អែសរ៉ា 1:5-11

អែសរ៉ា 1:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​ក្នុង​ពួក​យូដា និង​ពួក​បេនយ៉ាមីន ពួក​សង្ឃ និង​ពួក​លេវី គឺ​អស់​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ចិត្ត ឲ្យ​ឡើង​ទៅ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់​ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស ទ្រព្យ​សម្បត្តិ​ផ្សេងៗ សត្វ និង​វត្ថុ​មាន​តម្លៃ​ឯទៀតៗ ក្រៅ​ពី​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ឯ​ព្រះ‌បាទ​ស៊ីរូស​ក៏​បាន​បញ្ចេញ​គ្រឿង​ប្រដាប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ក្រុង​យេរូ‌សាឡិម មក​ដាក់​នៅ​ព្រះ​វិហារ​របស់​ព្រះ​នៃ​ទ្រង់​នោះ ប្រគល់​មក​វិញ​ផង​ដែរ។ ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ទ្រង់​បញ្ជា​ឲ្យ​មីត្រា‌ដាត ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ​ទ្រព្យ យក​គ្រឿង​ទាំង​នោះ​ចេញ​មក​រាប់​ប្រគល់​ជូន​លោក​សេស‌បាសារ ជា​មេ​ដឹក​នាំ​របស់​ពួក​យូដា។ ឯ​ចំនួន​នៃ​របស់​ទាំង​នោះ​មាន ថាស​មាស​សាម​សិប ថាស​ប្រាក់​មួយ​ពាន់ កាំបិត ម្ភៃ​ប្រាំ​បួន ពែង​មាស​សាម​សិប ពែង​ប្រាក់​ថ្នាក់​ទី​ពីរ​បួន​រយ​ដប់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​មួយ​ពាន់។ សរុប​គ្រឿង​ប្រដាប់​ដែល​ធ្វើ​ពី​មាស និង​ប្រាក់​ទាំង​អស់ មាន​ចំនួន​ប្រាំ​ពាន់​បួន​រយ។ លោក​សេស‌បាសារ​ក៏​នាំ​យក​គ្រឿង​ទាំង​នោះ​ឡើង​មក នៅ​ពេល​នាំ​ពួក​ជាប់​ជា​ឈ្លើយ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ឡើង​ទៅ​កាន់​ក្រុង​យេរូ‌សាឡិម។

ចែក​រំលែក
អាន អែសរ៉ា 1

អែសរ៉ា 1:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀបចំ​ខ្លួន​ទៅ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។ អ្នក​ជិត​ខាង​របស់​ពួក​គេ​យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ​សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​តង្វាយ​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។ គ្រឿង​បរិក្ខារ​ផ្សេងៗ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​រឹប​អូស​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន​នោះ ព្រះចៅ​ស៊ីរូស​ប្រគល់​មក​វិញ។ ព្រះចៅ​ស៊ីរូស​បញ្ជា​ឲ្យ​លោក​មីត្រា‌ដាត ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ យក​របស់​ទាំង​នោះ​ប្រគល់​ជូន​លោក​សេស‌បាសារ ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា។ គ្រឿង​បរិក្ខារ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ចាន​មាស​ចំនួន​សាម‌សិប ចាន​ប្រាក់​ចំនួន​មួយ​ពាន់ កាំបិត​ចំនួន​ម្ភៃ​ប្រាំ​បួន ពែង​មាស​ចំនួន​សាម‌សិប ពែង​ប្រាក់​គុណ‌ភាព​លេខ​ពីរ​ចំនួន​បួន​រយ​ដប់ និង​វត្ថុ​ផ្សេងៗ​ទៀត​ចំនួន​មួយ​ពាន់។ សរុប​ទាំង​អស់​វត្ថុ​ធ្វើ​ពី​មាស និង​ប្រាក់ មាន​ចំនួន​ប្រាំ​ពាន់​បួន​រយ។ លោក​សេស‌បាសារ​បាន​នាំ​វត្ថុ​ទាំង​នោះ​ទៅ​ជា​មួយ នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជាប់​ជា​ឈ្លើយ ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

ចែក​រំលែក
អាន អែសរ៉ា 1

អែសរ៉ា 1:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ពួក​យូដា នឹង​ពួក​បេន‌យ៉ាមីន ហើយ​ពួក​សង្ឃ នឹង​ពួក​លេវី គឺ​អស់​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត ឲ្យ​ឡើង​ទៅ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​នោះ គេ​ក៏​រៀបចំ​ឡើង ហើយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់ ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស នឹង​វត្ថុ​ឯ​ទៀត ព្រម​ទាំង​សត្វ នឹង​របស់​មាន​ដំឡៃ​ផ្សេងៗ ក្រៅ​ពី​ដង្វាយ​ទាំង​ប៉ុន្មាន ដែល​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ឯ​ស្តេច​ស៊ីរូស ទ្រង់​ក៏​បញ្ចេញ​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នេប៊ូ‌ក្នេសា​បាន​នាំ​យក​ពី​ក្រុង​យេរូ‌សាឡិម មក​ដាក់​ទុក​នៅ​កន្លែង​សំរាប់​ព្រះ​នៃ​ទ្រង់ ក្នុង​ព្រះ‌រាជ‌ដំណាក់ គឺ​ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​បាន​បង្គាប់​ឲ្យ​មីត្រា‌ដាត ជា​មេ​ព្រះ​ឃ្លាំង យក​គ្រឿង​ទាំង​នោះ​ចេញ​មក​រាប់​ប្រគល់​ដល់​សេស‌បាសារ ជា​ចៅហ្វាយ​នៃ​ពួក​យូដា ឯ​ចំនួន​នៃ​របស់​ទាំង​នោះ គឺ​ជា​ថាស​មាស​៣០ ថាស​ប្រាក់​១​ពាន់ កាំបិត​២៩ ពែង​មាស​៣០ ពែង​ប្រាក់​ថ្នាក់​ទី​២​មាន​៤១០ នឹង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​មួយ​ពាន់ រួម​គ្រឿង​ប្រដាប់​ទាំង​មាស​ប្រាក់​ទាំង​អស់ មាន​ចំនួន​៥​ពាន់​៤០០ ហើយ​សេស‌បាសារ​ក៏​នាំ​យក​គ្រឿង​ទាំង​នោះ​ឡើង​មក ក្នុង​កាល​ដែល​នាំ​ពួក​ឈ្លើយ ត្រឡប់​ពី​ក្រុង​បាប៊ីឡូន ឡើង​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

ចែក​រំលែក
អាន អែសរ៉ា 1