គេ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​អស់​អ្នក​ដែល​សាង​សង់​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់។ នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ គេ​សុំ​ឲ្យ​អស់​លោក​បូជា‌ចារ្យ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​បង្គាប់​ទុក។ ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជានិច្ច!»។ ប្រជា‌ជន​ទាំង​មូល​ក៏​ស្រែក​ជយ‌ឃោស សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ មាន​បូជា‌ចារ្យ​ជា​ច្រើន ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ព្រះ‌ដំណាក់​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជា‌ជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។

ចែក​រំលែក
អាន អែសរ៉ា 3

អែសរ៉ា 3:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ជួល​ពួក​ជាង​ថ្ម នឹង​ពួក​ជាង​ឈើ ក៏​ឲ្យ​ស្បៀង​អាហារ នឹង​គ្រឿង​ផឹក ហើយ​ប្រេង​ដល់​ពួក​ក្រុង​ស៊ីដូន នឹង​ពួក​ក្រុង​ទីរ៉ុស ឲ្យ​គេ​ទៅ​នាំ​ឈើ​តាត្រៅ​ពី​ភ្នំ​ល្បាណូន មក​ឯ​ក្រុង​យ៉ុបប៉េ​តាម​ផ្លូវ​សមុទ្រ ដូច​ជា​ស៊ីរូស ជា​ស្តេច​ពើស៊ី បាន​ប្រោស​អនុញ្ញាត​ឲ្យ។ នៅ​ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ តាំង​ពី​គេ​មក​ដល់​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសា‌ដាក ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី ជា​បង​ប្អូន​គេ​ឯ​ទៀត ហើយ​អស់​ពួក​អ្នក ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ចាប់​តាំង​ធ្វើ​ការ​ឡើង ក៏​ដំរូវ​ឲ្យ​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ បាន​ចាត់‌ចែង​ការ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​យេសួរ នឹង​ពួក​កូន​ចៅ ហើយ​បង​ប្អូន​លោក កាឌមាល នឹង​កូន​ចៅ​លោក ដែល​ជា​ពួក​យូដា នឹង​ពួក​កូន​របស់​ហេណា‌ដាឌ ព្រម​ទាំង​កូន​ចៅ​គេ នឹង​ពួក​លេវី ជា​បង​ប្អូន​គេ​ផង ក៏​ប្រឹង‌ប្រែង​ត្រួត​មើល​ពួក​ជាង ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។ កាល​ពួក​ជាង​កំពុង​តែ​ដាក់​ជើង​ជញ្ជាំង របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នោះ​គេ​ចាត់​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​ប្រដាប់​សង្ឃ ហើយ​កាន់​ត្រែ ព្រម​ទាំង​ពួក​លេវី ជា​កូន​ចៅ​អេសាភ ឲ្យ​កាន់​ឈឹង ដើម្បី​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​របៀប​របស់​ដាវីឌ ជា​ស្តេច​អ៊ីស្រាអែល គេ​ក៏​ច្រៀង​ឆ្លើយ​គ្នា ដោយ​ពាក្យ​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា​គុណ សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់‌កល្ប‌ជានិច្ច ដល់​ពួក​អ៊ីស្រាអែល រួច​បណ្តាជន​ក៏​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ក្នុង​កាល​ដែល​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ ដោយ​ព្រោះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ដាក់​ស្រេច​ហើយ តែ​មាន​គ្នា​ច្រើន ក្នុង​ពួក​សង្ឃ ពួក​លេវី នឹង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​នៃ​ពួក​ឰយុកោ ជា​មនុស្ស​ចាស់​ដែល​ឃើញ​ព្រះ‌វិហារ​មុន គេ​ក៏​យំ​ជា​ខ្លាំង ក្នុង​កាល​ដែល​ឃើញ​ដាក់​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នេះ ក៏​មាន​គ្នា​ជា​ច្រើន​បាន​ស្រែក​ហ៊ោ​ដោយ​សេចក្ដី​រីក‌រាយ​ដែរ ដល់​ម៉្លេះ​បាន​ជា​បណ្តាជន​រក​ស្គាល់​សូរ​សំឡេង​ណា​ដែល​អរ​សប្បាយ នឹង​សូរ​សំឡេង​របស់​អ្នក​ដែល​យំ នោះ​មិន​បាន​ទេ ពី​ព្រោះ​គេ​ស្រែក​ជា​យ៉ាង​ខ្លាំង ហើយ​សូរ​សំរែក​នោះ ក៏​ឮ​ទៅ​ឆ្ងាយ​ផង។

ចែក​រំលែក
អាន អែសរ៉ា 3