អែសរ៉ា 3:10-13
អែសរ៉ា 3:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលពួកជាងបានចាក់គ្រឹះព្រះវិហាររបស់ព្រះយេហូវ៉ា ពួកសង្ឃដែលប្រដាប់ដោយសម្លៀកបំពាក់ជាសង្ឃ បានចេញមកទាំងកាន់ត្រែ ហើយពួកលេវី ជាកូនចៅរបស់អេសាភ កាន់ឈិង ដើម្បីសរសើរតម្កើងព្រះយេហូវ៉ា តាមការណែនាំរបស់ព្រះបាទដាវីឌ ជាស្តេចអ៊ីស្រាអែល។ គេច្រៀងឆ្លើយឆ្លងគ្នា ដោយពាក្យសរសើរតម្កើង និងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ចំពោះអ៊ីស្រាអែល»។ ប្រជាជនទាំងអស់ក៏ស្រែកឡើង ដោយសម្រែកយ៉ាងខ្លាំង នៅពេលគេសរសើរតម្កើងព្រះយេហូវ៉ា ព្រោះគេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា។ ប៉ុន្ដែ មានពួកសង្ឃជាច្រើន ព្រមទាំងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ជាមនុស្សចាស់ៗដែលបានឃើញព្រះដំណាក់ជំនាន់មុន នាំគ្នាយំជាខ្លាំង នៅពេលឃើញគេចាក់គ្រឹះព្រះដំណាក់នេះ តែក៏មានមនុស្សជាច្រើនស្រែកហ៊ោដោយអរសប្បាយដែរ ហេតុនេះហើយបានជាប្រជាជនមិនអាចដឹងថា សំឡេងណាដែលអរសប្បាយ និងសំឡេងណាដែលជាសំឡេងរបស់អ្នកដែលយំបានឡើយ ព្រោះប្រជាជនស្រែកយ៉ាងខ្លាំង ហើយសម្រែកនោះក៏ឮទៅឆ្ងាយ។
អែសរ៉ា 3:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលពួកជាងចាក់គ្រឹះព្រះវិហាររបស់ព្រះអម្ចាស់ គេសុំឲ្យអស់លោកបូជាចារ្យដែលស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ នាំគ្នាមក ទាំងកាន់ត្រែ ហើយក្រុមលេវីដែលជាកូនចៅរបស់លោកអេសាភ កាន់ឈិង សម្រាប់ប្រគំភ្លេងសរសើរតម្កើងព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលបានបង្គាប់ទុក។ ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះជនជាតិអ៊ីស្រាអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!»។ ប្រជាជនទាំងមូលក៏ស្រែកជយឃោស សរសើរតម្កើងព្រះអម្ចាស់យ៉ាងកងរំពង ព្រោះគេចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។ មានបូជាចារ្យជាច្រើន ព្រមទាំងក្រុមលេវី និងមេក្រុមគ្រួសារដែលមានវ័យចាស់ៗ ហើយធ្លាប់ឃើញព្រះដំណាក់ពីជំនាន់មុន នាំគ្នាយំសោកយ៉ាងខ្លាំង នៅពេលដែលឃើញគេចាក់គ្រឹះព្រះដំណាក់ថ្មីនេះ។ ប៉ុន្តែ មនុស្សជាច្រើននាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ។ ហេតុនេះហើយបានជាប្រជាជនពុំអាចដឹងថា សំឡេងណាជាសំឡេងហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ ហើយសំឡេងណាជាសំឡេងយំសោកឡើយ ព្រោះប្រជាជនទាំងអស់ស្រែកយ៉ាងរំពង លាន់ឮទៅឆ្ងាយ។
អែសរ៉ា 3:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកជាងកំពុងតែដាក់ជើងជញ្ជាំង របស់ព្រះវិហារនៃព្រះយេហូវ៉ាចុះ នោះគេចាត់ពួកសង្ឃ ឲ្យស្លៀកពាក់ប្រដាប់សង្ឃ ហើយកាន់ត្រែ ព្រមទាំងពួកលេវី ជាកូនចៅអេសាភ ឲ្យកាន់ឈឹង ដើម្បីសរសើរដល់ព្រះយេហូវ៉ា តាមរបៀបរបស់ដាវីឌ ជាស្តេចអ៊ីស្រាអែល គេក៏ច្រៀងឆ្លើយគ្នា ដោយពាក្យសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ដល់ពួកអ៊ីស្រាអែល រួចបណ្តាជនក៏ស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ាយ៉ាងនោះ ដោយព្រោះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា បានដាក់ស្រេចហើយ តែមានគ្នាច្រើន ក្នុងពួកសង្ឃ ពួកលេវី នឹងពួកអ្នកជាកំពូលលើវង្សនៃពួកឰយុកោ ជាមនុស្សចាស់ដែលឃើញព្រះវិហារមុន គេក៏យំជាខ្លាំង ក្នុងកាលដែលឃើញដាក់ជើងជញ្ជាំងព្រះវិហារនេះ ក៏មានគ្នាជាច្រើនបានស្រែកហ៊ោដោយសេចក្ដីរីករាយដែរ ដល់ម៉្លេះបានជាបណ្តាជនរកស្គាល់សូរសំឡេងណាដែលអរសប្បាយ នឹងសូរសំឡេងរបស់អ្នកដែលយំ នោះមិនបានទេ ពីព្រោះគេស្រែកជាយ៉ាងខ្លាំង ហើយសូរសំរែកនោះ ក៏ឮទៅឆ្ងាយផង។