អែសរ៉ា 2:64-70
អែសរ៉ា 2:64-70 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រុមជំនុំទាំងមូលមានចំនួន ៤២ ៣៦០ នាក់ មិនរាប់អ្នកបម្រើប្រុសស្រីរបស់គេដែលមាន ៧ ៣៣៧ នាក់ទៀតទេ ហើយក្នុងចំណោមគេមានពួកអ្នកចម្រៀងប្រុសស្រី ២០០ នាក់។ សេះរបស់គេមាន ៧៣៦ ក្បាល លាកាត់មាន ២៤៥ ក្បាល សត្វអូដ្ឋមាន ៤៣៥ ក្បាល និងលាមាន ៦ ៧២០ ក្បាល។ ពេលគេមកដល់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម មានពួកមេដឹកនាំក្រុមគ្រួសារ បានថ្វាយតង្វាយស្ម័គ្រពីចិត្ត សម្រាប់សាងសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ។ គេថ្វាយជាមាសប្រាំមួយម៉ឺនមួយពាន់ដារីក ប្រាក់ប្រាំពាន់ម៉ានេ និងសម្លៀកបំពាក់ពួកសង្ឃមួយរយសម្រាប់ ដាក់ក្នុងឃ្លាំងសម្រាប់ការងារនោះ តាមសមត្ថភាពរបស់ខ្លួន។ ពួកសង្ឃ ពួកលេវី ប្រជាជនមួយចំនួន ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកអ្នកបម្រើព្រះវិហារ បានរស់នៅតាមទីក្រុងរបស់គេរៀងៗខ្លួន ហើយពួកអ៊ីស្រាអែលឯទៀតៗក៏បានរស់នៅក្នុងទីក្រុងរបស់គេរៀងៗខ្លួនដែរ។
អែសរ៉ា 2:64-70 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០នាក់ ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចម្រៀងប្រុសស្រី ២០០នាក់។ មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល អូដ្ឋ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។ ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ ពួកគេថ្វាយសម្រាប់ការសង់ព្រះវិហារ តាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់បូជាចារ្យចំនួនមួយរយសាមសិបសម្រាប់។ ក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជន ក្រុមចម្រៀង ក្រុមយាមទ្វារ ក្រុមអ្នកបម្រើព្រះវិហារ និងជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។
អែសរ៉ា 2:64-70 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកជំនុំទាំងអស់ រួមគ្នាមាន៤ម៉ឺន២ពាន់៣៦០នាក់ ឥតរាប់ពួកបាវប្រុសស្រីរបស់គេ ដែលមាន៧៣៣៧នាក់ទៀតឡើង ហើយក្នុងពួកគេក៏មានពួកចំរៀងប្រុសស្រី២០០នាក់ដែរ ឯសេះរបស់គេ មាន៧៣៦ លាកាត់ មាន២៤៥ សត្វអូដ្ឋ មាន៤៣៥ នឹងលា មាន៦៧២០។ ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមហើយ នោះគេក៏ថ្វាយដង្វាយស្ម័គ្រពីចិត្ត សំរាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ គឺគេថ្វាយមាស៦ម៉ឺន១ពាន់ដារីក ប្រាក់៥ពាន់ម៉ានេ នឹងសំលៀកបំពាក់ពួកសង្ឃ១០០សំរាប់ ដាក់ក្នុងឃ្លាំងសំរាប់ការនោះ តាមកំឡាំងរៀងខ្លួន ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកជនខ្លះ ពួកចំរៀង ពួកឆ្មាំទ្វារ នឹងពួកនេធីនិម ក៏បាននៅក្នុងទីក្រុងខ្លួន ហើយពួកអ៊ីស្រាអែលទាំងអស់បាននៅក្នុងទីក្រុងរបស់ខ្លួនដែរ។